ប្រទេសថៃគ្រោងបោះទុន៦០៣លានដុល្លារសាងសង់បណ្តាញផ្លូវដែកក្នុងទីក្រុងដំបូងគេបង្អស់ នៅក្រៅក្រុងបាងកក ចាប់ពីឆ្នាំ២០២៤

ដោយ: គង់ លាងហួរ
បាងកក: ផែនការប្រកបដោយមហិច្ឆតាក្នុងការសាងសង់បណ្តាញផ្លូវដែកក្នុងទីក្រុងដំបូងគេរបស់ប្រទេសថៃ នៅខាងក្រៅទីក្រុងបាងកកនឹងសម្រេចបាននៅក្នុងទីក្រុងខនខេនភាគឦសាន។

ការងារនេះនឹងចាប់ផ្តើមដំណើរការនៅឆ្នាំ២០២៤ខាងមុខ នៅលើប្រព័ន្ធផ្លូវរថភ្លើងធុនស្រាលប្រវែង២៦គីឡូម៉ែត្រ ដើម្បីរត់ឆ្លងកាត់កាត់ទីក្រុងនេះ។

ប្រព័ន្ធដឹកជញ្ជូនសាធារណៈនេះត្រូវបានស្នើឡើងជាលើកដំបូង កាលពី៨ឆ្នាំមុន សាកសមនឹងកម្មវិធីអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃធំជាងរបស់ខេត្តខនខេន ដែលមានគម្រោងជាង១០០កំពុងអភិវឌ្ឍ។ ប្រព័ន្ធផ្លូវដែកធុនស្រាលនេះ ក៏នឹងតភ្ជាប់ជាមួយផ្លូវរថភ្លើងល្បឿនលឿនដ៏ធំដែលឆ្លងកាត់ពីប្រទេសចិនទៅឡាវ និងប្រទេសថៃផងដែរ។

គម្រោងតម្លៃ២១ពាន់លានបាត(៦០៣លានដុល្លារអាមេរិក)នេះ មិនត្រឹមតែជាដំណោះស្រាយចំពោះការកកស្ទះចរាចរណ៍ប៉ុណ្ណោះទេ តែវាក៏ទម្លុះគំនិតដែលថា ខេត្តនានាអាចមានស្វ័យភាពក្នុងការបន្តគម្រោងខ្នាតធំដោយមិនពឹងផ្អែកលើរដ្ឋាភិបាលកណ្តាលរបស់ទីក្រុងបាងកកដើម្បីដឹកនាំគំនិតផ្តួចផ្តើមបែបនេះផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Suradech Taweesaengsakulthai ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនដឹកជញ្ជូន និងផលិតកម្ម Cho Thavee បានមានប្រសាសន៍ថា“សម្រាប់គម្រោងបែបនេះ ជាធម្មតាគេពឹងផ្អែកលើរដ្ឋាភិបាលកណ្តាលក្នុងការរៀបចំផែនការ និងដឹកនាំវា ប៉ុន្តែនៅទីនេះវិញក្នុងខេត្តខនខេន យើងបានមើលឃើញពីបញ្ហារបស់ទីក្រុងនេះ”។

នៅក្រោមប្រព័ន្ធគ្រប់គ្រងកណ្តាលយ៉ាងខ្ពស់របស់ប្រទេសថៃ រដ្ឋាភិបាលថ្នាក់ជាតិមានការរឹតបន្តឹងលើការចំណាយ ហើយជាធម្មតា ធនធានត្រូវបានប្រមូលផ្តុំនៅក្នុងរាជធានីបាងកក ឬទីក្រុងនានាដែលផ្តោតគោលដៅលើការអភិវឌ្ឍន៍។

សាស្ត្រាចារ្យផ្នែករដ្ឋបាលសាធារណៈ លោក Jackrit Kamudhamas មកពីសាកលវិទ្យាល័យខនខេនបានមានប្រសាសន៍ថា “ការអនុម័តដោយជោគជ័យ និងការចាប់ផ្តើមគម្រោងរថភ្លើងធុនស្រាលនៅក្នុងខេត្តបន្ទាប់បន្សំដូចជាខុនខេន តំណាងឱ្យវិមជ្ឈការនៃដំណើរការអភិវឌ្ឍន៍ និងការចែកចាយធនធាន”។

លោកសាស្ត្រាចារ្យ Jackrit បានបន្ថែមថា “វាតំណាងឱ្យលើសពីប្រព័ន្ធដឹកជញ្ជូន ហើយវាក៏តំណាងឱ្យការប្រយុទ្ធប្រឆាំងនឹងការបែងចែកធនធានមិនស្មើគ្នារវាងរាជធានី និងទីក្រុងក្នុងតំបន់នានាផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here