ពលករកម្ពុជាធ្វើការនៅប្រទេសកូរ៉េ ក្នុងមួយឆ្នាំផ្ញើប្រាក់ត្រលប់មកស្រុកវិញមានចំនួនជិត៦០០លានដុល្លារ

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ពលករកម្ពុជា ដែលកំពុងធ្វើការ នៅប្រទេស កូរ៉េបានផ្ញើប្រាក់ត្រលប់ មកស្រុកជូនបងប្អូន ឪពុកម្ដាយ សាច់ញាតិនៅកម្ពុជា ជាមធ្យម១០០០ដុល្លារអាមេរិកក្នុងមួយខែនិងបានរួមចំណែករកប្រាក់ចំណូលជូនជាតិប្រមាណជិត៦០០លានដុល្លារអាមេរិក ពោលគឺក្នុងមួយឆ្នាំពួកគេបានផ្ញើប្រាក់មកកាន់កម្ពុជាជិត៦០០លានដុល្លារអាមេរិក ។ នេះបើតាមលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈថ្លែងក្នុងពិធីជួបជុំបងប្អូនពលករកូរ៉េក្នុងពិធីបុណ្យចូលឆ្នាំខ្មែរនៅប្រទេសកូរ៉េ ។

លោកបានមានប្រសាសន៍ថា ពលករកម្ពុជាដែលកំពុងបំពេញការងារនៅក្នុងប្រទេសកូរ៉េខាងត្បូងបានរួមចំណែកក្នុងការលើកកម្ពស់ជីវភាពនិងជួយបង្កើនចរន្តសេដ្ឋកិច្ចជាតិថែមមួយកម្រិតទៀត ។ បងប្អូនប្រជាពលរដ្ឋដែលមានកូន បងប្អូនទៅធ្វើការនៅប្រទេសកូរ៉េឃើញថាពួកគេមានការផ្លាស់ប្តូរជីវភាពបានប្រសើរជាងមុន ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបណ្ឌិតបន្តថា ពលករកម្ពុជាធ្វើការនៅកូរ៉េ នៅពេលចប់អាណត្តិការងាររបស់ខ្លួន ពួកគេក៏ទទួលបានជំនាញ វិន័យ ចំណេះដឹង ធនធាននិងបទពិសោធន៍បដើម្បីយកទៅអនុវត្តនៅប្រទេសកម្ពុជា ។ មិនតែប៉ុណ្ណោះ ពលករកម្ពុជាក៏ជាស្ពានសម្រាប់ការទាក់ទាញវិនិយោគដោយផ្ទាល់ របស់កូរ៉េដែលពួកគេតែងតែកោតសរសើរ និងសង្កេតឃើញថា ពលករកម្ពុជាតែងតែគោរពវិន័យការងារបានត្រឹមត្រូវ និងមានឥរិយាបថល្អអំឡុងពេលបម្រើការងារ ។

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍លើកឡើង អំពីការអនុវត្តភារកិច្ច ៥ រួមមាន ទី១. ពង្រឹងសហប្រតិបត្តិការជាមួយភាគីកូរ៉េ ដើម្បីរក្សា និងបង្កើនការងារជូនពលករកម្ពុជា, ទី២. ផ្តល់សេវាសាធារណៈជូនក្មួយៗពលករ តាំងពីពេលប្រឡងតេស្តភាសាកូរ៉េ រហូតដល់ពេលធ្វើការ ហើយត្រឡប់ទៅវិញ ទី៣. សហការជាមួយភាគីកូរ៉េ ការពារសិទ្ធិការងារតាមច្បាប់ និងអនុស្សរណៈយោគយល់គ្នារវាងប្រទេសទាំងពីរ ទី៤. ផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើនសមត្ថភាពជូនក្មួយៗ ដើម្បីអាចរកការងារថ្មី និងត្រៀមលក្ខណៈសម្បត្តិពេលដែលវិលត្រឡប់ទៅវិញ និងទី៥. សម្របសម្រួលបញ្ហាផ្សេងៗ ការប្រឹក្សា និងដោះស្រាយបញ្ហាទៅដល់ក្មួយ ដោយមិនគិតភាពនឿយហត់ ហើយក្រៅពីនេះ ក្រុមការងារកំពុងជួយសម្របសម្រួលក្នុងការបង្កើតវត្តខ្មែរ និងមជ្ឈមណ្ឌលវប្បធម៌ដើម្បីឱ្យក្មួយៗបានគោរពព្រះពុទ្ធសាសនា ដែលអាចជួបជុំគ្នាគោរពប្រតិបត្តិ និងបង្កើតជាកម្មវិធីកំសាន្តសប្បាយផ្សេងៗ ។

យោងតាមរបាយការណ៍របស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវ បានឱ្យដឹងថាគិតត្រឹមដើមឆ្នាំ២០២៣នេះ ពលករកម្ពុជាកំពុងបម្រើការងារនៅក្នុងប្រទេសកូរ៉េមានចំនួនជិត៥ម៉ឺននាក់ ជាប់ចំណាត់ថ្នាក់លេខ២ បន្ទាប់ពីប្រទេសថៃដែលមានពលករកម្ពុជាជាង១,២លាននាក់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here