ដោយ: គង់ លាងហួរ
សិង្ហបុរី: ផ្សារហ៊ុននៅតំបន់អាស៊ីបានហក់ឡើងថ្លៃ ហើយតម្លៃមាសបានហក់ឡើងជុំវិញកម្រិតខ្ពស់បំផុតរបស់ខ្លួន ខណៈប្រាក់ដុល្លារធ្លាក់ថ្លៃ នៅថ្ងៃសុក្រនេះ ខណៈដែលក្រុមអ្នកវិនិយោគនៅតែភ័យព្រួយចំពោះវិស័យធនាគាររបស់សហរដ្ឋអាមេរិក។
សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកដ៏ទូលំទូលាយបំផុតរបស់ MSCI នៅខាងក្រៅប្រទេសជប៉ុនហក់ឡើង០,៤៤ភាគរយ ហើយវាកំពុងស្ថិតក្នុងដំណើរឆ្ពោះទៅរកការធ្លាក់ចុះរយៈពេលពីរសប្តាហ៍របស់ខ្លួន។ ចំណែក ផ្សារហ៊ុនជប៉ុននៅតែបិទការជួញដូរសម្រាប់ថ្ងៃឈប់សម្រាក ខណៈដែលសន្ទស្សន៍ S&P/ASX 200 របស់អូស្ត្រាលីបានដាំក្បាលចុះ០,០៦ភាគរយ។
ផ្សារហ៊ុន Wall Street បានធ្លាក់ថ្លៃកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានចំណាត់ការរបស់ក្រុមហ៊ុន PacWest Bancorp ដែលមានមូលដ្ឋាននៅទីក្រុង Los Angeles ក្នុងការស្វែងរកជម្រើសយុទ្ធសាស្រ្ត ដែលបានធ្វើឱ្យមានការភ័យខ្លាចយ៉ាងខ្លាំងអំពីសុខភាពរបស់ធនាគារអាមេរិក ខណៈដែលសម្ពាធកំពុងកើនឡើងលើនិយតករឱ្យចាត់វិធានការបន្ថែមទៀតដើម្បីពង្រឹងវិស័យធនាគាររបស់ប្រទេសនេះ។
ភាគហ៊ុនរបស់ធនាគារក្នុងតំបន់របស់សហរដ្ឋអាមេរិកបានធ្លាក់ថ្លៃនៅក្នុងសប្តាហ៍នេះ បន្ទាប់ពីការដួលរលំនៃធនាគារ First Republic Bank កាលពីចុងសប្តាហ៍ បាននាំមកនូវការភ័យខ្លាចនៃវិបត្តិផ្នែកហិរញ្ញវត្ថុត្រឡប់មកវិញ។ធនាគារកណ្តាលអាមេរិកកាលពីថ្ងៃពុធបានដំឡើងអត្រាការប្រាក់ចំនួន២៥ចំណុចមូលដ្ឋាន ប៉ុន្តែធនាគារនេះបានផ្តល់នូវសញ្ញាថា វដ្តនៃការដំឡើងអត្រាការប្រាក់របស់ខ្លួនអាចនឹងបញ្ចប់ហើយ៕