ក្រុមហ៊ុនជប៉ុននឹងបង្កើតតំបន់សេដ្ឋកិច្ចពិសេសសំខាន់ៗក្នុងតំបន់មួយចំនួន ទៀតនៅកម្ពុជា

ដោយៈសុវណ្ណារ៉ា

ភ្នំពេញៈ បន្ថែមពីលើតំបន់សេដ្ឋកិច្ច ដែលមានស្រាប់នៅកម្ពុជា ប្រទេសជប៉ុនតាមរយៈសមាគមវិនិយោគិនជប៉ុននៅកម្ពុជា បាននិងកំពុងបង្ហាញពីមហិច្ចិតា ក្នុងបង្កើតតំបន់សេដ្ឋកិច្ចពិសេសបន្ថែមទៀតនៅកម្ពុជា ដើម្បីពង្រីកសក្ដានុពលក្នុងការធ្វើពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំង២ឱ្យកាន់តែទូលំទូលាយ។

តំបន់សេដ្ឋកិច្ចពិសេសជប៉ុននៅកម្ពុជា ដែលកំពុងបម្រើដល់ផលប្រយោជន៍នៃការធ្វើពាណិជ្ជកម្ម ក៏ដូចជាការវិនិយោគ បច្ចុប្បន្ននេះ មាននៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តសំខាន់ៗមួយចំនួនទៀត ដូចជាខេត្តកោះកុងជាដើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ ក្នុងគោលបំណងពង្រីកនូវការវិនិយោគ និងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង២ឱ្យកាន់តែមានទំហំធំ សមាគមអ្នកវិនិយោគជប៉ុន បានបង្ហាញពីគោលបំ​ណ​ងក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសបន្ថែមទៀត ខណៈដែលកម្ពុជាបានក្លាយជាគោលដៅវិនិយោគពីបណ្តាប្រទេសនានា បន្ទាប់ពីកម្ពុជាទទួលបានកិច្ចព្រមព្រៀងពាណិ​ជ្ជកម្មសេរីជាមួយប្រទេសចិន។

អនុប្រធានសមាគមសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេង បានមានប្រសាសន៍ថា វត្តមាននៃក្រុមហ៊ុន ក៏ដូចជា ការវិនិយោគនានារបស់ជប៉ុននៅកម្ពុជា បានបង្ហាញពីជំនឿចិត្តទៅលើស្ថេរភាព និងសន្តិសុខយ៉ាងពេញលេញរបស់កម្ពុជា ជាពិសេសឱកាសនៃការទទួលបាននូវផលចំណេញពីការវិនិយោគយ៉ាងប្រាកដ។

លោកឧកញ៉ាបញ្ជាក់ថា “តាមរយៈសភាពាណិជ្ជកម្មកម្ពុជា នឹងធ្វើការចុះហត្ថាលេ​ខាលើអនុស្សារណៈយោគយល់ ដើម្បីជួយជម្រុញការវិនិយោគ រវាងប្រទេសទាំង២ឱ្យកាន់តែល្អប្រសើរ និងច្រើនជាងមុន”។លោកបន្តថា “កាលពីពេលកន្លងទៅនេះ ក្រុមហ៊ុនជប៉ុនដែលកំពុងមានប្រតិបត្តិការនៅកម្ពុជា  រួមមានវិស័យសំខាន់ៗដូចជាវិស័យហិរញ្ញវត្ថុ ធនាគារ ផ្សារទំនើប អាហារដ្ឋាន រួមជាមួយនឹងវិស័យសំណង់ផងដែរ”។

លោកឧកញ៉ាលឹម ហេងបញ្ជាក់ថា នៅថ្ងៃខាងមុខនេះ ជប៉ុន នឹងបង្កើតនូវតំបន់សេដ្ឋកិច្ចពិសេសថ្មីៗទៀតបន្ថែម ពីលើតំបន់សេដ្ឋកិច្ចពិសេស ដែលមានស្រាប់នៅក្នុងរាជធានីភ្នំពេញ និងខេត្តកោះកុង។ មានហេតុផលសំខាន់ៗជាច្រើន ដែលជម្រុញឱ្យជប៉ុនដាក់កម្ពុជា ជាគោលដៅវិនិយោគរបស់ខ្លួន ហើយអ្វីដែលសំខាន់ និងជាលក្ខណៈពិសេសរបស់កម្ពុជា គឺការទទួលបាននូវកិច្ចព្រមព្រៀងពាណិជ្ជសេរី ជាមួយប្រទេសមហាអំណាចសេដ្ឋកិច្ចចិន ដែលមានទីផ្សារទូលំទូលាយ ហើយរាល់ការនាំចេញផលិតផលសម្រេចពីកម្ពុជា គឺទទួលបានការអនុគ្រោះពន្ធ។

លោកបន្តថា “ដូច្នេះចំណុចសំខាន់ និងពិសេសមួយនេះ គឺជាមូលហេតុចម្បងនៃការបង្កើតតំបនើសេដ្ឋកិច្ចពិសេសរបស់ជប៉ុ នដើម្បីបម្រើដល់វិស័យពាណិជ្ជកម្ម និងការវិនិយោគរបស់ខ្លួន”។

ប្រទេសជប៉ុន គឺជាដៃគូដ៏សំខាន់របស់កម្ពុជា ដែលមិនរួញរាក្នុងការបណ្តាក់ទុនវិនិយោគ ខណៈដែលកម្ពុជាគឺមានទីផ្សារធំទូលាយ និងស្ថិតនៅក្នុងសមាជិកអាស៊ាន ដែលមានប្រជាជនជាង៦០០លាននាក់។ នៅពេលខាងមុខនេះ កម្ពុជានឹងបើកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយជប៉ុនផងដែរ បន្ទាប់ពីបានប្រកាសចរចារួចហើយ ជាមួយប្រទេសកូរ៉េ។

នៅក្នុងឆ្នាំ២០១៩ កម្ពុជា- ជប៉ុនមានទំហំពាណិជ្ជកម្មមានប្រមាណ២ពាន់លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះកម្ពុជានាំចេញទៅជប៉ុន១,២ ពាន់លានដុល្លារហើយជប៉ុននាំចូលមកកម្ពុជាវិញ០,៨ ពាន់លានដុល្លារ។ ដោយឡែកនៅក្នុងឆ្នាំ២០២០ នេះ រយៈពេល៩ខែ ទំហំពាណិជ្ជកម្មប្រទេសទាំងពីរ មានប្រមាណ៨០០លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះកម្ពុជានាំចេញទៅជប៉ុន ប្រមាណ៥០០លានដុល្លារ និងជប៉ុននាំចូលមកកម្ពុជាប្រមាណ៣០០លានដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here