វិនិយោគិនចិនបន្តចូលមកកម្ពុជា ទោះបីស្ថានភាពសេដ្ឋកិច្ច ខាងក្រៅកំពុងប្រឈមក្ដី

        ដោយៈ ​វឌ្ឈនៈ

ភ្នំពេញៈ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ វិនិយោគិននិងធុរជន ជនជាតិចិនកាន់តែច្រើនបានមកដល់ប្រទេសកម្ពុជា និងស្វែងរកការវិនិយោគ និងឱកាសធ្វើមុខជំនួញ ដើម្បីរកប្រាក់ចំណេញ បើទោះបីជាបច្ចុប្បន្ននេះ ស្ថានភាពសេដ្ឋកិច្ចសកល បន្តមានបញ្ហាប្រឈ​មក្ដី ។

ការមកដល់នៃវិនិយោគិន និងធុរជន ជនជាតិចិននៅកម្ពុជានេះ គឺនៅក្រោយការបើកប្រទេសឡើងវិញរបស់ចិន ដែលធ្វើឱ្យវិនិយោ​គិន ទេសចរណ៍ និងធុរជនចិនចេញក្រៅប្រទេសកាន់តែច្រើន ឬអាចនិយាយថាក្រោយពីពួកគាត់ ត្រូវបានជាប់ក្នុងប្រទេស ដោយសារតែវិបត្តិនៃជំងឺរាតត្បាតកូវីដ១៩ ។ កម្ពុជាក៏ជាប្រទេសមួយដែលចិនចាប់អារម្មណ៍ មកបណ្ដាក់ទុនក៏ដូចជាមកទស្សនាច្រើនផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កាលពីពេលថ្មីកន្លងទៅនេះ វិនិយោគិនចិន ប្រមាណជាង៥០ក្រុមហ៊ុនបានមកដល់កម្ពុជា និងធ្វើដំណើរបន្តទៅកាន់ខេត្តព្រះសីហនុ ដើម្បីសិក្សានិងស្វែងរកពីឱកាសវិនិយោគរបស់ខ្លួន នៅក្នុងតំបន់មួយនេះ ស្របនឹងខេត្តព្រះសីហនុ ជាគោលដៅទាក់ទាញសម្រាប់វិនិយោគិនបរទេស ជាពិសេសជនជាតិចិន។

មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលខេត្តមួយនេះក៏រំពឹងថា អគារជាប់គាំងទាំង១២០០អគារ នៅក្នុងខេត្តព្រះសីហនុ នឹងត្រូវដោះស្រាយជាបន្តបន្ទាប់ ហើយខាងក្រុមការងារនឹងស្វែងរកដៃគូ ដើម្បីបន្តដំណើរការអគារជាប់គាំងទាំងនោះ ។

ក្រៅពីនេះដែរ ថ្មីៗនេះ វិនិយោគិនចិនមកពីខេត្តសានតុងប្រទេ​សចិន ក៏បានមកជួបជាមួយនឹងមន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីសិក្សាពីកាលានុវត្តភាព និងសក្ដានុពលវិនិយោគនៅកម្ពុជាផងដែរ ។

មិនតែប៉ុណ្ណោះ មានក្រុមហ៊ុននិងសហគ្រាសរបស់ចិន ជាច្រើនទៀតក៏បានសម្លឹងពីឱកាស ក្នុងការវិនិយោគនៅកម្ពុជា ដោយរំពឹងថានាពេលឆាប់ៗនេះ ការវិនិយោគពីប្រទេសចិនមកកាន់កម្ពុជា នឹងមានកំណើនឡើងវិញ  ស្របនឹងកម្ពុជាក៏កំពុងត្រៀមខ្លួន ក្នុងការស្វាគមន៍វិនិយោគិនទាំងនោះផងដែរ ដូចជាការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែអន្តរជាតិ ព្រលានយន្តហោះអន្តរជាតិ ផ្លូវល្បឿនលឿន និងគម្រោងផ្លូវដែកល្បឿនលឿនជាដើម ។

លោកសន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ផងដែរថា នៅដើមឆ្នាំ ២០២៣នេះ រំហូរវិនិយោគិនបរទេសជាពិសេសប្រទេសចិន បានចូលមកកម្ពុជាឡើងវិញ ហើយបើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុនឃើញថាមានកំណើនគួរឱ្យកត់សម្គាល់ និងមានភាពប្រសើរជាងមុន ។

លោកបន្តថា “នេះជាសញ្ញាវិជ្ជមាន សម្រាប់សេដ្ឋកិច្ចនិងការវិនិយោគនៅក្នុងប្រទេសកម្ពុជា និងរំពឹងថានៅចុងឆ្នាំ២០២៣ឬដើមឆ្នាំ ២០២៤ខាងមុខនេះ ការវិនិយោគពីបរទេសក្នុងប្រទេសកម្ពុជាកាន់តែមានសន្ទុះកើនឡើងបន្ថែមទៀត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here