ដំណើរការជម្រុញការនាំចេញសំបុកត្រចៀកកាំរបស់កម្ពុជាទៅកាន់ទីផ្សារចិនកំពុងមានសញ្ញាវិជ្ជមាន

ដោយ: គង់ លាងហួរ

អន្តរជាតិ: ផែនការ​នៃ​ការនាំ​ចេញ​ផលិតផល សំបុក​សត្វ​ត្រចៀ​កកាំ​ពី​កម្ពុជា​ទៅ​ទីផ្សារ​ប្រទេស​ចិន ​កំពុង​បង្ហាញ​ក្តីសង្ឃឹម​កាន់តែ​ខ្ពស់​សម្រាប់​អ្នក ​នៅក្នុង​ចង្វាក់​ផលិតកម្ម​មួយ​នេះ។

នៅថ្ងៃទី​ ២៨ ខែមេសា​នេះ កម្ពុជា​គ្រោង​បញ្ជូន​ឯកសារ​ទាក់ទង​នឹង​សំណួរ​ចំនួន៦​ចុង​ក្រោយ​ ដែល​ភាគី​ចិន​បាន​ស្នើឱ្យ​កម្ពុជា​ពិនិត្យ​ពេលកន្លងមក ទៅឱ្យ​ភាគី​ចិន​វិញ​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផលិតផល​សត្វ​ត្រ​ចៀ​កកាំ គឺជា​ទំនិញ​អាទិភាព​មួយ​ដែល​ក្រសួ​ងកសិកម្ម រុក្ខាប្រមាញ់និង​នេសាទ បានកំណត់​ជា​មុខ​​ទំនិញ​មាន​សក្តា​នុពល​ សម្រាប់​នាំ​ចេញទៅ​ទីផ្សារ​ប្រទេស​ចិន ដែលមាន​ដូចជា ផ្លែមៀន​ ម្រេច ទុរេន និងក្រូច​ថ្លុង ជាដើម​។

លោក ណា​ង សុធី ប្រធាន​សហព័ន្ធ​សម្បុក​ត្រ​​ចៀក​កាំ​កម្ពុជា បាន​អះអាងថា ផែនការ​នាំចេញ​ផលិតផល​ សំបុកសត្វ​ត្រ​ចៀក​កាំ​របស់កម្ពុជា​ ទៅ​កាន់ប្រទេស​ចិន កំពុងស្ថិត​លើផ្លូវ​វិជ្ជមាន។

លោកអះអាងទៀតថា កាលពី​ថ្ងៃទី​ ២៥ មេសា លោក និង​ក្រុមការងារ​តំណាងឱ្យ​ផ្នែក​ឯកជន ​បាន​ចូលរួម​ប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​ ដើម្បី​ពិនិត្យមើល និង​ផ្តល់​ធាតុ​ចូល​បន្ថែម​សម្រាប់​ឆ្លើយតប​សំណួរ​ចំនួន៦​ចុងក្រោយ​ ដែល​ភាគី​ចិន​ផ្ញើ​ត្រឡប់​មកឱ្យ​ភាគី​កម្ពុជា ​បំពេញបន្ថែម​កាលពីពេល​កន្លងមក​។

លោក​បន្តទៀតថា សំណួរ​ដែល​ភាគី​ចិន ​បាន​ផ្ញើឱ្យ​រដ្ឋាភិបាល​កម្ពុជា ​បំពេញ​សម្រាប់​ការពិនិត្យ​លទ្ធ​ភាព​ នាំចេញ​ផលិតផល​សត្វ​ត្រចៀកកាំ ​ទៅ​ទីផ្សារ​ចិន​នាពេល​កន្លងមក គឺមាន​រាប់រយ​ប៉ុន្តែ​ក្នុងចំណោម​នោះ​គឺ​មានតែ​សំណួរ៦ប៉ុណ្ណោះ​ ដែល​ភាគី​ចិន​ផ្ញើឱ្យ​កម្ពុជា​ពិនិត្យឡើងវិញ ក្រៅពីនោះ​គឺ​គ្មាន​បញ្ហា​ឡើយ​។

ការស្នើសុំ​នាំចេញ​របស់​កម្ពុជា គឺមាន​ទាំង​សម្បុក​ដែល​មិនទាន់​សម្អាត និង​សម្អាត​រួចរាល់​។

​លោក​ណាង សុធី បញ្ជាក់ថា បើ​រដ្ឋាភិបាល​ចិន​អនុញ្ញាតឱ្យ​កម្ពុជា​អាច​នាំចូល​ផលិតផល ​ពី​សត្វ​ត្រចៀកកាំ​ដោយផ្ទាល់​នោះ វា​នឹង​ជួយ​ឱ្យ​សកម្មភាព​ នៃ​ការវិនិយោគ​លើផ្ទះ​អភិរក្ស​ត្រចៀកកាំ ​(​ផ្ទះ​ចិញ្ចឹម​) កន្លែង​សម្អាត​សម្បុក​ត្រចៀកកាំ និង​រោងចក្រ​កែច្នៃ​កម្រិតស្តង់ដា​នៅ​កម្ពុ​ជា មាន​កាន់តែច្រើន​ឡើងបន្ថែមទៀត។​

លោក​បាន​បន្ថែមឱ្យដឹងទៀតថា “កាលពី​ពេលថ្មីៗនេះ ខ្ញុំនិង​សហការី​តំណាងឱ្យ​ផ្នែក​ឯកជន បាន​ចូលរួម​ប្រជុំ​ជាមួយ​តំណាង​ក្រសួងកសិកម្ម ​ដើម្បី​ដាក់​ធាតុ​ចូល​បន្ថែម​ សម្រាប់​សំណួរ​ទាំង៦​ ដែល​ភាគី​ចិន​បានឱ្យ​កម្ពុជា​បំពេញ​ថែម​”។

រាល់​សំណួរ​ដែល​ភាគី​ចិន ​តម្រូវឱ្យ​កម្ពុជា​បំពេញបន្ថែមទាំង៦នោះ គឺ​ត្រូវបាន​រៀប​ចំ​រួចរាល់​ហើយ ដោយ​ក្រសួង​គ្រោង​នឹង​បញ្ជូនទៅឱ្យ​ភាគី​ចិន​វិញ​នៅ​ថ្ងៃទី​ ២៨ ខែមេសា នេះ ហើយចំពោះ​លទ្ធផល​បែបណា​នោះ​យើង​នឹង​រង់ចាំ​ការឆ្លើយតប​៕

LEAVE A REPLY

Please enter your comment!
Please enter your name here