ធនាគារកណ្ដាលវៀតណាម នឹងជួយអាជីវកម្មនានាដែលជួបការលំបាកខ្លាំងរៀបចំឥណទានឡើងវិញ

ដោយៈ សុខុម

ហាណូយ: ធនាគារកណ្តាលវៀតណាម (SBV) បានប្រកាសកាលពីថ្ងៃច័ន្ទ ទី២៤ ខែមេសា ថា ខ្លួននឹងជួយអាជីវកម្មនានា ដែលកំពុងជួបការលំបាក រៀបចំឥណទានឡើងវិញ រួមទាំងការពន្យារពេលសងប្រាក់កម្ចីរហូតដល់១២ខែផងដែរ។

ធនាគារនេះ បានចេញសេចក្តីថ្លែងការណ៍ថា វិធានការរៀបចំឥណទានឡើងវិញនេះ នឹងត្រូវអនុវត្តរហូតដល់ខែមិថុនា ឆ្នាំ២០២៤ ក្នុងគោលបំណងជំរុញសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ។

រដ្ឋាភិបាលវៀតណាម បានសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh កាលពីចុងសប្តាហ៍កន្លងទៅ បានស្នើឱ្យធនាគារកណ្ដាល ធ្វើសេចក្ដីព្រាងផែនការកំណត់គោលដៅ ក្រុមហ៊ុនបន្ថែមទៀត សម្រាប់ការរៀបចំឥណទានឡើងវិញ និងផ្ដល់ការពន្យារពេលសងប្រាក់កម្ចី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុនជាច្រើនក្នុងប្រទេសវៀតណាម ដែលជាមជ្ឈមណ្ឌលផលិតកម្មដ៏សំខាន់មួយ នៅក្នុងតំបន់បាន និងកំពុងជួបការលំបាក ស្របពេលតម្រូវការទូទាំងពិភពលោកធ្លាក់ចុះ។

តួលេខបង្ហាញថា ការនាំចេញរបស់វៀតណាម បានធ្លាក់ចុះ១១,៩%ក្នុងត្រីមាសទី១ ដើមឆ្នាំនេះ។

កំណើនសេដ្ឋកិច្ចរបស់វៀតណាម បានធ្លាក់ចុះមកនៅត្រឹម៣,៣២%អំឡុងខែមករា ដល់ខែមីនា បើធៀបនឹងកំណើន៥,៩២%ក្នុងត្រីមាសទី៤ ចុងឆ្នាំ២០២២ ហើយធនាគារកណ្ដាលវៀតណាម បានកាត់បន្ថយ អត្រាគោលនយោបាយមួយចំនួន ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច។

លោក Pham Minh Chinh នៅក្នុងកិច្ចប្រជុំកាលពីចុងសប្តាហ៍ជាមួយធនាគារកណ្តាល ក៏បានអំពាវនាវឱ្យធនាគារពាណិជ្ជនានាបញ្ចុះអត្រាការប្រាក់ផងដែរ ដើម្បីជួយសម្រាលបន្ទុករបស់អាជីវកម្មនានា និងគ្រួសារពលរដ្ឋដែលជាអតិថិជនរបស់ខ្លួន។

លើសពីនេះ លោកបានជំរុញឱ្យធនាគារកណ្តាល ជួយគាំទ្រដល់ទីផ្សារមូលបត្របំណុលសាជីវកម្ម ក្នុងស្រុកផងដែរ តាមរយៈការធ្វើវិសោធនកម្មបទប្បញ្ញត្តិ មូលបត្របំណុលដែលមានស្រាប់ ដើម្បី “ជួយសម្របសម្រួលដល់ស្ថាប័នឥណទាន ក្នុងការវិនិយោគលើមូលបត្របំណុលសាជីវកម្ម ដើម្បីបង្កើនការផ្គត់ផ្គង់ និងសាច់ប្រាក់ងាយស្រួល”។

ក្រសួងហិរញ្ញវត្ថុបាននិយាយកាលពីខែកុម្ភៈ ដើមឆ្នាំនេះថា មូលបត្របំណុលសាជីវកម្ម ដែលមានទំហំសរុប១២,០៤ពាន់លានដុល្លារអាមេរិក នឹងដល់ពេលកំណត់ត្រូវទូទាត់នៅឆ្នាំនេះ ដោយក្នុងនោះមូលបត្របំណុលសាជីវកម្ម៤២% ត្រូវបានបោះផ្សាយដោយបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here