ប្រាក់បញ្ញើនិងឥណទានជាប្រាក់រៀលជួយដល់កិច្ចខិតខំប្រឹងប្រែង បដិដុល្លារូបនីយកម្មនៅកម្ពុជា

ដោយ: គង់ លាងហួរ

ភ្នំពេញ: ប្រព័ន្ធធនាគារបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយដល់ការស្ដារ ឡើងវិញរបស់កម្ពុជាពីវិបត្តិសេដ្ឋកិច្ច បន្ទាប់ពីជំងឺកូវីដ-១៩ ដោយធនាគារជាតិនៃកម្ពុជា បន្តអនុវត្តនយោបាយរូបិយវត្ថុគាំទ្រកំណើន ដោយប្រុងប្រយ័ត្ន ដើម្បីបំពេញតម្រូវការសេដ្ឋកិច្ច។

ធនាគារជាតិនៃកម្ពុជា ក៏បាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ដើម្បីកាត់បន្ថយកម្រិតនៃការប្រើប្រាស់ប្រាក់ដុល្លារក្នុងសេដ្ឋកិច្ច តាមរយៈការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ដែលជារូបិយវត្ថុជាតិ។

យោងតាមរបាយការណ៍ស្តីពី ស្ថានភាពស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២១ របស់ធនាគារជាតិនៃកម្ពុជា ទោះបីជាមានយន្តការជាបន្តបន្ទាប់ក៏ដោយ កម្រិតដុល្លារូបនីយកម្ម ក្នុងប្រទេសនៅមានកម្រិតលើសពី៨០ភាគរយ។ របាយការណ៍នេះបានលើកឡើងថា កម្រិតខ្ពស់នៃការប្រើប្រាស់ប្រាក់ដុល្លារ បានដាក់កំហិតតួនាទីរបស់ធនាគារកណ្ដាល ក្នុងការធ្វើឱ្យមានឥទ្ធិពល លើការផ្គត់ផ្គង់សាច់ប្រាក់ក្នុងសេដ្ឋកិច្ច និងកម្រិតអត្រាការប្រាក់ក្នុងប្រទេស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យន្តការដែលធ្វើឡើង ដោយធនាគារជាតិនៃកម្ពុជា ដើម្បីធ្វើបដិដុល្លារូបនីយកម្ម រួមមាន បទប្បញ្ញត្តិនានាដែលមានគោលដៅជំរុញឥណទានជាប្រាក់រៀល។

ធនាគារជាតិនៃកម្ពុជាមានទស្សនៈថា សេដ្ឋកិច្ចដែលផ្អែកលើប្រាក់រៀល កាន់តែច្រើននឹងអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជា អនុវត្តន៍នយោបាយរូបិយវត្ថុ ប្រកបដោយប្រសិទ្ឋភាពក្នុងការ ឆ្លើយតបទៅនឹងវិបត្តិសេដ្ឋកិច្ច។ ខណៈពេលដែលការផ្ដល់ប្រាក់កម្ចី ជាប្រាក់រៀលរបស់ធនាគារពាណិជ្ជនានា មានសមាមាត្រលើសពីកម្រិត ដែលតម្រូវដោយធនាគារជាតិនៃកម្ពុជា ដែលមានអត្រា១០ភាគរយ ការផ្តល់ប្រាក់កម្ចីភាគច្រើន នៅតែបន្តធ្វើឡើងជាប្រាក់ដុល្លារអាមេរិក។

ឥណទានសរុប តាមប្រភេទរូបិយប័ណ្ណបានបង្ហាញថា ជិត៨៨,៦ភាគរយ នៃឥណទានសរុបក្នុងឆ្នាំ២០២១ ជាប្រាក់ដុល្លារ ដោយឥណទានជាប្រាក់រៀល មានប្រហែល១១,៤ភាគរយ។

ដំណើរផ្លាស់ប្តូរឆ្ពោះទៅការប្រើប្រាស់ប្រាក់រៀល ក្នុងការផ្តល់ឥណទាននេះ ត្រូវបានគាំទ្រយ៉ាងខ្លាំង ដោយធនាគារជាតិនៃកម្ពុជា ដោយការផ្តល់សន្ទនីយភាពជាប្រាក់រៀល តាមរយៈប្រតិបត្តិការផ្ដល់សន្ទនីយភាពមានការធានា (Liquidity-Providing Collateralized Operations – LPCO) ចាប់តាំងពីឆ្នាំ២០១៦។

