ស្ថាប័នធំមួយរបស់ម៉ាឡេស៊ីចុះMOUជាមួយCCCដើម្បីលើកកំពស់ពាណិជ្ជកម្ម និងការវិនិយោគ

ដោយៈ

គង់ សូរិយា

ភ្នំពេញៈ ផ្នែក​ឯកជនកម្ពុជា-​ម៉ាឡេស៊ី បានចុះអនុស្សារណៈយោគយល់គ្នា(MoU) ដើម្បីបង្កើតក្របខណ្ឌ សម្រាប់ការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​កាន់​តែ​​ធំ​បន្ថែម​ទៀត ខណៈ​ក្នុង​ឆ្នាំ​២០២៤ ការ​ផ្លាស់ប្តូរ​ទំនិញ​រវាងប្រទេស​​ទាំង២ មានទំហំ​ទឹកប្រាក់​ជាង​៨៦៥លានដុល្លារ​។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ពិធី​ចុះ​កិច្ច​ Mou រវាង​ផ្នែក​ឯកជន​កម្ពុជា និង​ផ្នែក​ឯកជន​ម៉ាឡេស៊ី ដែល​តំណាង​ ដោយ​សភាពាណិជ្ជកម្ម​កម្ពុជា (CCC) និង​សភាពាណិ​ជ្ជកម្ម ​និងឧស្សាហកម្មចិនម៉ាឡេស៊ី(The Associated Chinese Chambers of Commerce and Industry of Malaysia (ACCCIM) ត្រូវបាន​ធ្វើ​ឡើង​​ក្នុង​ជំនួប​ពិភាក្សា ​នៅ​ទីស្នាក់ការ​របស់​សភាពាណិជ្ជកម្ម​កម្ពុជា នា​ថ្ងៃ​ទី​៦ ខែ​ឧសភា។

MoU នេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​រវាង​​លោក សុខ ពិសិដ្ឋ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ជាមួយ​​លោក Datuk Ng Yih Pyng ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មចិនម៉ាឡេស៊ី (ACCCIM president, Datuk Ng Yih Pyng)។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និង​ជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា លោក សុខ ពិសិដ្ឋ បាន​ថ្លែង​ថា ជំនួបនេះ​ធ្វើឡើង​ក្នុង​គោលបំណង ​​ដើម្បី​ពង្រឹងទំនាក់ទំនងរវាងស្ថាប័នទាំងពីរ និងកំណត់វិស័យសំខាន់ៗ សម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត ព្រម​ជាមួយ​នឹង​​ការ​ចុះអនុស្សារណៈយោ​គយល់គ្នា ដើម្បីបង្កើតក្របខណ្ឌ សម្រាប់ការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច ការជំរុញពាណិជ្ជកម្ម ការវិនិយោគ និងការសម្របសម្រួលកិច្ចសហប្រតិបត្តិការ រវាងសហគមន៍ធុរកិច្ច​នៃ​ប្រទេសទាំងពីរ។

លោក​ក៏​បាន​លើក​ឡើង ​ពី​​ទំនាក់ទំនងសេដ្ឋកិច្ចដ៏​ជិតស្និទ្ធរវាងប្រទេស​កម្ពុជា និងម៉ាឡេស៊ី តាម​រយៈ​កំណើន​​ទំហំ​ពាណិជ្ជកម្ម​ និងការវិនិយោគរបស់ម៉ាឡេស៊ី នៅក្នុងវិស័យសំខាន់ៗនៅកម្ពុជា។ ជា​មួយ​គ្នា​នេះ​កំណើនសេដ្ឋកិច្ចកម្ពុជា ​ក៏​កំពុង​មាន​ភាព​វិជ្ជមាន​ផងដែរ ដែលជំរុញដោយកម្លាំងពលកម្មវ័យក្មេង និងស្វាហាប់ បរិយាកាសវិនិយោគអំណោយផល និងគោលនយោបាយរដ្ឋាភិបាលជាយុទ្ធសាស្ត្រ ខណៈ​រដ្ឋាភិបាល​កម្ពុជា​ មានចក្ខុវិស័យក្នុង​ការ​ប្រែក្លាយ​កម្ពុជា ​ទៅ​ជា​​ប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

ជាមួយគ្នានេះ លោក Datuk Ng Yih Pyng បានបង្ហាញ សុទិដ្ឋិនិយម ចំពោះកិច្ចសហប្រតិបត្តិការនេះ និងបានបញ្ជាក់ថា គោលបំណងចម្បង នៃដំណើរទស្សនកិច្ច​របស់​លោក ​​ធ្វើ​ដំណើរ​មក​កម្ពុជា​នា​ពេល​នេះ គឺដើម្បីស្វែងរកឱកាសសហប្រតិបត្តិការ ដែលមានសក្តានុពល និង​ជំរុញព្រឹត្តិការណ៍ធុរកិច្ចក្នុងអាស៊ាន ដូចជា សន្និសីទសហគ្រិនវ័យក្មេង ACCCIM លើកទី១៤ សន្និសីទកំពូលធុរកិច្ចអាស៊ាន AI និងសន្និសីទមេដឹកនាំធុរកិច្ចចិនអាស៊ាន ឆ្នាំ ២០២៥ ជាដើម។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់CCC នៅ​ក្នុង​ជំនួប​ខាង​លើ ភាគីទាំងពីរក៏​បានជជែកពិភាក្សា និងស្វែងយល់បន្ថែមអំពីទិដ្ឋភាពពាណិជ្ជកម្ម និងឱកាសវិនិយោគររបស់ប្រទេសទាំងពីរ ព្រម​ទាំង​កិច្ចសហប្រតិបត្តិការរវាងសភាពាណិជ្ជកម្មកម្ពុជា និង​សភាពាណិជ្ជកម្មនិងឧស្សាហកម្មចិនម៉ាឡេស៊ី តាម​រយៈ​ការ​បង្កើតឱកាសថ្មីៗសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគ ដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេស​ទាំងពីរ និងជំរុញទំនាក់ទំនងកាន់តែរឹងមាំរវាងសហគមន៍ធុរកិច្ចកម្ពុជា និងម៉ាឡេស៊ី៕

LEAVE A REPLY

Please enter your comment!
Please enter your name here