ថ្នាក់ដឹកនាំMRCចូលរួមកិច្ចប្រជុំកិច្ចសហប្រតិបត្តិការមេគង្គ សហរដ្ឋអាមេរិក

        ដោយៈ គង់ ម៉ាលីនណា

        វៀងច័ន្ទៈ លោកសុខ សូកេន រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្ត្រីស្ដីទីកម្ពុជាទទួលបន្ទុកកិច្ចសហប្រតិបត្តិការមេគង្គ បានចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីនៃភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក ដែលដឹកនាំដោយសហរដ្ឋអាមេរិក និងប្រទេសឡាវ ក្នុងនាមជាសហប្រធាន និងមានការចូលរួមពីបណ្តាប្រទេសមេគង្គ។

កិច្ចប្រជុំនេះធ្វើឡើង ដើម្បីពិនិត្យ និងពិភាក្សាលើឯកសារគោលស្ដីពីផែនការសកម្មភាពថ្មីសម្រាប់ឆ្នាំ ២០២៤-២០២៦ នៃភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក និងបានផ្លាស់ប្តូរយោបល់លើទិសដៅបន្តសម្រាប់ភាពជាដៃគូមេគង្គ-អាមេរិក ព្រមទាំងកំណត់បញ្ហាប្រឈមក្នុងតំបន់ និងស្វែងរកដំណោះស្រាយលើការតភ្ជាប់សេដ្ឋកិច្ច សន្តិសុខស្បៀង ការអភិវឌ្ឍធនធានមនុស្ស ក៏ដូចជាឧក្រិដ្ឋកម្មឆ្លងដែនផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អង្គប្រជុំក៏បានអនុម័តឯកសារទស្សនទាន សម្រាប់កិច្ចសន្ទនាគោលនយោបាយនៃភាពជាដៃគូមេគង្គ-អាមេរិកផងដែរ។

កាលពីរសៀលថ្ងៃដដែលនោះ លោកសុខ សូកេនក៏បានចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីមិត្តនៃប្រទេសមេគង្គ ដែលដឹកនាំដោយសហរដ្ឋអាមេរិក ដោយមានការចូលរួមពីបណ្តាប្រទេសមេគង្គ និងដៃគូអភិវឌ្ឍន៍នានា ដើម្បីពិភាក្សាលើសកម្មភាព និងគោលនយោបាយអាទិភាពសម្រាប់អនុតំបន់ទន្លេមេគង្គ ក្រោមប្រធានបទ “ការត្រួសត្រាយផ្លូវរបស់យើង ដើម្បីកែលម្អកិច្ចសហប្រតិបត្តិការ លើកិច្ចខិតខំប្រឹងប្រែងក្នុងការស្តារសេដ្ឋកិច្ច ភាពធន់នឹងថាមពល និងការគ្រប់គ្រងធនធានធម្មជាតិ”។

សហរដ្ឋអាមេរិក និងជប៉ុន រួមជាមួយបណ្តាប្រទេសមេគង្គ ក៏បានប្រកាសនូវផែនការសកម្មភាព នៃភាពជាដៃគូថាមពលមេគង្គ-ជប៉ុន-អាមេរិកផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here