អ្នកអភិវឌ្ឍន៍ចាប់ផ្តើមងាកទៅតំបន់ផ្លូវក្រវ៉ាត់ក្រុងទី៣ ខណៈតម្លៃដីក្នុងក្រុងបានក្លាយជាឧបសគ្គសំរាប់ការអភិវឌ្ឍលំនៅដ្ឋាន

ដោយៈ សុវណ្ណារ៉ា

ភ្នំពេញៈ អ្នកជំនាញបានលើកឡើងថា កំនើននៃតម្លៃដីធ្លីក្នុងក្រុង និងតំបន់ជាយក្រុងបានក្លាយជាឧបសគ្គសម្រា​ប់អ្នកវិនិយោគ និងអភិវឌ្ឍន៍ក្នុងវិស័យលំនៅដ្ឋានតម្លៃមធ្យម ហើយបានរុញឱ្យអ្នកវិនិយោគភាគច្រើនចាប់អារម្មណ៍ ទៅនឹងទីតាំងថ្មី ដែលស្ថិតនៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣ជំនួសវិញ។

លោកអគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ Century21 Fortuna Investment លោក វ៉ា វីរៈបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១០ កក្កដានេះថា តំបន់ផ្លូវក្រវ៉ាត់ក្រុងទី៣ នៅពេលបច្ចុប្បន្ននេះ មានអាទិភាពខ្ពស់សម្រាប់អ្នកវិនិយោគ ដោយសារតែក្រៅពីតម្លៃដីនៅទាប ដែលផ្ដល់ឱកាសចំណេញដល់អ្នកវិនិយោគ ថែមទាំងមានសក្ដានុពល និងអំណោយផលលើផ្នែកហេដ្ឋារចនាសម្ព័ន្ធជាច្រើន។

លោកបញ្ជាក់ថា “បន្តិចទៀតតំបន់នេះ មិនចាញ់តំបន់ជាយក្រុងដទៃទៀតនោះទេ ដោយសារតែបណ្តាញហេដ្ឋារចនាសម្ព័ន្ធនានាមានភាពល្អប្រសើរ ងាយស្រួលចេញចូលរាជធានីភ្នំពេញតាមផ្លូវធំៗមួយចំនួន ងាយស្រួលចេញចូលក្រុងតាខ្មៅ បណ្តុំទីប្រជុំជនខេត្តកណ្តាល”។លោកបន្ថែមថថា “តំបន់នេះក៏មានភាពងាយស្រួល ធ្វើដំណើរឆ្ពោះទៅកាន់ព្រលានយន្តថ្មីដែលកំពុងសាងសង់ ហើយក៏នៅក្បែរផ្លូវ៦០ម៉ែត្រដែលជាតំបន់ប្រមូលផ្តុំទៅដោយមណ្ឌលពាណិជ្ជកម្មទំនើបចំរុះ ក៏ដូចជាបណ្តុំផ្សារទំនើបលំដាប់អន្តរជាតិផងដែរ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal លោកឧកញ៉ា នួន រិទ្ធី ដែលកំពុងធ្វើការវិនិយោគ និងអភិវឌ្ឍន៍លំនៅដ្ឋានតម្លៃសមរម្យបានមានប្រសា​សន៍ប្រាប់តាមទូរស័ព្ទនាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះថា ឱកាសចំណេញពីការវិនិយោគ និងអភិវឌ្ឍន៍វិស័យលំនៅដ្ឋានតម្លៃសមរម្យ គឺត្រូវបានធ្វើឡើងនៅលើដីដែលមានតម្លៃក្រោម៣០០ដុល្លារក្នុងមួយម៉ែត្រការ៉េ បើតម្លៃដីលើពីនេះគេមិនអាចធ្វើទៅបាននោះទេ។

លោកឧកញ៉ាបានបន្តថា “ការវិនិយោគទៅលើលំនៅដ្ឋានតម្លៃសមរម្យនៅក្នុងក្រុងមិនមានឱកាសទៀតនោះទេ។ ពេលនេះ ក្រៅពីនៅតំបន់ជាយក្រុងដែលអ្នកវិនិយោគ និងអ្នកអភិវឌ្ឍន៍បានទិញទុកកាលពីមុននោះ ភាគច្រើនគឺពួកគេបានងាកសម្លឹងទៅកាន់តំបន់ផ្សេងទៀតដែលមានសក្ដានុពលបន្ទាប់ ដូចជាតំបន់ផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលកំពុងមានការអភិវឌ្ឍខ្លាំង ក្រោមការវិនិយោគដោយពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា”។

 

លោកបន្តថា បច្ចុប្បន្ននេះ មិនថាចំពោះការវិនិយោគក្នុងវិស័យដីធ្លី សម្រាប់ទុកលក់បន្តយកចំណេញ ឬការវិនិយោគសម្រាប់គម្រោងអភិវឌ្ឍន៍ វិស័យលំនៅដ្ឋាននោះទេ តំបន់ដែលស្ថិតនៅផ្លូវក្រវ៉ាត់ក្រុងទី៣ នៅផ្តល់ឱកាសច្រើនជាងតំបន់ នៅផ្លូវក្រវ៉ាត់ក្រុងទី២ ដោយសារតែតម្លៃដីនៅផ្លូវក្រវ៉ាត់ក្រុងទី២ បានឡើងដល់កម្រិតមួយរួចទៅហើយ ដូច្នេះតំបន់នៅផ្លូវក្រវ៉ាត់ក្រុងទី៣ បានក្លាយទៅជាគោលដៅថ្មីមួយទៀត របស់អ្នកវិនិយោ​គក្នុងវិស័យមួយនេះ។

លោកបណ្ឌិតគីម ហ៊ាងអគ្គនាយកក្រុមហ៊ុនKW Cambodiaបានមានប្រសាសន៍ថា ដីធ្លីដែលមានតម្លៃលើសពី៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ មិនអាចយកមកសាងសង់លំនៅដ្ឋានលក់បានទេ ប៉ុន្តែអាចយកមកវិនិយោគលើលំនៅដ្ឋានបែបសហកម្មសិទ្ឋ(ខុនដូ)បាន ព្រោះអាចសាងសង់ច្រើនជាន់ ហើយធ្វើឲ្យកាត់បន្ថយតម្លៃដីធ្លី។

លោកបន្តថា “យ៉ាងណាក៏ដោយតម្លៃដីធ្លីនៅតំបន់មួយចំនួន មិនទាន់អាចយកមកសាងសង់ខុនដូបាននៅឡើយទេ”។លោកបន្តថា “តម្លៃដីធ្លីបច្ចុប្បន្នដែលម្ចាស់ដីលក់បាន

ដាក់លក់លើសតម្លៃទីផ្សារចន្លោះពី៤០ទៅ៥០ភាគរយ ប៉ុន្តែតម្លៃពិតមិនមែនចាតម្លៃអ្នកលក់ចង់លក់ទេ តែជាតម្លៃដែលអ្នកទិញអាចទិញបាន”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here