យុវជនជាង៣០០០នាក់បានទទួលការបណ្តុះបណ្តាលជំនាញ បដិសណ្ឋារកិច្ច

 ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍​បានថ្លែងថា ហូកា​ បានផ្តល់ជំនាញវិជ្ជាជីវៈពិតប្រាកដដល់យុវជន និងយុវនារីងាយរងគ្រោះ និងអ្នកជំនាញកម្រិតទាប នៅតាមខេត្តដាច់ស្រយាល។

លោកប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា បានថ្លែងបញ្ជាក់ក្នុង​សិក្ខាសាលាកាលពីថ្ងៃទី៣០ មិនាថា ការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ជំនាញហូកា គឺសំដៅផ្តល់នូវជំនាញវិជ្ជាជីវៈពិតប្រាកដ ដល់យុវជននិងយុវនារីងាយរងគ្រោះ និងអ្នកជំនាញកម្រិតទាប នៅតាមខេត្តគោលដៅដាច់ស្រយាល ជាពិសេសការបើកឱកាសសម្រាប់ការសិក្សាពេញមួយជីវិតដល់យុវជនកម្ពុជា។

ការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ជំនាញហូកា ក៏ជាការបង្កើតឱកាសការងារដល់យុជន ដើម្បីទទួលបានប្រាក់ចំណូលសមរម្យ និងមានវិថីអភិវឌ្ឍន៍ជំនាញច្បាស់លាស់ ជាតួនាទីគ្រប់ភាគីពាក់ព័ន្ធ ក្នុងនោះដែរ ទាក់ទងនឹងការអភិវឌ្ឍធនធានមនុស្ស ក្រសួងទេសចរណ៍បានដាក់ចុះនូវយុទ្ធនាការ៖ «បុគ្គលិកម្នាក់ ជំនាញមួយ (One Employee One Skill)» ដែលមានចក្ខុវិស័យធ្វើយ៉ាងណាឲ្យអ្នកជំនាញទាំងអស់មានជំនាញ និងសមត្ថភាពទទួលស្គាល់ស្របតាមស្តង់ដាជាតិ និងអាស៊ាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា រូបនេះបានបន្ថែមទៀតថា ការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ជំនាញហូកា នេះ គិតចាប់ពីការចាប់ផ្តើមធ្វើការបណ្តុះបណ្តាល ចាប់តាំងពីឆ្នាំ២០១៦ រហូ​តដល់ឆ្នាំ២០២២ បានធ្វើការបណ្តុះបណ្តាលដល់យុវជន និងយុវនារីងាយរងគ្រោះ ឱ្យជំនាញវិជ្ជាជីវៈពិតប្រាកដ បានចំនួនជាង៣000នាក់ផងដែរ។

លោកប៉ាក់ សុខុម បានបន្ថែមទៀតថា ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ នឹងចូលរួមដោយផ្ទាល់ក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព SDG 4 ដែលចែងថា ធានាឲ្យបាននូវការអប់រំបណ្តុះបណ្តាល ប្រកបដោយគុណភាព សមធម៌ និងបរិយាប័ន្ន ព្រមទាំងលើកកម្ពស់ការសិក្សាពេញមួយជីវិត (Lifelong Learning) ដល់ជនគ្រប់រូប និង SDG 8 ចែងថា ជំរុញកំណើនសេដ្ឋកិច្ច និងការងារសមរម្យដល់ជនគ្រប់រូប។

លោកបន្តថា នៅក្នុងកម្រិតតំបន់ប្រទេស ជាសមាជិកអាស៊ាន បានរួមគ្នាអនុវត្តស្មារតីនៃកិច្ចព្រមព្រៀង ទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (ASEAN MRA-TP) ដោយបានអនុវត្តស្តង់ដាអប្បបរមា សម្រាប់ការបណ្តុះបណ្តាល និងវាយតម្លៃអ្នកជំនាញទេសចរណ៍ ដើម្បីទទួលស្គាល់គុណវុឌ្ឍិជាក់លាក់កម្រិតអាស៊ាន សំដៅសម្រួលដល់ការបម្លាស់ទីការងារក្នុងតំបន់។ ជាលទ្ធផលគួរឲ្យមោទនភាព កម្ពុជាត្រូវបានអាស៊ានទទួលស្គាល់ថាជាប្រទេសនាំមុខគេ ក្នុងការអភិវឌ្ឍជំនាញ ក្នុងក្របខណ្ឌនៃការអនុវត្តកិច្ចព្រមព្រៀង ទទួលស្គាល់គ្នាទៅវិញទៅមក លើអ្នកជំនាញទេសច​រណ៍អាស៊ាន (MRA) លើមុខបរបរចំនួន៦៤ ក្នុងសេវាកម្មសណ្ឋាគារ សេវាកម្មធ្វើដំណើរ និងក្នុងសេវាកម្មម៉ាស្សា-ស្ប៉ា ក្រោមដឹកនាំរបស់គណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here