ដោយ: គង់ លាងហួរ
សៀមរាប: យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាបបានឱ្យដឹងថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបចំនួន ៨.៧២៦នាក់ បាននាំគ្នាទៅទស្សនាប្រាសាទអង្គរវត្ត ក្នុងក្រុងសៀមរាប ដើម្បីទស្សនា និងថតរូបព្រឹត្តិការណ៍សមរាត្រី Equinox ដែលជាបាតុភូតធម្មជាតិ ពេលព្រះអាទិត្យរះចំកណ្តាលប្រាង្គប្រាសាទអង្គរវត្ត។
នៅក្នុងចំណោមអ្នកទស្សនាចូលរួមទាំងអស់ដែលបានកត់ត្រានោះ មន្ទីរទេសចរណ៍ខេត្តសៀមរាបបានបន្ថែមថា ក្នុងនោះ៦.៥០០នាក់ជាភ្ញៀវទេសចរជាតិ និងប្រជាជនក្នុងស្រុក និង២.២២៦នាក់ទៀតជាភ្ញៀវទេសចរបរទេស។
លោក អុឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងទំនាក់ទំនង បានមានប្រសាសន៍ថា “ព្រឹត្តិការណ៍សមរាត្រី Equinox គឺជាពេលវេលាដែលពេលថ្ងៃ និងពេលយប់មានប្រវែងប្រហាក់ប្រហែលគ្នា ខុសពីខែធម្មតាខ្លះ យប់វែងជាងពេលថ្ងៃ ឬថ្ងៃវែងជាងយប់ដែលតែងតែកើតឡើងនៅក្នុងពិភពលោក”។
ព្រឹត្តិការណ៍ថ្ងៃរះពិសេសនេះ កើតឡើងចំនួន២ដងក្នុងមួយឆ្នាំ គឺក្នុងខែមីនា (Spring Equinox) និងក្នុងខែកញ្ញា (សរទរដូវ Equinox)។
យោងតាមគេហទំព័រ.Mornings.co.uk ដែលជាគេហទំព័រដ៏ល្បីល្បាញរបស់ចក្រភពអង់គ្លេសបានឱ្យដឹងថា ប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា ត្រូវបានជាប់ចំណាត់ថ្នាក់លេខ១ ជាកន្លែងមើលថ្ងៃរះដ៏ល្អបំផុតរបស់ពិភពលោក។
ប្រាសាទអង្គរវត្តជាអច្ឆរិយវត្ថុមួយក្នុងចំណោមអច្ឆរិយៈទាំង៧របស់ពិភពលោក និងជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ និងសម្បូរទៅដោយវប្បធម៌ប្រវត្តិសាស្ត្រ ហើយប្រាសាទអង្គរវត្តជាកន្លែងទាក់ទាញដែលត្រូវតែទៅទស្សនាមួយ៕