ធនាគារពិភពលោកៈ សេដ្ឋកិច្ចអាស៊ីបូព៌ានិងប៉ាស៊ីហ្វិកនឹងមានកំណើនកាន់តែលឿន

ដោយៈ វឌ្ឈនៈ

ភ្នំពេញៈ ធនាគារពិភពលោក បានព្យាករកំណើនសេដ្ឋកិច្ចក្នុងតំបន់ អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកដែលកំពុងអភិវឌ្ឍន៍ នឹងមានល្បឿនលឿនថែមទៀត ក្នុងឆ្នាំ២០២៣នេះ ខណៈសេដ្ឋកិច្ចប្រទេសចិនបើកដំណើរការឡើងវិញ។

ប៉ុន្តែកំណើនសេដ្ឋកិច្ចភាគច្រើន នៃផ្នែកផ្សេងទៀតក្នុងតំបន់ ត្រូវបានគេរំពឹងថា នឹងថមថយបន្តិចវិញ បន្ទាប់ពីបានស្ទុះងើបឡើងខ្លាំងកាលពីឆ្នាំមុន។

របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ច តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកខែមេសា ២០២៣ បានបង្ហាញថា ដ្បិតតែវាកំពុងមានភាពស្វាហាប់ក៏ដោយ សកម្មភាពសេដ្ឋកិច្ចនៅទូទាំងតំបន់ អាចនឹងជួបភាពបន្ទុចបង្អាក់វិញនៅឆ្នាំនេះ ដោយការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចសកល ការឡើងថ្លៃទំនិញសព្វសារពើ និងការរឹតបន្តឹងផ្នែកហិរញ្ញវត្ថុ ដើម្បីទប់ទល់នឹងអតិផរណា ដែលនៅតែបន្តឥតស្រាកស្រាន្ត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍ដដែលឱ្យដឹងថា នៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដែលកំពុងអភិវឌ្ឍន៍ សេដ្ឋកិច្ចត្រូវបានព្យាករថា នឹងទទួលបានកំណើនរហូតដល់៥,១ភាគរយ ក្នុងឆ្នាំ២០២៣ ពី៣,៥ភាគរយក្នុងឆ្នាំ ២០២២ ដោយសារតែការបើកឡើងវិញរបស់ប្រទេសចិន ជួយឱ្យសេដ្ឋកិច្ចរបស់ខ្លួន មានកំណើនស្ទុះឡើងដល់៥,១ភាគរយ ពីកម្រិត ៣ភាគរយក្នុងឆ្នាំ ២០២២ ។

ចំណែកនៅក្នុងតំបន់ខាងក្រៅប្រទេសចិន កំណើនត្រូវបានគេរំពឹងថា ស្រុតចុះមកនៅត្រឹម៤,៩ភាគរយ ក្រោយពីមានសន្ទុះស្វា​ហាប់ឡើងដល់៥,៨ភាគរយក្នុងឆ្នាំ ២០២២ ក្រោយសម័យកូវីដ១៩ ដោយសារអតិផរណា និងបំណុលគ្រួសារកើនឡើង បានដាក់សម្ពាធទៅលើការប្រើប្រាស់ទទួលទាន ក្នុងបណ្ដាប្រទេសមួយចំនួន ។

លោកស្រី ម៉ានូអែលឡា ហ្វេរ៉ូ អនុប្រធានធនាគារពិភពលោក ប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក មានប្រសាសន៍ថា ប្រទេសភាគច្រើនក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានឆ្លងផុតការលំបាកក្នុងសម័យជំងឺរាតត្បាតរួចហើយ ប៉ុន្តែពេលនេះ ត្រូវធ្វើម៉េចដើម្បីបន្តដំណើរទៅមុខ នៅលើទីលានសេដ្ឋកិច្ចសកលមួយ ដែលមានការប្រែប្រួល ។

លោកស្រីបញ្ជាក់ថា “ដើម្បីរក្សាសន្ទុះនេះ នៅមានកិច្ចការដែលត្រូវធ្វើដើម្បីជំរុញនវានុវត្តន៍ និងផលិតភាពឱ្យកាន់តែខ្លាំងថែមទៀត និងរៀបចំគ្រឹះមូលដ្ឋាន សម្រាប់ការស្ដារឡើងវិញ កាន់តែមានភាពបៃតងជាងបច្ចុប្បន្ន”។

របាយការណ៍ធនាគារ​ពិភពលោក​ឱ្យដឹងថា ​នៅក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចធំ ភាគច្រើនរួមមានប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន ថៃ និងវៀតណាម សេដ្ឋកិច្ចត្រូវបានគេរំពឹងថា នឹងកើនឡើងតិចតួចទេ នៅក្នុងឆ្នាំ២០២៣ ធៀបទៅនឹងឆ្នាំ ២០២២ ។

បណ្ដាប្រទេសកោះ ប៉ាស៊ីហ្វិក ភាគច្រើនត្រូវបានគេព្យាករថា នឹងមានកំណើនសេដ្ឋកិច្ច កាន់តែលឿននៅឆ្នាំ២០២៣ លើកលែងតែប្រទេសហ្វីជី ដែលកំណើននឹងថមថយបន្តិចវិញ បន្ទាប់ពីមានល្បឿនស្ទុះខ្លាំងនៅក្នុងឆ្នាំ២០២២៕

LEAVE A REPLY

Please enter your comment!
Please enter your name here