ប្រទេសគួតគីតែងតាំងទីប្រឹក្សាពាណិជ្ជកម្មដំបូងប្រចាំកម្ពុជា ដើម្បីជម្រុញពាណិជ្ជកម្ម និងការវិនិយោគ

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា និងទីប្រឹក្សាពាណិជ្ជកម្មដំបូងនៃស្ថានទូតតួកគីប្រចាំកម្ពុជា។

ជំនួ​បនេះធ្វើឡើងរវាងលោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួបលោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគីប្រចាំកម្ពុជា អមដោយលោកស្រី Zöre AKŞAHİN ŞİMŞEK ទីប្រឹក្សាពាណិជ្ជកម្មដំបូង នៃស្ថានទូតតួកគី ដើម្បីពិភាក្សា លើលទ្ធភាពក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ឱ្យកាន់តែល្អប្រសើរថែមទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកជំទាវក៏បានអបអរសាទរជូនចំពោះ លោកស្រីZöre ក្នុងឱកាសត្រូវបានតែងតាំង ជាទីប្រឹក្សាពាណិជ្ជកម្មដំបូងនៃស្ថានទូតតួកគីប្រចាំកម្ពុជា។

ទន្ទឹមនោះ លោកជំទាវរដ្ឋលេខាធិការ បានជម្រាបជូនអំពីកាលានុវត្តភាពធុរកិច្ច និងបរិយាកាសវិនិយោគ និងបានស្នើលោកជំទាវអគ្គរដ្ឋទូត និងលោកស្រីទីប្រឹក្សាពាណិជ្ជកម្ម លើកទឹកចិត្តនិងកៀងគរធុរជន និងវិនិយោគិនតួកគីមកបណ្តាក់ទុននៅកម្ពុជា ជាពិសេសក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងការកែច្នៃម្ហូបតាមស្តង់ដាហាឡាល ដែលកម្ពុជាមានវត្ថុធាតុដើមសំបូរបែប រួមមាន៖ កៅស៊ូ ដំឡូងមី ស្រូវ-អង្ករ គ្រាប់ស្វាយចន្ទី ស្វាយ ចេក ជាដើម។

ជាកិច្ចឆ្លើយតប លោកជំទាវអគ្គរដ្ឋទូត បានសម្តែងនូវក្តីសោមន​ស្សរីករាយ ដែលទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម បានឈានដល់ចំណុចរបត់ថ្មីមួយពោពេញដោយថាមវ័ន្ត និងការសហការស្អិតរមួត។

លោកជំទាវបន្តថា “ការណ៍នេះបានញ៉ាំងឱ្យតួកគី បញ្ជូនទីប្រឹក្សាពាណិជ្ជកម្មដំបូង និងបង្កើតការិយាល័យពាណិជ្ជកម្មប្រចាំកម្ពុជា ដែលនឹងចូលរួមចំណែកបន្ថែម ក្នុងកិច្ចសម្របសម្រួលការធ្វើធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងវិស័យឯកជន នៃប្រទេសទាំងពីរឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

លោកស្រីZore ទីប្រឹក្សាពាណិជ្ជកម្មបានប្តេជ្ញាចិត្ត ក្នុងការបន្តជំរុញកំណើនទំហំពាណិជ្ជកម្ម ការផ្សារភ្ជាប់ទំនាក់ទំនង រវាងវិស័យឯកជននៃប្រទេសទាំងពីរ និងការចែករំលែកចំណេះដឹង តាមរយៈការផ្តល់វគ្គបណ្តុះបណ្តាលពាក់ព័ន្ធជាដើម។

បន្ថែមពីលើនេះ ភាគីទាំងពីរក៏បានអបអរ ចំពោះភាពជោគជ័យក្នុងការរៀបចំកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការសេដ្ឋកិច្ចចម្រុះកម្ពុជា-តួកគី កាលពីថ្ងៃទី១០-១១ ខែមករា ឆ្នាំ២០២៣ នៅភ្នំពេញ និងបានឯកភាព ជំរុញការអនុវត្តសកម្មភាពការងារ ដូចបានព្រមព្រៀងគ្នា ក្នុងកំណត់ហេតុរួមនៃកិច្ចប្រជុំខាងលើ ព្រមទាំងកិច្ចព្រមព្រៀង និងអនុស្សរណៈ ដែលបានចុះហត្ថលេខារួមគ្នាកន្លងមក។

គិតត្រឹមត្រីមាសទី១ នៃឆ្នំា២០២៣ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-តួកគីសម្រេចបានប្រមាណ៥២ លានដុល្លាអាមេរិក ជាមួយនឹងអត្រាកំណើនប្រមាណ៨០% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២​។ ទំនិញនាំចេញសក្តានុពលពីកម្ពុជាទៅតួកគី រួមមាន៖ សម្លៀកបំពាក់ កង់ ស្វាយ មៀន កៅស៊ូ ដំឡូងមី ពោត ម្រេច អង្ករ គីមីសរីរាង្គ និងថ្នាំជក់ជាដើម។ រីឯកម្ពុជានាំចូលទំនិញសក្តានុពលពីតួកគី រួមមាន៖ វាយនភ័ណ្ឌនិងសម្លៀកបំពាក់ គ្រឿងម៉ាស៊ីននិងបរិធានអគ្គិសនី យាន​យន្តនិងគ្រឿងបន្លាស់ និងវត្ថុផ្សេងៗធ្វើពីស្ពាន់ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here