អ្នកជំនាញ៖ ពេលជីវភាពលរដ្ឋកាន់តែប្រសើរ តម្រូវការលំនៅឋានទី២ កាន់តែច្រើន

ដោយ៖ លក្ខិណា
ភ្នំពេញ ៖ កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលជាង២ទសវត្សរ៍កន្លងទៅ ឃើញថារក្សាបាននូវក្នុងរង្វង់៧ភាគរយ ធ្វើឱ្យពលរដ្ឋមានជីវភាពកាន់តែប្រសើរជាមុន និងបានជំរុញឱ្យតម្រូវការនៃភាពស៊ីវិលស័យក្នុងប្រទេសក៏កាន់តែកើនជាងមុនដែរ។

ជាក់ស្ដែង តម្រូវការលំនៅឋានលំហែកាយនៅតំបន់ទេសចរណ៍ក៏ឃើញ មានកំណើនជាងមុន និងកំពុងមានការអភិវឌ្ឍដើម្បីផ្គត់ផ្គង់ទៅតាមតម្រូវការ បើទោះបីជាបច្ចុប្បន្ននេះកម្ពុជាកំពុងជួបនឹងវិបត្តិនៃកូវីដ១៩ក្ដី។

លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍កាលពីថ្មីៗនេះថា ដោយសារតែកំណើនសេដ្ឋកិច្ចកម្ពុជាមានសន្ទុះក្នុងរង្វង់៧ភាគរយក្នុងមួយឆ្នាំ រយៈពេលប៉ុន្មានចុងក្រោយនេះ ធ្វើឱ្យកម្រិតជីវភាពពលរដ្ឋកម្ពុជាបានប្រសើរឡើងមួយកម្រិតទៀត និងធ្វើឱ្យភាពស៊ីវិល័យរបស់ប្រជាជនកម្ពុជា ចាប់ផ្ដើមមានតម្រូវការ។ ដំបូងឡើយ ពលរដ្ឋត្រូវមានផ្ទះធម្មតាស្នាក់នៅអចិន្ត្រៃយ៍ បន្ទាប់មកពួកគាត់ក៏ស្វែងរកផ្ទះទី២ ផ្ទះសម្រាប់ស្នាក់លំហែពេលទំនេរ។

លោកបន្តថា ក្នុងស្ថានភាពបច្ចុប្បន្ននេះ គឺជាស្ថានភាពដែលកម្ពុជាចាប់ផ្ដើមមានតម្រូវការលំនៅឋានលំហែកាយចុងសប្ដាហ៍ ក៏ប៉ុន្តទន្ទឹមនឹងនោះ ការវិនិយោគលើលំនៅឋានលំហែកាយក៏ត្រូវជ្រើសរើសរកទីតាំងសម្រាប់អភិវឌ្ឍន៍ផងដែរ ។

លោកថា “ទីតាំងសមស្របសម្រាប់អភិវឌ្ឍន៍លំនៅឋានលំហែកាយគឺជាកន្លែងដែលមានសក្ដានុពលក្នុងវិស័យទេសចរណ៍ ហើយស្ថិតនៅតំបន់ធម្មជាតិ ជាក់ស្ដែងក្នុងនោះកំពតគឺជាខេត្តមួយសមស្របបំផុតសម្រាប់ការអភិវឌ្ឍជាលំនៅឋានលំហែកាយទាំងបច្ចុប្បន្ននិងនៅពេលអនាគត”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកSeraj Sutton តំណាងក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានលំហែកាយមួយនៅខេត្តកំពត បាននិយាយថា ក្រុមហ៊ុនរបស់ខ្លួនបានអភិវឌ្ឍន៍លំនៅឋានលំហែកាយលើគម្រោងទី១ ដែលមានទីតាំងនៅខេត្តកំពត ទទួលបានជោគជ័យ និងលក់អស់រួចហើយ ហើយពេលនេះ ក៏ឈានដល់ការបើកលក់គម្រោងទី២ បន្តបន្ទាប់ទៀត។

លោកបន្តថា តាមរយៈការលក់គម្រោងទី១ អស់ក្នុងពេលខ្លីនេះ បានបង្ហាញពីតម្រូវការលំនៅឋានលំហែកាយនៅកម្ពុជាចាប់ផ្ដើមមាន និងជំរុញឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ត្រូវរកវិធីក្នុងការទាក់ទាញអតិថិជន ប្រជាជនកម្ពុជា និងបរទេស ដើម្បីទទួលបានលំនៅឋានលំហែកាយ ប្រកបដោយផាសុកភាព និងមិនខកបំណងចំពោះការទិញលំនៅឋានសម្រាប់សម្រាកលំហែនៅចុងសប្ដាហ៍ និងថ្ងៃឈប់សម្រាក ៕

LEAVE A REPLY

Please enter your comment!
Please enter your name here