សេដ្ឋកិច្ចអាមេរិកដាំក្បាលចុះក្នុងត្រីមាសទី១ដើមឆ្នាំ២០២៣

ដោយៈ សុខុម

ញូវយ៉ក: សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក បានដាំក្បាលចុះយ៉ាងខ្លាំងក្នុងត្រីមាសទី១ ពីខែមករា ដល់ខែមីនា ដើមឆ្នាំ២០២៣ ដោយបានធ្លាក់ចុះ មកនៅត្រឹមកម្រិតល្បឿនប្រចាំឆ្នាំ១,១% ខណៈអត្រាការប្រាក់កាន់តែខ្ពស់ បានជះផលប៉ះពាល់ខ្លាំង ដល់ទីផ្សារលំនៅដ្ឋាន និងធ្វើឱ្យក្រុមហ៊ុននានាបានកាត់បន្ថយសារពើភ័ណ្ឌរបស់ខ្លួន។

ការប៉ាន់ប្រមាណកាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ពីក្រសួ​ងពាណិជ្ជកម្មអាមេរិកបង្ហាញថា ផលទុនជាតិសរុប (GDP) របស់ប្រទេសមហាអំណាចសេដ្ឋកិច្ច និងយោធាលេខ១ របស់ពិភពលោកមួយនេះបានដាំក្បាលចុះខ្លាំង បន្ទាប់ពីសម្រេចបានកំណើន៣,២%ពីខែកក្កដា ដល់ខែកញ្ញា និង២,៦%ពីខែតុលា ដល់ខែធ្នូ ចុងឆ្នាំនេះ។

ប៉ុន្តែការចំណាយរបស់អតិថិជន ដែលគ្របដណ្ដប់ប្រមាណ៧០% នៃសកម្មភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក នៅតែមានភាពធន់ ដោយកើនឡើងក្នុងអត្រាប្រចាំឆ្នាំ៣,៧% ដែលជាអត្រាលឿនបំផុតក្នុងរយៈពេលជិត២ឆ្នាំមកនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាពិសេសការចំណាយលើទំនិញមានភាពរឹងមាំ ដោយបានកើនឡើង ក្នុងល្បឿនលឿនបំផុតចាប់តាំងពីត្រីមាសទី២ ដើមឆ្នាំ២០២១។

ក្រុមអ្នកជំនាញសេដ្ឋកិច្បានរំពឹងទុកមុននេះថា GDP សរុបនឹងសម្រេចបានកំណើន១,៩% ក្នុងត្រីមាសខែមករា ដល់ខែមីនា។

នៅពីក្រោយការដាំក្បាលចុះក្នុងត្រីមាសទី១ នេះភាគច្រើនគឺបណ្ដាលមកពីក្រុមហ៊ុននានា បានកាត់បន្ថយយ៉ាងច្រើន នូវសារពើភ័ណ្ឌរបស់ខ្លួន ដែលបានធ្លាក់ចុះប្រមាណ២,៣%ពីកំណើនសរុប។ ជាធម្មតា ក្រុមហ៊ុនកាត់បន្ថយសារពើភ័ណ្ឌរបស់ខ្លួន នៅពេលពួកគេប្រមើមើលឃើញថា នឹងមានការធ្លាក់ចុះនៅពេលខាងមុខ។

ការធ្លាក់ចុះសេដ្ឋកិច្ចនេះ បានឆ្លុះបញ្ចាំងពីផលប៉ះពាល់ ដែលបង្កឡើង ដោយសារធនាគារកណ្ដាលអាមេរិក (Federal Reserve) បានដំឡើង អត្រាការប្រាក់ជាបន្តបន្ទាប់យ៉ាងគំហុក ដើម្បីទប់ទល់នឹងអតិផរណា។ ក្នុងឆ្នាំ២០២២ កន្លងទៅ ធនាគារកណ្ដាលអាមេរិក បានដំឡើងអត្រាការប្រាក់ ជាបន្តបន្ទាប់រហូតដល់ទៅ៩ដង។

ការកើនឡើងយ៉ាងគំហុក នូវការចំណាយលើកម្ចីឥណទាន ត្រូវបានរំពឹងទុកថា នឹងធ្វើឱ្យសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ធ្លាក់ចូលក្នុងវិបត្តិនៅពេលណាមួយក្នុងឆ្នាំនេះជាមិនខា។

ទោះបីជាអតិផរណាបានថយចុះជាលំដាប់ ពីកម្រិតខ្ពស់បំផុតមិនធ្លាប់មានរយៈពេល៤ទសវត្សរ៍មកនេះ ដែលវាបានឈានដល់កាលពីឆ្នាំមុនក៏ដោយចុះ ក៏វានៅតែលើសពីគោលដៅ២%របស់ធនា​គារកណ្ដាលអាមេរិកដដែល។

ទីផ្សារលំនៅដ្ឋានដែលងាយរងគ្រោះ ដោយសារអត្រាប្រាក់ខ្ពស់លើកម្ចីឥណទាន បានទទួលរងផលប៉ះពាល់យ៉ាងខ្លាំង។

ធនាគារជាច្រើនបានរឹតបន្តឹងស្តង់ដារ នៃការផ្តល់ប្រាក់កម្ចីរបស់ខ្លួនចាប់តាំងពីធនាគារធំៗចំនួន២ របស់សហរដ្ឋអាមេរិក បានដួលរលំកាលពីខែមុន ដែលធ្វើឱ្យអតិថិជនកាន់តែពិបាក ក្នុងការទទួលបានកម្ចីទិញផ្ទះ ឬរថយន្ត ឬកម្ចីពង្រីកអាជីវកម្ម៕ Aljazeera៕

LEAVE A REPLY

Please enter your comment!
Please enter your name here