មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មលើកឡើងពីផលិតផលផ្លែឈើនិង កសិផលសម្រាប់ទីផ្សារជប៉ុន

ដោយៈ ម៉ាលីនណា

        ភ្នំពេញៈ ប្រតិភូរាជរដ្ឋាភិបាល លោកកៅ កោសល អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពី “ផលិតផលផ្លែឈើក្រៀម និងផលិតផលកសិកម្មកម្ពុជា សម្រាប់ទីផ្សារប្រទេសជប៉ុន”។

លោកកោសល ជាមន្រ្តីទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងធ្វើការផ្សព្វផ្សាយ និងផ្ដល់ចំណេះដឹង បទពិសោធន៍ អំពីការជំរុញនាំចេញផលិតផលផ្លែឈើក្រៀម និងផលិតផលកសិកម្មកម្ពុជា សម្រាប់ទីផ្សារប្រទេសជប៉ុន ដែលជាទីផ្សារធំមួយក្នុងតំបន់ ក្រោយវិបត្តិជំងឺកូវីដ-១៩។

លោកកៅ កោសលបានបន្តថា បានលើកឡើងថាសិក្ខាសាលានេះ មានគោលបំណងធ្វើការផ្សព្វផ្សាយ និងផ្ដល់ចំណេះដឹង បទពិសោធន៍ អំពីការជំរុញនាំចេញផលិតផលផ្លែឈើក្រៀម និងផលិត​ផលកសិកម្មកម្ពុជា សម្រាប់ទីផ្សារប្រទេសជប៉ុន ដែលជាទីផ្សារធំមួយក្នុងតំបន់ ក្រោយវិបត្តិជំងឺកូវីដ-១៩។

លោកបន្តថា ក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ជប៉ុន មានទឹកប្រាក់ប្រមាណ១,៩៤៨លានដុល្លារអាមេរិក ក្នុងនោះ កម្ពុជាបាននាំចេញទៅជប៉ុន មានទឹកប្រាក់ប្រមាណជាង ១,១៧៣លានដុល្លារអាមេរិក និងជប៉ុនបាននាំចូលមកកម្ពុជាមានទឹកប្រាក់ប្រមាណជាង៧៧៥លានដុល្លារអាមេរិក។

លោកបន្តទៀតថា គម្រោងវិនិយោគសំខាន់ៗរបស់ជប៉ុន នៅកម្ពុជា រួមមាន៖ វិស័យបង្គុំរថយន្ដ និងបរិក្ខារបច្ចេកទេសកសិ-ឧស្សាហកម្ម ការកែច្នៃម្ហូបអាហារ សណ្ឋាគារ ទេសចរណ៍ មន្ទីរពេទ្យ និងផ្សារទំនើប។ ក្រៅពីគម្រោងវិនិយោគដែលបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏មាននូវវត្តមាននៃធុរកិច្ចជប៉ុនតូចធំ ប្រមាណ ១,៧០០ក្រុមហ៊ុន ដែលមានសកម្មភាពក្នុងវិស័យធនាគារ អាកាសចរណ៍ និងភោជនីយដ្ឋានជាដើម។

នៅក្នុងសិក្ខាសាលានេះ ក៏មានការធ្វើបទបង្ហាញចំនួន២ ពីសំណាក់វាគ្មិនមកពីវិស័យឯកជនជប៉ុន ដែលរួមមាន៖ បទបង្ហាញទី១ ស្តីពី “និន្នាការទីផ្សារជប៉ុននាពេលចុងក្រោយ” ដោយលោក Yoshitaka Tanaka ស្ថានិក /អគ្គនាយក នៃក្រុមហ៊ុន Tanaka Value-Plus Trading Co., LTD (Japan) and Grit Capital Ple Ltd (Singapore) and Director of Grit Capital (Cambodia) Co., Ltd។ បទបង្ហាញទី២ ស្តីពី “សក្តានុពលនៃផលិតផលផ្លែឈើក្រៀម និងផលិតផលកសិកម្មផ្សេងៗនៅកម្ពុជា” ដោយលោក​ Kazuhiro Okuda អ្នកគ្រប់គ្រង ទូទៅនៃក្រុមហ៊ុន S.E.A.T.S Farm។

ជាមួយគ្នានេះ លោកបណ្ឌិត Kunihiko​ HIRABAYASHI អគ្គលេខាធិការ នៃមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន មានចំណាប់អារម្មណ៍ចំពោះការដាំដុះនៅកម្ពុជា មានភាពសំបូរបែបប្រកបដោយសក្តានុពលខ្ពស់ និងធម្មជាតិ ដោយរក្សាទុករស់ជាតិដើម និងក្លិនពិសេស (ស្វាយ ស្វាយចន្ទី និងម្រេច) ជាដើម។

លោកបណ្ឌិតបន្តថា “ប្រទេសកម្ពុជាមានការអភិវឌ្ឍខ្ពស់ ផ្តោតសំខាន់លើវិស័យវាយនភណ្ឌ សំណង់ និងទេសចរណ៍ ជាពិសេស វិស័យកសិកម្មមានការដាំដុះគិតគូដល់និរន្តរភាព វិបុលភាព និងសុខភាព ប្រកបដោយសុវត្ថិភាព និងគុណភាព”។

លោកបណ្ឌិត ក៏បានបញ្ជាក់ជូនថា មជ្ឈមណ្ឌលអាស៊ាន-ជប៉ុន នឹងបន្តកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគឱ្យកាន់តែច្រើនឡើង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងប្រទេសជប៉ុន ព្រមទាំងលើកកម្ពស់សន្តិភាព ក្នុងតំបន់នៃសមាជិកអាស៊ានទាំង១០ និងប្រទេសជប៉ុនផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here