ក្រុងកែបត្រៀមស្វាគមន៍ទីក្រុងរណបធំមួយ ដែលផ្តល់ក្តីសង្ឃឹមដល់ការអភិវឌ្ឍន៍អចលនទ្រព្យ

        ដោយៈ និស្ស័យ

        កែបៈ រដ្ឋាភិបាលកម្ពុជា បានអនុម័តឲ្យក្រុមហ៊ុនធីភី ម៉ូរ៉ាល់ គ្រុប ឯ.ករបស់អ្នកឧកញ៉ាឃុន សៀ វិនិយោគកសាងទីក្រុងរណប និងតំបន់ទេសចរណ៍ពិសិដ្ឋចំនួន២ទីតាំង នៅក្នុងខខេត្តកែប។

គម្រោងវិនិយោគនេះ ស្ថិតនៅលើផ្ទៃដីសរុបទំហំ១៤៦៧ហិកតា ស្ថិតនៅតំបន់ឆ្នេរ ក្នុងសង្កាត់កែប ក្រុងកែប និងឃុំពងទឹក និងឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមលិខិតលេខ៥០០ ដនស/អសដភ ចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ – លិខិតេលេខ១៤៧ ខន/០២៣ សជណ ចុះថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ របស់ខុទ្ទកាល័យសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញថា រាជរដ្ឋាភិបាលសម្រេចដូចខាងក្រោម ទី១- អនុញ្ញាតឱ្យក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ឯ.ក កាយដីពីទីតាំងជ្រៅមកបំពេញទីតាំងរាក់ ចំនួន២ទីតាំង ទំហំសរុប១៤៦៧ហិកតា ក្នុងនោះទីតាំងទី១ ទំហំ២៨៩ហិកតា ស្ថិតនៅសង្កាត់កែប ក្រុងកែប និងឃុំអង្កោល និងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប និងទីតាំងទី២ ទំហំ១១៧៨ហិកតា ស្ថិតនៅឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ដូចមានផែនទីភ្ជាប់មកជាមួយ។

តាមរយៈលិខិតដដែលបានបង្ហាញថា រដ្ឋាភិបាលនឹងប្រគល់ជូនរដ្ឋបាលខេត្តកែប សម្រាប់រៀបចំជាតំបន់ រដ្ឋបាលពហុកីឡដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។

គំរោងទីក្រុងរណបនេះ រួមមាន មជ្ឈមណ្ឌលពាណិជ្ជកម្ម សណ្ឋាគារ អគារស្នាក់នៅរួម បុរីលំនៅឋាន ផ្សារទំនើប ភោជនីយដ្ឋាន និងតំបន់សេវាកម្មនានា និងបង្កើតជាតំបន់ទេសចរណ៍ពិសិដ្ឋ រីស្សត ទីលានវាយកូនហ្គោល បឹងកាឡូ តំបន់សេវាកម្មស្នាក់នៅ ផ្ទះវិស្សមកាល មណ្ឌលសម្រាកលម្ហែកម្សាន្តទេសចរណ៍ មណ្ឌលកីឡាទេសចរណ៍ សួនឧទ្យា​ន កន្លែងផ្តល់សេវាកម្មថែទាំសុខភាព និងមណ្ឌលសេវាកម្មទេស​ចរណ៍ពាក់ព័ន្ធផ្សេងទៀត។

អភិបាលនៃគណៈអភិ​បាលខេត្តកែប លោកសោម ពិសិដ្ឋបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ក្រុមហ៊ុនរបស់អ្នកឧកញ៉ាឃុន សៀ ដែលអភិវឌ្ឍន៍ទីក្រុងរណបនេះ ទទួលបានស.ជ.ណពីរដ្ឋាភិបាលហើយ ដើម្បកសាងទីក្រុងរណបនៅក្នុងខេត្តនេះ នាពេលខាងមុខ។

លោកគឹម សង្រ្គាម អ្នកជំនាញផ្នែកដីធ្លី និងផែនការអភិវឌ្ឍន៍នៅខេត្តកំពត កែបបានមានប្រសាសន៍ឲម្យដឹងកាលពីថ្ងៃទី១១ មេសាថា ការសម្រេចរបស់រដ្ឋាភិបាល ពិតមានល្អណាស់ ដែលគំរោងនេះនឹងជម្រុញកំណើនទេសចរណ៍ ពិសេសការអភិ​វឌ្ឍន៍អចលនទ្រព្យ ក្នុងខេត្តកែប កាន់តែមានសក្តានុពលថែមទៀត។

លោកបន្តថា “តម្លៃដីធ្លី ដែលបានស្ថិតនៅទ្រឹងមួយរយៈក្​នុងខេត្តទាំងពីរនេះ នឹងកំរើកឡើងវិញឆាប់ៗនេះ ហើយអ្នកដែលមានធនធានគួរមកវិនិយោគនៅក្នុងខេត្តកែប ដើម្បីរកផលចំណេញនាពេលខាងមុខ”។

ជាមួយគ្នានេះ អគ្គនាយកគេហទំព័រPropertyarea.asia លោកយិន លាងគង់ដែលបានតានដានដំណើរការ អភិវឌ្ឍន៍នៅខេត្តកំពតកែបបានមាន​ប្រសាសន៍ថា គំរោងទីក្រុងរណបនេះ នឹងបន្ថែម​នូវសក្តានុពលដែលមានស្រាប់របស់ខេត្តកែប ដែលជាខេត្តត្រួវបានរដ្ឋាភិបាលរៀបចំផែនការមេ ជាតំបន់លំហែរកាយកម្រិតខ្ពស់។

លោកប​ន្តថា​”ការកសាងទីក្រុងរណបក្នុងខេត្តកែប គឺស្របនឹងគំរោងអភិវឌ្ឍន៍ជាច្រើន ដែលបាននិងកំពុងសាងសង់នៅទីក្រុងនេះ ដូចជា សួន​ច្បារ ហេដ្ឋារចនាសម្ព័ន្ឋកំពង់ផែ ការអភិវឌ្ឍន៍គំរោងកោះទន្យាយរបស់អ្នកឧកញ៉ាទ្រី ភាពជាដើម”។ លោកបន្តថា “គំរោងវិនិយោគទីក្រុងរណបថ្មីនេះ នឹងទាក់ទាញមនុស្សកាន់តែច្រើនសម្លឹងទៅកាន់ខេត្តកែប ខណៈខេត្តនេះប្រៀបដូចជាកូនក្រុមុំមួយ ដែលកំពុងរៀបចំចេញពីការចូលម្លប់”៕

LEAVE A REPLY

Please enter your comment!
Please enter your name here