លោកស៊ូ សុជាតិៈទីផ្សារមូលបត្រជាប្រភពហិរញ្ញប្បទានសម្រាប់ SMEs

ដោយៈ ម៉ាលីនណា

        ភ្នំពេញៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃនិយតករមូលបត្រកម្ពុជាបានថ្លែងថា ទីផ្សារមូលបត្រ គឺជាប្រភពហិរញ្ញប្បទានសម្រាប់ SMEs ដើម្បីពង្រីកសក្តានុពលកំណើនរបស់ខ្លួន ជាមួយនឹងការទទួលបានដើមទុន ដោយទទួលបាននូវទំនុកចិត្ត ពីសាធារណជន។

លោកបន្តថា វាក៏ជាច្រកវិនិយោគ ដែលផ្តល់ឱកាសឱ្យសាធា​រណជន និងសហគ្រិនក្លាយជាភាគហ៊ុនិក របស់ក្រុមហ៊ុនដែលចុះបញ្ជីលក់មូលបត្រនៅកម្ពុជា ដោយងាយស្រួល និងមិនសាំញ៉ាំផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស៊ូ សុជាតិបានមានប្រសាសន៍បែបនេះ ធ្វើឡើងក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពី “កិច្ចសហប្រតិបត្តិការ លើការលើកកម្ពស់ការយល់ដឹង និងជំរុញការចូលរួមរបស់ សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យមូលបត្រនៅកម្ពុជា” រវាងនិយ័តករមូលបត្រកម្ពុជា និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។

លោកបន្តថា ការកៀរគរមូលនិធិ តាមរយៈទីផ្សារមូលបត្រ មិនត្រឹមតែអាចផ្តល់នូវដើមទុនសម្រាប់ SMEs យកទៅពង្រីកអាជីវកម្មប៉ុណ្ណោះទេ ថែមទាំងអាចជួយលើកកម្ពស់ស្តង់ដាអាជីវកម្ម តម្លាភាព អភិបាលកិច្ចល្អ កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន ដែលនឹងពង្រឹងទំនុកចិត្តកាន់តែខ្លាំង មកលើក្រុមហ៊ុនបោះផ្សាយ។

ជាមួយគ្នានេះ លោកឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាបានថ្លែងថា គិតមកដល់ពេលសមាជិករបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានកើតឡើងដល់ជាង៦០០នាក់ ហើយមានសាខា នៅតាមបណ្តារាជធានីខេត្តចំនួន៦ ដូចជាភ្នំពេញ សៀមរាប បាត់ដំបង បន្ទាយមានជ័យ ត្បូងឃ្មុំ និងព្រះសីហនុ។ លើសពីនេះ សមាគមនឹងពង្រីងសាខារបស់ខ្លួន ឲ្យគ្រប់ខេត្តនៅឆ្នាំ២០២៦ ដែលធ្វើសមាជិកកើនឡើងដល់១៥០០នាក់។

លោកឧកញ៉ាប៉ិច បូឡែនបានបន្តថា ការចុះបញ្ជីត្រឹមត្រូវ SMEs នឹងទទួលបានការជួយជ្រោមជ្រែង ពីរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ទាំងការទទួលបានឥណទាន ពង្រីកអាជីវកម្ម ហើយអាចពេលអនា​គតឡើងផ្សារហ៊ុនទៀតផង។

ក្នុងឆ្នាំ២០២៣នឹងមានក្រុមហ៊ុនមួយចំនួនទៀត បោះផ្សាយលក់មូលបត្រតាមរយៈទីផ្សារមូលបត្រ ដែលនាពេលថ្មីនេះ ផ្សារមូលបត្រកម្ពុជា បានផ្តល់ការអនុញ្ញាតជាគោលការណ៍ដល់ក្រុមហ៊ុនចំនួន២ រួមមានក្រុមហ៊ុន ម៉េងលី ជេ. គួច អេដ្យូខេសិន ម.ក និងក្រុមហ៊ុនខេម ជី អេសអឹម ភីអិលស៊ី (Cellcard)៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here