តើសហរដ្ឋអាមេរិកកំពុងជួយតំបន់ទន្លេមេគង្គយ៉ាងដូចម្តេច?

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ លោក David R. Stilwell ឧបការីរដ្ឋមន្ត្រីរបស់សហរដ្ឋអាមេរិក បានលើកឡើងថា តំបន់ទន្លេមេគង្គសមនឹងមានដៃគូល្អ ដែលមានការគិតគូរខ្ពស់ពីស្វយភាព ឯករាជ្យនៃសេដ្ឋកិច្ច អភិបាលកិច្ចល្អ និងកំណើនលូតលាស់ប្រកបដោយនិរន្តភាពនៃប្រទេសជាដៃគូ នៅតំបន់ទន្លេមេគង្គ។

សហរដ្ឋអាមេរិក បានជួយដល់គណៈកម្មការទន្លេមេគង្គអស់រយៈពេលរាប់ទសវត្សរ៍មកហើយ ហើយនិងបន្តជួយតទៅទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ថ្លែងនៅក្នុងសន្និសីទឥណ្ឌូប៉ាស៊ីហ្វិកស្តីពី ការពង្រឹងអភិបាលកិច្ចទន្លេហូរឆ្លងកាត់ព្រំដែនកាលពីសប្តាហ៍មុន លោក David R. Stilwell បានថ្លែងថា “យើងនឹងធ្វើការតាមរយៈគម្រោងស្តីពីភាពជាដៃគូរវាងតំបន់ទន្លេមេគង្គ និងសហរដ្ឋអាមេរិក ដោយដើរតាមគោលការណ៍តម្លាភាព មានការចូលរួមទាំងអស់គ្នា អភិបាលកិច្ចល្អ និងការគោរពចំពោះស្វ័យភាព និងច្បាប់អន្តរជាតិ។ យើងមានការប្តេជ្ញាចិត្តក្នុងការធ្វើការជាមួយអ្នក ដើម្បីប្រយោជន៍ទៅវិញទៅមករបស់យើង”។

ភាពជាដៃគូរបស់សហរដ្ឋមេរិក ជាមួយប្រទេសកម្ពុជា ឡាវ ភូមា ថៃ និងវៀតណាមបានរីកចម្រើនគួរឲ្យកត់សម្គាល់ ចាប់តាំងពីសហរដ្ឋអាមេរិកបានបង្កើតគម្រោងគំនិតផ្តួចផ្តើមស្តីពីតំបន់មេគង្គក្រោម នៅឆ្នាំ ២០០៩ ។

លោក បានបន្តថា “យើងនឹងបន្តការងាររបស់យើងក្រោមគំនិតផ្តួចផ្តើមស្តីពីទិន្នន័យទឹកទន្លេមេគង្គ ដើម្បីកែលម្អការចែករំលែកទិន្នន័យទឹក”។

សហរដ្ឋអាមេរិក នឹងបន្តធ្វើការផ្លាស់ប្តូរគ្នា នូវជំនាញឯកទេស និងការប្រតិបត្តិល្អ ដូចជាជំនាញឯកទេស និងការប្រតិបត្តិល្អរវាងគណៈកម្មការទន្លេមេគង្គ និងគណៈកម្មការនៃទន្លេ Mississippi និងកងវិស្វកម្មនៃកងទ័ពសហរដ្ឋអាមេរិក និងសមភាគីក្នុងតំបន់ ដើម្បីលើកកម្ពស់សុវត្ថិភាព ក្នុងការថែរក្សា និងសាងសង់ទំនប់វារីអគ្គិសនី។ សហរដ្ឋអាមេរិក នឹងបន្តភាពជាដៃគូ រវាងក្រសួងថាមពលសហរដ្ឋអាមេរិក និងគណៈកម្មការទន្លេមេគង្គ លើការគ្រប់គ្រងធនធានទឹក និងថាមពលអគ្គិសនីប្រកបដោយការទទួលខុសត្រូវ។

