ក្រសួងទេសចរណ៍ចូលរួមវេទិកាគោលនយោបាយកម្រិតខ្ពស់ ២០២៣ របស់ស្ថាប័នជាតិទេសចរណ៍កូរ៉េ

ដោយៈ ម៉ាលីនណា

           សេអ៊ូលៈ លោកថោង រដ្ឋសក្តិ រដ្ឋលេខាធិការក្រសួងទេស​ចរណ៍ នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ បានដឹកនាំមន្រ្តីជំនាញចូលរួមវេទិកាគោលនយោបាយកម្រិតជាន់ខ្ពស់ ឆ្នាំ២០២៣ (KOPIST High-Level Policy Forum 2023) របស់ស្ថាប័នជាតិទេសចរណ៍កូរ៉េ ដែលរៀបចំដោយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ នៃសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី៥-៦ ខែមេសា ឆ្នាំ២០២៣ នៅរដ្ឋធានីសេអ៊ូល។

           នាឱកាសនោះ លោករដ្ឋលេខាធិការបានចូលរួមកិច្ចប្រជុំគណៈប្រតិភូជាន់ខ្ពស់ (HODs) ជាមួយលោក Hwang Young Hyun អ្នកសម្របសម្រួលកម្មវិធី ដើម្បីត្រៀមរៀបចំវេទិកាគោលនយោបាយកម្រិតជាន់ខ្ពស់ស្តីពី ការផ្លាស់ប្តូរនៅក្នុងទីផ្សារទេសចរណ៍ និងពិភា​ក្សាលើការណែនាំអំពី គោលនយោបាយទេសចរណ៍ ដែលមានអ្នកចូលរួមពីប្រទេសចំនួន១០ នៅសណ្ឋាគារ Grand Hyatt Seoul។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វេទិកាខាងលើនេះ បានផ្តោតទៅលើប្រធានបទ៖ ការផ្លាស់ប្តូរទស្សនឧស្សាហកម្មទេសចរណ៍ និងការឆ្លើយតបគោលនយោបាយ ប្រកប​ដោយការទទួលខុសត្រូវខ្ពស់។

           វេទិកានេះដែរមានសុន្ទរកថាគន្លឹះ ការធ្វើបទបង្ហាញ និងធ្វើការពិភាក្សាគ្នា ដើម្បីពិនិត្យមើលគោលនយោបាយ ទេសចរណ៍សំខាន់ៗ និងដំណោះស្រាយជាយុទ្ធសាស្រ្ត នាពេលអនាគត ដែលជាឱកាស ក្នុងការរួមចំណែកអភិវឌ្ឍ វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព និងភាពធន់ បន្ទាប់ពីវិបត្តិនៃជំងឺកូវីដ-១៩។

           លោកថោង រដ្ឋសក្តិ ក៏បានជួបពិភាក្សាជាមួយលោកស្រី Kang Ji Eun ប្រធានផ្នែកទេសចរណ៍អន្តរជាតិ នៃក្រសួងវប្បធម៌ កីឡា និងទេសចរណ៍កូរ៉េ ដើម្បីពិភាក្សាការងារលើផែនការសកម្ម​ភាពឆ្នាំ២០២៤ ស្តីពី Meetings Incentives, Conferences, and Exhibitions (MICE) និងជើងហោះហើរត្រង់ពីកូរ៉េ-កម្ពុជា (សេអ៊ូល-សៀមរាប ក្នុងមួយសប្តាហ៍២ជើង) ដោយកន្លងមកកម្ពុជាមានជើងហោះត្រង់ជាមួយកូរ៉េ-កម្ពុជា (សេអ៊ូល-ភ្នំពេញ ២ជើងក្នុងមួយសប្តាហ៍)។

មន្រ្តីជំនាញនៃក្រសួងទេសចរណ៍ នឹងបន្តការសិក្សាផ្ទាល់ចាប់ពីថ្ងៃទី៧-២៦ ខែមេសា ឆ្នាំ២០២៣ ស្តីពីវគ្គបណ្តុះបណ្តាលសម្រាប់អ្នកដឹកនាំកម្រិតជំនាញ។ ដោយកម្មវិធីបណ្តុះបណ្តាលនេះផ្តោតសំខាន់លើការពង្រឹងសមត្ថភាព ចំណេះដឹង ការយល់ដឹង និងជំនាញសំខាន់ៗ ដើម្បីគាំទ្រដល់ការរចនាគម្រោង អភិវឌ្ឍន៍ទេសចរ​ណ៍នាពេលអនាគតប្រកបដោយនិរន្តភាព និងភាពធន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here