ភាគហ៊ុនកាស៊ីណូ និងមូលបត្របំណុលនៅម៉ាកាវហក់ឡើងថ្លៃស្រឺតៗ  ខណៈភ្ញៀវទេសចរចិន វិលត្រលប់ទៅវិញ

ដោយៈ សុខុម

ហុងកុង: ភ្ញៀវទេសចរចិន ពេលនេះកំពុងវិលត្រលប់ ទៅម៉ាកាវវិញទាំងក្រុមៗ បន្ទាប់ពីក្រុងប៉េកាំង បានលុបចោលវិធានការរឹតបន្តឹងលើការធ្វើដំណើរទៅកាន់មជ្ឈមណ្ឌល ល្បែងស៊ីសងដ៏ធំបំផុតរបស់ពិភពលោកមួយនេះ ដែលធ្វើឱ្យភាគហ៊ុន និងមូលបត្របំណុលរបស់បណ្ដា ក្រុមហ៊ុនប្រតិបត្តិករកាស៊ីណូហក់ឡើងថ្លៃស្រឺតៗ។

តួយ៉ាងភាគហ៊ុនដែលបានចុះបញ្ជីនៅហុងកុង របស់ក្រុមហ៊ុនធំៗរួមមានភាគហ៊ុនរបស់ក្រុមហ៊ុន MGM China បានហក់ឡើងថ្លៃ១១,៤% ភាគហ៊ុនរបស់ក្រុមហ៊ុន Sands China បានហក់ឡើងថ្លៃ៦,៤% និងភាគហ៊ុនរបស់ក្រុមហ៊ុន Melco International Development បានហក់ឡើងថ្លៃ១២,៦% គិតមកទល់ពេលនេះក្នុងឆ្នាំនេះ បើធៀបនឹងការហក់ឡើងថ្លៃ៣,២៥%នៅផ្សារហ៊ុនក្រុងហុងកុង។ នេះបើយោងតាមសារព័ត៌​មាន CNA ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រាក់ចំណូលពីវិស័យល្បែងស៊ីសង គ្របដណ្ដប់ជាងពាក់កណ្តាលនៃផលទុនជាតិសរុប (GDP) របស់ក្រុងម៉ាកាវ មុនពេលផ្ទុះវិបត្តិកូវីដ-១៩។ ប្រាក់ចំណូលពីល្បែងស៊ីសងនៅម៉ាកាវ បានកើនឡើង៨២,៥%ឈានដល់១,៤ពាន់លានដុល្លារអាមេរិក ក្នុងខែមករា ដើមឆ្នាំ២០២៣ បន្ទាប់ពីម៉ាកាវ ទទួលបានភ្ញៀវជិតកន្លះលាននាក់ អំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដែលមានរយៈពេលមួយសប្តាហ៍។

ក្រុមអ្នកវិភាគលើកឡើងថា វិស័យនេះអាចមានស្ថានភាពកាន់តែប្រ​សើរជាងនេះទៀត ដោយសារការកើនឡើងនូវចំនួនភ្ញៀវទេសចរ ជាពិសេសភ្ញៀវទេសចរចិន។

លោកស្រី Christy Lee នាយកគ្រប់គ្រងផលប័ត្រឥណទានប្រចាំអាស៊ី មកពីក្រុមហ៊ុន AXA Investment Managers បានលើកឡើងថា ការផ្តល់អាជ្ញាប័ណ្ណថ្មីរយៈពេល១០ឆ្នាំ ដល់បណ្ដាប្រតិបត្តិករក្នុងខែវិច្ឆិកា ក៏បានដកចេញផងដែរ នូវហានិភ័យដ៏ធំមួយ ដែលធ្លាប់តែធ្វើឱ្យបណ្ដាវិនិយោគិនព្រួយបារម្ភជាខ្លាំង។

លោកស្រីបានបន្តថា “យើងបានបង្ហាញសុទិដ្ឋិនិយម ចំពោះវិស័យ​នេះ ចាប់តាំងចុងឆ្នាំមុន រហូតមកទល់នឹងដើមឆ្នាំ២០២៣។ មូលបត្របំណុលដែលបណ្ដាវិនិយោគិនរក្សាទុក ឬកាន់កាប់ គឺជាការវិនិយោគដែលនឹងទទួលបានផលចំណេញ”៕ CNA៕

LEAVE A REPLY

Please enter your comment!
Please enter your name here