លោក Stilwell បានថ្លែងថា “យើងនឹងបង្កលទ្ធភាពសម្រាប់ជំនាញ និងទេពកោសល្យនៃប្រជាជននៅតំបន់ទន្លេមេគង្គ តាមរយៈសាលាបណ្ឌិតសភាថ្មី ស្តីពីគំនិតផ្តួចផ្តើមស្តីពីមេដឹកនាំវ័យក្មេងនៅអាស៊ីអាគ្នេយ៍ នៅសាកលវិទ្យាល័យ Fulbright ក្នុងប្រទេសវៀតណាម ដែលយើងទើបតែប្រកាសកាលពីខែមុននេះ និងតាមរយៈវេទិកានានា ដូចជាវេទិកានេះ តាមរយៈកម្មវិធីរបស់យើងស្តីពីអ្នកវិទ្យាសាស្រ្តវ័យក្មេង និងគម្រោងកម្មវិធីដទៃជាច្រើនទៀត”។

លោក បានបន្តថា “ជាចុងក្រោយ យើងនឹងធ្វើជាដៃគូជានិច្ចជាមួយនឹងរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល ដែលមានយុទ្ធសាស្រ្តមានតម្លាភាព និងបើកឲ្យមានការចូលរួមទាំងអស់គ្នា។ ពិតមែនហើយ បញ្ហាប្រឈមក្នុងអភិបាលកិច្ចលើទឹកហូរឆ្លងព្រំដែនមិនមែនមានតែចំពោះទន្លេមេគង្គទេ”។

បទពិសោធន៍រួមគ្នារបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកទាំងមូល នៅក្នុងការគ្រប់គ្រងហានិភ័យពីទឹកជំនន់ និងគ្រោះរាំងស្ងួត និងក្នុងការបន្ធូរបន្ថយផលប៉ះពាល់នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបែបជញ្ជក់ឈាម ធ្វើឲ្យវាកាន់តែមានសារៈសំខាន់ថែមទៀត នៅក្នុងការពិនិត្យលើបញ្ហាទាំងនេះរួមគ្នា ដើម្បីស្វែងរកដំណោះស្រាយរួមគ្នា។

លោក Stilwell បានឱ្យដឹងថា “ក្នុងពេលយើងធ្វើដូច្នេះ យើងទទួលស្គាល់ការខិតខំនៃប្រព័ន្ធឃោសនាក្នុងស្រុក នៅក្នុងការធ្វើសេចក្តីរាយការណ៍ពីតម្លៃនៃទន្លេ និងផលវិបាកនៃទង្វើដែលមិនធានានិរន្តភាព។ យើងសូមសរសើរ ការខិតខំដោយមិនខ្លាចនឿយហត់ របស់អ្នកតស៊ូមតិក្នុងអង្គការសង្គមស៊ីវិល ដែលខិតខំដើម្បីតម្លាភាព និរន្តភាព និងគណនេយ្យភាព។

លោក បានបន្តទៀតថា “ខ្ញុំសូមលើកទឹកចិត្តឲ្យគ្រប់គ្នាលើកឡើងនូវកង្វល់របស់អ្នក សួរសំណួរពិបាកៗ ហើយស្នើឡើងនូវយោបល់សម្រាប់ធ្វើសហប្រតិបត្តិការដែលការពារអនាគតនៃទន្លេមេគង្គដ៏ល្អ។ យើងបានអញ្ជើញអ្នកជំនាញជាច្រើនក្នុងផ្នែកអភិបាលកិច្ចលើទឹកទន្លេហូរឆ្លងកាត់ព្រំដែនមកចូលរួម ហើយនេះជាឱកាសមួយសម្រាប់រកមើលផ្លូវដើរទៅមុខ ទៅរកភាពជាដៃគូមួយរឹងមាំ និងមានប្រសិទ្ធភាព”។

សហរដ្ឋអាមេរិកមានការប្តេជ្ញាចិត្តក្នុងការគាំទ្រដល់ប្រទេសនៅតំបន់ទន្លេមេគង្គ ដើម្បីធ្វើយ៉ាងណាឲ្យទន្លេនេះនៅល្អ និងរស់រវើក សម្រាប់ចិញ្ចឹមមនុស្សរាប់ជំនាន់ ទៅអនាគតវែងឆ្ងាយទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here