កម្ពុជាត្រូវការថវិកាដល់ទៅ៣០ពាន់លានដុល្លារសម្រាប់គម្រោង ហេដ្ឋារចនាសម្ព័ន្ធអាទិភាពចំនួន១៥០

ដោយៈ សុខុម

សៀមរាប: កម្ពុជាបានស្វះស្វែងរកហិរញ្ញប្បទាន វិនិយោគប្រមា​ណ៣០ពាន់លានដុល្លារអាមេរិក ដើម្បីអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាទិភាពចំនួន១៥០ សម្រាប់ឆ្នាំ២០២២-២០៣០។

នេះបើតាមការបញ្ជាក់របស់ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃសុក្រ ទី២៨ ខែមេសា។

ថ្លែងក្នុងពិធីសម្ពោធគម្រោងតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធប្រកបដោ​យចីរភាពក្នុងតំបន់អាស៊ីអាគ្នេយ៍ លោកស៊ុន ចាន់ថុល មានប្រសា​សន៍ថា “ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនទំនិញ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ នៅតែជាយុទ្ធសាស្ត្រដ៏សំខាន់ របស់រដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញសេដ្ឋកិច្ចជាតិរបស់យើង”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្តថា ក្នុងគម្រោងអាទិភាពនានារបស់ខ្លួន កម្ពុជា មានផែនការ អភិវឌ្ឍគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភ័ស្តុភារកម្មទន្លេបាសាក់ ដែលពាក់ព័ន្ធនឹងការបង្កើតផ្លូវទឹក តភ្ជាប់រវាងទន្លេបាសាក់ ក្នុងរាជធានីភ្នំពេញ និងសមុទ្រនៅភាគនិរតីនៃខេត្តកំពត និងខេត្តកែប និងពង្រីកការសាងសង់កំពង់ ផែស្វយ័តក្រុងព្រះសីហនុទឹកជ្រៅ នៅភាគនិរតីនៃខេត្តព្រះសីហនុ។

លោកមានប្រសាសន៍បន្ថែមទៀតថា កម្ពុជា ក៏គ្រោងនឹងចាប់ផ្តើមបើកការដ្ឋានស្ថានបនា ផ្លូវល្បឿនលឿនទី២ តភ្ជាប់ពីរាជធានីភ្នំពេ​ញ ទៅក្រុងបាវិត នៃខេត្តស្វាយរៀង តាមព្រំដែនជាមួយប្រទេសវៀតណាម នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ផងដែរ។

លោកថ្លែងឱ្យដឹទៀតថា ក្នុងពេលជាមួយគ្នានេះ កម្ពុជាក៏បាននិងកំពុងធ្វើការសិក្សាសមិទ្ធលទ្ធភាព លើគម្រោងស្ថាបនាផ្លូវល្បឿនលឿនទី៣ ចាប់ពីរាជធានីភ្នំពេញ ទៅខេត្តសៀមរាប ដែលជាដែនដីនៃឧទ្យានបុរាណអង្គរដ៏ល្បីល្បាញផងដែរ។

លើសពីនេះ លោក ស៊ុន ចាន់ថុល ក៏បានបញ្ជាក់ដែរថា កម្ពុជា មានគម្រោងជួសជុលកែលម្អ ផ្លូវរថភ្លើងភ្នំពេញ-ប៉ោយប៉ែត ប្រវែង៣៨២គីឡូម៉ែត្រ ឱ្យក្លាយជាផ្លូវរថភ្លើងល្បឿនលឿនដំបូងបង្អស់ នៅកម្ពុជា។ គម្រោងជួសជុលកែលម្អផ្លូវដែកនេះ ត្រូវបានរំពឹងថានឹងចំណា​យអស់ជាង៤ពាន់លានដុល្លារ។

លោក ស៊ុន ចាន់ថុល លើកឡើងថា គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗទាំងនេះ ត្រៀមខ្លួនផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន សម្បើមដល់សេដ្ឋកិច្ចនៃប្រទេសកម្ពុជា ក្នុងរយៈពេលវែង៕ Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here