ទន្ទឹមនេះ ភាគច្រើននៃប្រាក់បញ្ញើនៅធនាគារនានា ក៏នៅតែធ្វើឡើងជាប្រាក់ដុល្លារ ដែលស្មើនឹង៩១,៤ភាគរយ នៃប្រាក់បញ្ញើសរុប ក្នុងឆ្នាំ២០២១។ ទោះយ៉ាងណា សមាមាត្រនៃប្រាក់បញ្ញើជាប្រាក់រៀល បានកើនឡើងពី៦,១ភាគរយ ក្នុងឆ្នាំ២០១៨ ទៅប្រហែល៩ភាគរយ ក្នុងឆ្នាំ២០២១។

គោលការណ៍របស់ធនាគារជាតិនៃកម្ពុជា ដែលតម្រូវឱ្យធនាគារនានា ផ្តល់ឥណទានយ៉ាងតិច១០ភាគរយ នៃឥណទានសរុបជាប្រាក់រៀល បានលើកទឹកចិត្តឱ្យធនាគារបង្កើន ការកៀរគរប្រាក់បញ្ញើជាប្រាក់រៀលបន្ថែមទៀត។ ទោះយ៉ាងណា របាយការណ៍ស្ថិរភាពហិរញ្ញវត្ថុនេះបានលើកឡើងថា ទំហំនៃឥណទានជាប្រាក់រៀលមានចំនួន១៨,៣ទ្រីលានរៀល គឺបន្តច្រើនជាងប្រាក់បញ្ញើជាប្រាក់រៀល ដែលមានទំហំ១៣,៧ទ្រីលានរៀល ដែលធនាគារបានប្រមូលបាននៅឆ្នាំ២០២១។

ប៉ុន្តែបើប្រៀបធៀបទៅនឹងប្រជាជនកម្ពុជា ដែលមិនប្រើធនាគារ ដែលពួកគេប្រើប្រាស់ប្រាក់រៀល ស្ទើរតែក្នុងរាល់ប្រតិបត្តិការទាំងអស់គឺក្រុមប្រជាជន ដែលប្រើប្រាស់ប្រព័ន្ធធនាគារ ដែលជាអ្នកបន្តគាំទ្រប្រតិបត្តិការប្រាក់ដុល្លារ។

នេះគឺដោយសារតែការទទួលស្គាល់ ប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណអន្តរជាតិដែលមានស្ថិរភាព។ យោងតាមការអង្កេតទីផ្សារនិងអ្នកដឹកនាំ ធុរកិច្ចនានា សេដ្ឋកិច្ចប្រើប្រាស់រូបិយប័ណ្ណពីរ បានជួយកម្ពុជា ក្នុងការទាក់ទាញការវិនិយោគបរទេសយ៉ាងច្រើន។

លោក ឡោ វិចិត្រ ប្រធានសមាគមអចលនទ្រព្យសកលរាជធានី ភ្នំពេញ (GRA) បានមានប្រសាសន៍ថា “សេដ្ឋកិច្ចប្រើប្រាស់រូបិយប័ណ្ណពីរ បានរួមចំណែកដល់ស្ថិរភាពនៃប្រាក់រៀល ក្នុងរយៈពេលថ្មីៗនេះ នៅពេលដែលរូបិយប័ណ្ណប្រទេសអាស៊ាន ស្ទើរតែទាំងអស់ផ្សេងទៀតបានធ្លាក់ថ្លៃធៀបនឹងប្រាក់ដុល្លារអាមេរិក”។

លោកបានបន្តថា “យើងបានឃើញហើយថា ប្រាក់បាតថៃ ប្រាក់រីងហ្គីតម៉ាឡេស៊ី និងប្រាក់ដុងវៀតណាម សុទ្ធតែបានធ្លាក់ថ្លៃធៀបនឹងប្រាក់ដុល្លារ បន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ”។លោកបន្តថា “ ស្ថិរភាពប្រាក់រៀល ត្រូវបានគេជឿថាត្រូវបានរួមចំណែក ដោយសេដ្ឋកិច្ចដែលប្រើប្រាស់រូបិយប័ណ្ណពីរ”។

លោក ឡោ វិចិត្រ បានបន្ថែមថា វិនិយោគិនបរទសតែងតែវាយតម្លហានិភ័យរូបិយប័ណ្ណ មុនពេលធ្វើការសម្រេចចិត្ត។ ការពុំមានការហាមឃាត់ ក្នុងការចរាចររូបិយប័ណ្ណ ចេញឬចូលប្រទេសក៏បានជួយផងដែរ។

