កម្ពុជារកចំណូលបានជាង១១លានដុល្លារពីការលក់សំបុត្រចូលទស្សនាអង្គរក្នុងត្រីមាសទី១ឆ្នាំនេះ

ដោយ: គង់ លាងហួរ

សៀមរាប: ឧទ្យានបុរាណវិទ្យាអង្គរ ដ៏ល្បីល្បាញរបស់កម្ពុជាទទួលបានភ្ញៀវទេសចរបរទេស ចំនួន២៣៦.៣៤១នាក់ ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ ដែលកើនឡើងជិត១១ដង ពីចំនួន១៩.៨៤០នាក់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមសេចក្តីថ្លែងការណ៍ របស់គ្រឹះស្ថានអង្គរដែលគ្រប់​គ្រងដោយរដ្ឋបានឱ្យដឹងថា ឧទ្យានបុរាណរកចំណូលបាន១១,១លា​នដុល្លារអាមេរិក ពីការលក់សំបុត្រក្នុងអំឡុងខែមករា ដល់ខែមីនានៅឆ្នាំនេះ ពោលគឺកើនឡើងជាង១២ដង ពីត្រឹមតែ៨១៥.៥៧៥ដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

សេចក្តីថ្លែងការណ៍នោះបានបន្តថា នៅក្នុងខែមីនាតែមួយនេះ ឧទ្យាននេះបានស្វាគមន៍ ជនបរទេសចំនួន៧៩.៣៩០នាក់ ដែលរកប្រាក់ចំណូលបាន៣,៧៤លានដុល្លារពីការលក់សំបុត្រ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័គ បានវាយតម្លៃថា “កំណើនដ៏គួរឱ្យកត់សម្គាល់នេះ បណ្តាលមកពីការធ្វើឲ្យប្រសើរឡើង របស់ប្រទេសចិននៃយុទ្ធសាស្ត្រ ប្រឆាំងជំងឺកូវីដ-១៩ និងការបន្តដំណើរទេសចរណ៍ ជាក្រុមក្រៅប្រទេសរបស់ខ្លួនឡើងវិញនៅដើមឆ្នាំ២០២៣នេះ”។

លោកបានបញ្ជាក់ប្រាប់សារពត៌មាន Xinhua ថា “យើងជឿជាក់ថា ភ្ញៀវទេសចរបរទេសកាន់តែច្រើន នឹងធ្វើដំណើរមកកម្ពុជា ជាពិសេសមកកាន់អង្គរ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ដោយសារក្រុមហ៊ុនអាកាសចរណ៍ជាច្រើន បានបើកជើងហោះហើររបស់ពួកគេមកកាន់កម្ពុជាឡើងវិញ”។

លោកបានបន្ថែមថា “ការត្រលប់មកវិញរបស់ភ្ញៀវទេសចរ និងអ្នកវិនិយោគចិន គឺជាសញ្ញាដ៏ល្អសម្រាប់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងយុគសម័យនៃការរាតត្បាតនៃជំងឺកូវីដ-១៩”៕

LEAVE A REPLY

Please enter your comment!
Please enter your name here