តម្លៃរូបិយប័ណ្ណជាច្រើនស្ថិតក្នុងលក្ខខណ្ឌមិនច្បាស់លាស់ ខណៈវិនិយោគិនកំពុងរង់ចាំលទ្ធផលកិច្ចប្រជុំ

ដោយ: គង់ លាងហួរ

ស៊ីដនី: រូបិយប័ណ្ណរបស់មហាអំណាចនានា ស្ថិតក្នុងលក្ខខណ្ឌមិនច្បាស់លាស់នៅថ្ងៃចន្ទនេះ  ខណៈក្រុមពាណិជ្ជករត្រៀមខ្លួនសម្រា​ប់​កិច្ចប្រជុំធនាគារកណ្តាល ដែលនឹងផ្តល់ការណែនាំចុងក្រោយបំផុតស្តីពី ការដំឡើងអត្រាការប្រាក់ នាពេលអនាគតនៅទូទាំងទ្វីប។

សកម្មភាពនៅក្នុងទីផ្សារប្តូរប្រាក់បរទេស បានថមថយចុះដោយ​សារតែថ្ងៃឈប់សម្រាក នៃទិវាពលកម្មនៅប្រទេសសិង្ហបុរី ហុងកុង និងចិនដីគោក ខណៈប្រទេសជប៉ុន អូស្ត្រាលី និងនូវែលសេឡង់ គឺជាមជ្ឈមណ្ឌលតែមួយគត់ ដែលបើកការជួញដូរនៅតំបន់អាស៊ី។

ប្រាក់យ៉េនរបស់ជប៉ុន បានដាំក្បាលចុះ០,២ភាគរយ មកនៅត្រឹម១៣៦,៦៧យ៉េន ក្នុងមួយដុល្លារនៅថ្ងៃច័ន្ទនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កាលពីថ្ងៃសុក្រកន្លងទៅ  ធនាគារកណ្តាលជប៉ុន (BOJ) បានឈរលើគោលនយោបាយរូបិយវត្ថុរបស់ខ្លួន ដោយបានធ្វើឱ្យតម្លៃប្រាក់យ៉េនដាំក្បាលចុះ១,៧ភាគរយ ដែលជាការធ្លាក់ថ្លៃប្រចាំថ្ងៃដ៏ធំបំផុតគិតចាប់តាំងពីដើមខែកុម្ភៈមក។

តម្លៃប្រាក់ដុល្លារអូស្រ្តាលី បានដាំក្បាលចុះ០,១ភាគរយមកត្រឹម០,៦៦១ដុល្លារ។ រូបិយប័ណ្ណនេះ បានដាំក្បាលចុះរហូតដល់១,១ភាគរយកាលពីសប្តាហ៍មុន ដល់កម្រិតទាបរយៈពេលប្រាំពីរសប្តាហ៍គឺ០,៦៥៧៣ដុល្លារ។

តម្លៃប្រាក់ដុល្លារនូវែលហ្សេឡង់ បានដាំក្បាលចុះ០,៣ភាគរយមកត្រឹម០,៦១៧២ដុល្លារ ខណៈតម្លៃប្រាក់គីវីបានហក់ឡើង២,៣ភាគរយលើប្រាក់យ៉េនកាលពីថ្ងៃសុក្រ ខណៈដែលការរំពឹងទុកនៃអត្រាខ្ពស់ជាងនេះ ដោយធនាគារបម្រុងនៃនូវែលសេឡង់ បានកំណត់ដំឡើងអត្រាការប្រាក់បន្ថែមទៀតនៅក្នុងខែនេះ។

នៅក្នុងសប្តាហ៍ខាងមុខនេះ ធនាគារកណ្តាលអូស្ត្រាលីត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថា នឹងបន្តការផ្អាកដំឡើងអត្រាការប្រាក់នៅថ្ងៃអង្គារ ខណៈធនាគារកណ្តាលអាមេរិក ត្រូវបានព្យាករណ៍ថា នឹងដំឡើងអត្រាការប្រាក់ចំនួន២៥ពិន្ទុ មូលដ្ឋានផ្សេងទៀតនៅថ្ងៃពុធ៕

LEAVE A REPLY

Please enter your comment!
Please enter your name here