ទីបំផុតមហាយក្សចិន បញ្ចប់ការកសាងប្រព័ន្ធរួមថ្នាក់ជាតិសម្រាប់ការចុះបញ្ជីកម្មសិទ្ធិអចលនទ្រព្យដោយជោគជ័យ

សុខុម

ប៉េកាំង: វាជាសមិទ្ធផលមួយដ៏អស្ចារ្យដែលមហាយក្សចិន បានបញ្ចប់ការកសាងប្រព័ន្ធរួមថ្នាក់ជាតិសម្រាប់ការចុះបញ្ជីកម្មសិទ្ធិអចលនទ្រព្យដោយជោគជ័យ។

ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប្រទេសចិន Xinhua បានចុះផ្សាយកាលពីថ្ងៃអង្គារ ទី២៥ ខែមេសា ថា ប្រព័ន្ធចុះបញ្ជីអចលនទ្រព្យនេះនឹងជួយបង្កើនតម្លាភាពជុំវិញម្ចាស់កម្មសិទ្ធិលើអចលនទ្រព្យ។

ក្នុងឆ្នាំ២០១៤ ប្រទេសចិន បានដាក់ចេញវិធានការតម្រូវម្ចាស់កម្មសិទ្ធិធ្វើការចុះបញ្ជីកម្មសិទ្ធិអចលនទ្រព្យរបស់ខ្លួនជាមួយនឹងអាជ្ញាធរ ប៉ុន្តែបានប្រឈមនឹងការជំទាស់ ឬកិចកុកពីរដ្ឋអំណាចមូលដ្ឋានដែលមិនមានឆន្ទៈក្នុងការបើកឮត្រដាងបញ្ជីដីធ្លីរបស់ខ្លួន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមអ្នកជំនាញក្នុងឧស្សាហកម្មលើកឡើងថា ប្រព័ន្ធទិន្នន័យដាតាបេសអចលនទ្រព្យរួមថ្នាក់ជាតិត្រូវបានមើលឃើញថាមានសារៈសំខាន់ខ្លាំង សម្រាប់រដ្ឋាភិបាលថ្នាក់ជាតិគ្រប់គ្រងទីផ្សារលំនៅដ្ឋាន ហើយវាក៏បង្ខំឱ្យមន្ត្រីមូលដ្ឋានពុករលួយហ៊ានលាតត្រដាងអចលនទ្រព្យយ៉ាងច្រើនដែលខ្លួនបានទិញដោយប្រើហិរញ្ញប្បទានខុសច្បាប់ផងដែរ។

ទីភ្នាក់ងារព័ត៌មាន Xinhua បានចុះផ្សាយដោយដកស្រង់សម្ដីលោក វ៉ាង គ័ងហ័រ (Wang Guanghua) រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិនៅឯសន្និសីទស្ដីពីការងារមួយថា ប្រទេសចិន បានកសាងប្រព័ន្ធនេះបញ្ចប់ជាស្ថាពរ បន្ទាប់ពីខិតខំប្រឹងប្រែងអស់រយៈពេល១០ឆ្នាំ។

យោងតាមទូរទស្សន៍រដ្ឋរបស់ចិន ឱ្យដឹងថា ប័ណ្ណចុះបញ្ជីកម្មប្រសិទ្ធិអចលនទ្រព្យរហូតដល់ទៅជាង៧៩០លានច្បាប់ត្រូវបានចេញទូទាំងប្រទេសក្នុងរយៈពេលមួយទសវត្សរ៍មកនេះ។

ប្រព័ន្ធចុះបញ្ជីកម្មសិទ្ធិអចលនទ្រព្យរួមថ្នាក់ជាតិ ដែលមានទិន្នន័យដាតាបេសនៃព័ត៌មានស្តីពីកម្មសិទ្ធិ ក៏នឹងជួយត្រួសត្រាផ្លូវសម្រាប់ប្រទេសចិន អនុវត្តការយកពន្ធលើចលនទ្រព្យនៅថ្ងៃអនាគតផងដែរ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here