សឹង្ហបុរីជាប់ចំណាត់ក្នុងប្រទេសកំពូលទាំង១០ វិនិយោគនៅកម្ពុជា

ដោយ៖ លក្ខិណា
ភ្នំពេញ៖ បន្ទាប់ពីបានដាក់ទុនវិនិយោគជាបន្តបន្ទាប់ក្នុងប្រទេសកម្ពុជាអស់ជាច្រើនឆ្នាំមក សឹង្ហបុរីបានជាប់ជាប្រទេសកំពូលទាំង១០វិនិយោគច្រើនជាង ក្នុងប្រទេសកម្ពុជា។ នេះបើតាមលោក ម៉ៃឃើល តាន់កេងស៊ឹង ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំប្រទេសកម្ពុជា។

ក្នុងជំនួបជាមួយសម្ដេចពញ្ញាចក្រីហេង សំរិន ប្រធានរដ្ឋសភា កាលពីព្រឹកថ្ងៃទី២៦ ខែតុលា ២០២០នេះ លោកម៉ៃឃើល បានមានប្រសាសន៍ថា សឹង្ហបុរីស្ថិតក្នុងចំណោម ប្រទេសចំនួន១០ ដែលមានទុនវិនិយោគច្រើនជាងគេនៅកម្ពុជា ដោយទុនវិនិយោគរបស់សឹង្ហបុរីបានហក់ ឡើងខ្ពស់កាលពីឆ្នាំ២០១៨ និង២០១៩ ក្នុងនោះកាលពីឆ្នាំ២០១៨ មានប្រមាណ ៤ពាន់លានដុល្លារ អាមេរិក ហើយឆ្នាំ២០១៩ មានប្រមាណ ៤,៥ពាន់លានដុល្លារអាមេរិក តែវាបានធ្លាក់ចុះទៅវិញនៅ ក្នុងឆ្នាំ២០២០ ដោយសារតែវិបត្តិនៃជម្ងឺកូវីដ១៩ ដោយទុនវិនិយោគរបស់សឹង្ហបុរីនៅកម្ពុជាក្នុង ឆ្នាំ២០២០នេះមានប្រហែលជា ២ពាន់លានដុល្លារអាមេរិកតែប៉ុណ្ណោះ។

លោកបានមានប្រសាសន៍ថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា-សឹង្ហបុរី មានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ នៅលើគ្រប់វិស័យមានទំាងវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការផ្លាស់ប្តូរប្រជាជន បើទោះជា នៅឆ្នាំ២០១៩ មានការរំខានដោយសារបញ្ហាជំងឺកូវីដ១៩ យ៉ាងណាក្តី ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេចប្រធានរដ្ឋសភាកម្ពុជា មានប្រសាសន៍ថា ការបោះទុនវិនិយោគរបស់សឹង្ហបុរីនៅកម្ពុជា គឺជាការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា បង្កើតការងារជូនពលរដ្ឋកម្ពុជារាប់ ម៉ឺននាក់ ហើយវាក៏បានបញ្ជាក់ពីគុណតម្លៃនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើង ទំាងពីរ កម្ពុជា-សឹង្ហបុរី ផងដែរ។

សម្តេច បានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជាពេញចិត្តចំពោះផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការនានារវាងរដ្ឋាភិបាលកម្ពុជា និងសឹង្ហបុរី លើវិស័យនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជ កម្ម វិនិយោគ ទេសចរណ៍ អប់រំ និងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដែលបានរួមចំណែកដ៏សំខាន់ ក្នុងការអភិវឌ្ឍនៅកម្ពុជា។

កម្ពុជា និងសឹង្ហបុរី បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាជាផ្លូវការតំាងពីឆ្នាំ ១៩៦៥ ហើយទំនាក់ទំនងមួយនេះមានការរីកចម្រើនទៅមុខជាលំដាប់។

បច្ចុប្បន្នគម្រោងមួយចំនួនក្នុងប្រទេសកម្ពុជាដែលវិនិយោគដោយសិង្ហបុរីត្រូវលើកកម្ពស់សោភណភាពទីក្រុង និងទាក់ទាញនូវវិនិយោគិនផ្សេងមកបណ្ដាក់ទុនវិនិយោគក្នុងនោះគេឃើញថា គម្រោងអគារ The Bridge , អគារពាណិជ្ជកម្មខ្ពស់នៅកណ្ដាលទីក្រុង The Peak , អគារខុនដូ Axis Resident និងគម្រោងជាច្រើនទៀតកំពុងសាងសង់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here