ជាមួយគ្នានេះលោកបណ្ឌិតBen Li ស្ថាបនិក និងជាប្រធានក្រុមហ៊ុន Urban Village Factory Phnom Penh ក៏បានលើកឡើងនាពេលថ្មីៗនេះដូច លោក ឡោ វិចិត្រ ដែរថា “ប្រទេសកម្ពុជាមានសេដ្ឋកិច្ចដែលប្រើប្រាស់ រូបិយប័ណ្ណពីរ ដោយប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណមួយក្នុងចំណោមនោះ គឺជាការទាក់ទាញដ៏សំខាន់សម្រាប់អ្នកវិនិយោគបរទេស ហើយទីផ្សារអចលនទ្រព្យ គឺជាអ្នកទទួលផលដ៏សំខាន់មួយពីការអនុវត្តនេះ”។

យោងតាមរបាយការណ៍វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធ​នាគារ ឆ្នាំ២០២២ និងទស្សនវិស័យឆ្នាំ២០២៣ របស់ធនាគារជាតិនៃកម្ពុជា ការធ្វើឱ្យមានស្ថិរភាពនៃអត្រាប្ដូរប្រាក់ គឺជាកត្តាសំខាន់មួយ ដើម្បីរក្សាស្ថិរភាពថ្លៃនៅក្នុងបរិបទនដុល្លារូបនីយកម្មខ្ពស់។

របាយការណ៍ក៏បានព្យាករថា អតិផរណានៅកម្ពុជាត្រូវបានព្យាករណ៍ថា នឹងថយមក២,៥ភាគរយនៅឆ្នាំនេះ។

របាយការណ៍បានលើកឡើងថា “គួរកត់សំគាល់ថា ស្ថិរភាពនៃអត្រាប្ដូរប្រាក់ ជាពិសេសរវាងប្រាក់រៀល និងប្រាក់ដុល្លារអាមេរិក នឹងរក្សានូវអំណាចទិញរបស់ប្រជាពលរដ្ឋ ដែលមានប្រាក់ចំណូលជាប្រាក់រៀល និងរួមចំណែកក្នុងការបន្ទាបថ្លៃទំនិញនាំចូល”។

ទោះយ៉ាងណា ដោយសារដុល្លារូបនីយកម្មខ្ពស់ ការឡើងថ្លៃនៃប្រាក់ដុល្លាអាមេរិក ក៏នឹងធ្វើឱ្យតម្លៃនៃការនាំចេញរបស់កម្ពុជា កើនឡើងផងដែរ ដែលអាចជាបញ្ហាប្រឈមមួយទៀតរបស់កម្ពុជា។

គោលនយោបាយរបស់រដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជានៅតែបន្ត ក្នុងទិសដៅនៃបដិដុល្លារូបនីយកម្ម ហើយការលើកទឹកចិត្តឱ្យធនាគារពាណិជ្ជនានា ផ្ដល់ឥណទានជាប្រាក់រៀល និងទទួលយកប្រាក់បញ្ញើជាប្រាក់រៀល បានជួយជំរុញប្រជាជនដែលប្រើប្រាស់ប្រព័ន្ធធនាគារឱ្យប្រើប្រាស់ប្រាក់រៀល។ ដំណើរការនេះ ទោះបីជាយឺតក៏ដោយ ក៏នៅតែបន្តវិវឌ្ឍប្រសើរឡើងជាលំដាប់។

បដិដុល្លារូបនីយកម្ម ក៏មានសារៈសំខាន់ខាងវប្បធម៌ និងភូមិសាស្ត្រនយោបាយ ដល់ប្រទេសជាច្រើន ជុំវិញពិភពលោករួមទាំងកម្ពុជាផងដែរ ហើយដំណើរទៅមុខ នៃការដកប្រាក់ដុល្លារចេញពីសេដ្ឋកិច្ច ឆ្លុះបញ្ចាំងពីនិន្នាការនៃការឃ្លាតចេញពី ប្រាក់ដុល្លារដែលកំពុងកើតឡើងជាសន្សឹមៗ នៅក្នុងប្រទេសសេដ្ឋកិច្ចសំខាន់ៗមួយចំនួន ដូចជា ប្រទេសចិន និងបណ្តាប្រទេសលោកខាងលិច ដូចជា សហភាពអឺរ៉ុបជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here