ធនាគារ World Bank អាចនឹងបញ្ចេញកម្ចីឥណទាន៥០ពាន់លានដុល្លារបន្ថែមទៀត

ដោយៈ សុខុម

វ៉ាស៊ីនតោន: ការធ្វើកំណែទម្រង់ របស់ធនាគារពិភពលោក (World Bank) អាចបណ្តាលឱ្យធនាគារនេះ បញ្ចេញកម្ចីឥណទានរហូតដល់ទៅ៥០ពាន់លានដុល្លារអាមេរិក បន្ថែមទៀតនៅទសវត្សរ៍ក្រោយ។

នេះបើយោងតាមអ្វី ដែលរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោកស្រី Janet Yellen បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន AFP នៅមុនកិច្ចប្រជុំ បណ្ដាភាគីពាក់ព័ន្ធនៅសប្តាហ៍នេះ ដែលគេរំពឹងថានឹងការប្រកាសថ្មីៗ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តាមការរំពឹងទុក បណ្ដាធនាគារកណ្តាល រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងអ្នកចូលរួម មកពីប្រទេសសមាជិកជាង១៨០នឹងប្រមូលផ្តុំគ្នា នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោកនៅសប្ដាហ៍នេះ។

ប្រធានបទដ៏សំខាន់មួយ នៃកិច្ចពិភាក្សាគឺការវិវិឌ្ឍរបស់ធនាគារពិភពលោក ស្របពេលមានការជំរុញឱ្យធនាគារនេះ ធ្វើការកែលម្អឱ្យកាន់តែប្រសើរឡើង និងឆ្លើយតបបញ្ហាប្រឈមជាសកលដូចជាបញ្ហាបម្រែបម្រួលអាកាសធាតុជាដើម។ សហរដ្ឋអាមេរិក គឺជាភាគហ៊ុនិកធំជាងគេបំផុតរបស់ World Bank Group។

លោកស្រី Janet Yellen បានលើកឡើងក្នុងបទសម្ភាសន៍ជាមួ​យទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍កន្លងទៅថា “ខ្ញុំរំពឹងថា ធនាគារពិភពលោក នឹងធ្វើបច្ចុប្បន្នភាពបេសកកម្មរបស់ខ្លួន ក្នុងការបន្ថែមការកសាងភាពធន់ ប្រឆាំងនឹងបម្រែបម្រួលអា​កា​សធាតុ វិបត្តិកូវីដ-១៩ និងជម្លោះ និងភាពផុយស្រួយដែលបង្កឡើងដល់គោលដៅស្នូល”។

លោកស្រីបានបន្ថែមថា ចាំបាច់ត្រូវមានការទទួលស្គាល់ថា បញ្ហាប្រឈមទាំងនេះ មិនមែនជារឿងដាច់ដោយឡែកពីគ្នានោះទេ ប៉ុន្តែវាមានទំនាក់ទំនងផ្សារភ្ជាប់គ្នា ដែលមិនអាចកាត់ផ្តាច់បាន។

លោកស្រី Janet Yellen បានបន្ថែមទៀតថា ទី២ នឹងមានការប្រកាសថាធនាគារពិភពលោក កំពុងពង្រីកសមត្ថភាពហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីបំពេញគោលដៅទាំងនេះ និងទទួលយកការផ្លាស់ប្តូរ ឬ គាំទ្រការផ្លាស់ប្តូរ ដែលអាចបណ្តាលឱ្យធនាគារនេះ បន្ថែមសមត្ថភាពផ្ដល់កម្ចីឥណទាន៥០ពាន់លានដុល្លារ បន្ថែមទៀតនៅទសវត្សរ៍ក្រោយ។

ចំណាត់ការនេះ នឹងជាការបង្កើនធនធានយ៉ាងច្រើន រហូតដល់ទៅ២០% នៅក្នុងកម្រិតផ្តល់ប្រាក់កម្ចី ប្រកបដោយនិរន្តរភាពនៃធនា​គារអន្តរជាតិសម្រាប់ការកសាងឡើងវិញ និងការអភិវឌ្ឍន៍ (IBRD)។ IBRD គឺជាបុត្រសម្ព័ន្ធផ្ដល់ប្រាក់កម្ចី ចំណូលមធ្យមរបស់ធនាគារពិភពលោក៕ Arab News៕

LEAVE A REPLY

Please enter your comment!
Please enter your name here