រដ្ឋមន្រ្តីសេដ្ឋកិច្ចស្វាគមន៍អ្នកវិនិយោគទុនកូរ៉េ ខណៈទំហំហិរញ្ញប្បទានកើនឡើង

ដោយៈ ម៉ាលីនណា

        ភ្នំពេញៈ លោកអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-សាធារណរដ្ឋកូរ៉េ ជាមួយ​លោកបណ្ឌិត PARK Jung-Wook ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣។

ក្នុងជំនួបនេះ អគ្គបណ្ឌិតសភាចារ្យ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរ​សាទរ ចំពោះ​លោកបណ្ឌិត PARK Jung-Wook ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅ​កម្ពុជា ​និងបន្តស្វាគមន៍អ្នកវិនិយោគទុន ពីប្រទេសកូរ៉េឲ្យបានច្រើនបន្ថែមទៀត​​ ខណៈចំពោះលំហូរទុន និងទំហំនៃការវិនិយោគឯកជនពីប្រទេសកូរ៉េខាងត្បូង មានការកើនឡើងជាបន្តបន្ទាប់។

លោកអូន ព័ន្ឋមុនីរ័ត្នបានបន្តថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (FTA) ដែលទើបតែចូលជាធរមានកាលពីដើមខែ ធ្នូ ឆ្នាំ ២០២២ នឹងជួយបង្កើនទំហំពាណិជ្ជកម្មនៃការនាំចេញ -នាំចូលរវាងប្រទេសទាំងពីរ ឲ្យកាន់តែមានភាពល្អប្រសើរ និងតាមរយៈកិច្ចព្រមព្រៀងស្តីពី ការលុបបំបាត់ការយកពន្ធត្រួតគ្នា (Double Taxation Agreement-DTA) រវាងកម្ពុជា-កូរ៉េ ក៏នឹងជាឧបករណ៍សម្រាប់ជួយបង្កបរិយាកាស នៃការវិនិយោគពីប្រទេសកូរ៉េ ឲ្យកាន់តែមានភាពល្អប្រសើរ និងទាក់ទាញវិនិយោគិន ឲ្យមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាក់ស្តែងថ្មីៗនេះ ក្រុមហ៊ុនធំៗរបស់កូរ៉េ បានមកបណ្តាក់ទុនវិនិយោគបង្កើតរោងចក្របង្គុំរថយន្តម៉ាកល្បីៗ នៅប្រទេសកម្ពុជាផងដែរ។

ជាមួយគ្នានេះអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលបានរួមចំណែកយ៉ាងសកម្ម ក្នុងដំណើរការកសាងសន្តិភាពស្តារ ក៏ដូចជា ចូលរួមចំណែកអភិវឌ្ឍន៍សង្គម -សេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ (Official Development Assistance – ODA) និងការវិនិយោគផ្ទាល់ ពីប្រទេសកូរ៉េនៅ​កម្ពុជា ។

លោកបន្តថា បើគិតចាប់ពីឆ្នាំ ១៩៩៦ ដល់ឆ្នាំ ២០២២​ ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណង មានចំនួនប្រមាណ៤៥៥លានដុល្លារអាមេរិក និង ក្នុងក្របខ័ណ្ឌឥណទានសម្បទាន គិតចាប់ពីឆ្នាំ២០០១ មកដល់ដំណាច់ឆ្នាំ ២០២២ ភាគីកូរ៉េបានសន្យា (Commitments) ផ្តល់ឥណទានសម្បទាន មានទឹកប្រាក់សរុបប្រមាណ១៨០០ លានដុល្លារអាមេរិក។ ចេញពីការសន្យានេះ​ មានកិច្ចព្រមព្រៀងឥណទាន សម្បទា នចំនួន៣២កិច្ចព្រមព្រៀង បានចុះហត្ថលេខា ដែលមានទឹកប្រាក់សរុប១៦០០លានដុល្លារអាមេរិក សម្រាប់ហិរញ្ញប្បទានដល់គម្រោងអភិវឌ្ឍន៍ និងកម្មវិធីចំនួន២៩ ។

អគ្គបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលបានសម្រេចផ្តល់នូវការសន្យាស្តីពី ការផ្តល់ឥណទានបន្តទៀត តាមរយៈកិច្ចសម្របសម្រួលក្របខ័ណ្ឌថ្មី (New Framework Arrangement) ដែលមានទំហំទឹកប្រាក់ឥណទានចំនួន១៥០០លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២២ ដល់ឆ្នាំ ២០២៦ ដែលផ្តោតបេក្ខភាពគម្រោង លើគម្រោងអភិវឌ្ឍន៍ស្របតាមវិស័យអាទិភាពសំខាន់ៗ និងស្របតាមយុទ្ធសាស្រ្តអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា ។

ជាមួយគ្នានេះ​ ភាគីទាំងពីរក៏បានពិភាក្សា អំពីគម្រោងអភិវឌ្ឍន៍ដែលមានភាពប្រឡាក់ក្រឡា ជាមួយនឹងគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (Cambodia- Korea Friendship Bridge) ក៏ដូចជាការចូលរួមអភិវឌ្ឍន៍ គម្រោងវិនិយោគនានាពីវិស័យឯកជនផងដែរ។

លោកបណ្ឌិត PARK Jung-Wook ក៏បានគូសបញ្ជាក់ជូនថា ក្នុងអាណត្តិបំពេញភារកិច្ចការទូតនេះ លោកនឹងបន្តខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យអាទិភាពរបស់ រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបន្តការគាំទ្រ នូវការផ្តល់ហិរញ្ញប្បទានសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ផ្លូវការទាំងក្នុងក្របខ័ណ្ឌ ហិរញ្ញប្បទា​ន​ឥតសំណង ឥណទានសម្បទាន ជំនួយបច្ចេកទេស និងកម្មវិធីចែករំលែកចំណេះដឹង ជាពិសេស ជំរុញការអភិវឌ្ឍវិស័យឯកជននានាឲ្យកាន់តែរីកចំរើនបន្ថែមទៀត៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here