សភាពាណិជ្ជកម្មកម្ពុជានិងឥណ្ឌូនេសុីគ្រោងសហការគ្នាដើម្បីលើកកំពស់វិស័យពាណិជ្ជកម្មទ្វេរភាគី

ដោយ: គង់ លាងហួរ
ភ្នំពេញ: សភាពាណិជ្ជកម្មកម្ពុជា(CCC) និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌូនេស៊ី (KADIN) កំពុងជំរុញកិច្ចសហប្រតិបត្តិការលើពាណិជ្ជកម្ម និងការវិនិយោគទ្វេរភាគី ដោយស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យធុរកិច្ចក្នុងក្របខណ្ឌអាស៊ាន។

ការប្តេជ្ញាចិត្តនេះ ធ្វើឡើងនៅក្នុងជំនួបរវាងប្រធាន CCC អ្នកឧកញ៉ា គិត ម៉េង និងប្រធាន KADIN លោក Arsjad Rasjid ដែលជាប្រធានក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចអាស៊ានឆ្នាំ២០២៣នៅរាជធានីភ្នំពេញកាលពីពេលថ្មីៗនេះ។

កិច្ចពិភាក្សាបានផ្តោតសំខាន់លើការគាំទ្រ និងលើកកម្ពស់អាទិភាពនៃក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចអាស៊ាន ដែលដឹកនាំដោយប្រទេសឥណ្ឌូនេស៊ីសម្រាប់ឆ្នាំ២០២៣ ហើយភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងសភាពាណិជ្ជកម្មទាំងពីរ ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ចកម្ពុជា-ឥណ្ឌូនេស៊ីផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងជំនួបនោះ អ្នកឧកញ៉ា គិត ម៉េង បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចធុរកិច្ចរបស់គណៈប្រតិភូនៃក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចអាស៊ាន មកកាន់ប្រទេសកម្ពុជា ក្នុងគោលបំណងជំរុញធុរកិច្ច និងការវិនិយោគរវាងបណ្តាប្រទេសជាសមាជិកអាស៊ាន។

អ្នកឧកញ៉ាក៏បានឯកភាពជាគោលការណ៍ដើម្បីគាំទ្រខ្លឹមសារ និងអាទិភាពនៃក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចអាស៊ាន ដែលដឹកនាំដោយប្រទេសឥណ្ឌូនេស៊ី ដើម្បីផលប្រយោជន៍រួមរបស់អាស៊ានទាំងមូលផងដែរ។

អ្នកឧកញ៉ា គិត ម៉េង បានសម្តែងការគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចអាស៊ាន-ឥណ្ឌូនេស៊ី ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងតំបន់អាស៊ាន ជាពិសេសការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចកម្ពុជា-ឥណ្ឌូនេស៊ី។

អ្នកឧកញ៉ាបានបន្ថែមថា“ប្រទេសកម្ពុជាគឺជាទីផ្សារដ៏មានសក្តានុពលរបស់ប្រទេសឥណ្ឌូនេស៊ី ហើយក៏ជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏ធំបំផុតរបស់ប្រទេសឥណ្ឌូនេស៊ីផងដែរ”។

លោក Arsjad Rasjid បានស្វែងរកការគាំទ្រពី CCC និងក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចអាស៊ាន-កម្ពុជា លើអាទិភាពដែលកំណត់ដោយក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចអាស៊ាន-ឥណ្ឌូនេស៊ី រួមមានៈ ការផ្លាស់ប្តូរឌីជីថល ការអភិវឌ្ឍន៍ប្រកបដោយចីរភាព ភាពធន់នឹងវិបត្តិសុខភាព និងសន្តិសុខ អាហារ និងការសម្របសម្រួលពាណិជ្ជកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here