កម្ពុជាកំណត់គោលដៅទាក់ទាញភ្ញៀវទេសចរចិនចំនួន១លាននាក់ នៅឆ្នាំ២០២៣នេះ

ដោយ: គង់ លាងហួរ

ភ្នំពេញ: យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងទេសចរណ៍នៅថ្ងៃសុក្រនេះ បានឱ្យដឹងថា ប្រទេសកម្ពុជាបានកំណត់គោលដៅភ្ញៀវទេសចរចិន រហូតដល់១លាននាក់នៅឆ្នាំ២០២៣នេះ។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បន្ត​ថា​ នៅ​ឆ្នាំ២០២៣ កម្ពុជា​ត្រូវ​បាន​គេ​ព្យាករណ៍​ថា​ នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចន្លោះពី ៣ ទៅ ៤ លាន​នាក់ ក្នុង​នោះ​មាន​ភ្ញៀវ​ទេសចរ​ចិន ចន្លោះពី៨០ម៉ឺន ទៅដល់១លាន​នាក់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លើសពីនេះទៀត ភ្ញៀវទេសចរជិត៣០ភាគរយ នៃភ្ញៀវទេសចរចិនសរុប ដែលនឹងចូលមកកម្ពុជា ត្រូវបានគេជឿថា ពួកគេនឹងទៅទស្សនាឧទ្យានបុរាណអង្គរដ៏ល្បីល្បាញ នៅក្នុងខេត្តសៀមរាប ដោយឧទ្យានបុរាណនេះ ធ្លាប់ទទួលបានភ្ញៀវទេសចរចិន ត្រឹមតែ១៨.៧៦៣នាក់ប៉ុណ្ណោះក្នុងឆ្នាំ២០២២។

កាលពីពេលថ្មីៗនេះ លោកសុខ សង្វារ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបើកកិច្ចប្រជុំជាមួយអាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករទេ សចរណ៍នៅក្នុងខេត្តសៀមរាប ដើម្បីត្រៀមខ្លួនជាស្រេច សម្រាប់ការវិលត្រឡប់របស់ភ្ញៀវទេសចរចិនផងដែរ។

លោកបានមានប្រសាសន៍ថា “កម្ពុជាបានស្វាគមន៍ជាបណ្តើរៗនូវការបន្តជើងហោះហើរត្រង់ ពីប្រទេសចិនមកកាន់ទីក្រុងភ្នំពេញ និងខេត្តព្រះសីហនុរបស់កម្ពុជា បន្ទាប់ពីប្រទេសចិន បានបង្កើនប្រសិទ្ធភាពយុទ្ធសា  ស្ត្រប្រឆាំងនឹងជំងឺកូវីដ-១៩ នៅថ្ងៃទី ៨ ខែមករា និងបន្តដំណើរទេសចរណ៍ជាក្រុមឡើងវិញនៅថ្ងៃទី ៦ ខែកុម្ភៈ”។

លោក សុខ សង្វារ បានបន្ថែមថា “ខេត្តសៀមរាបត្រូវបានរំពឹងថានឹងស្វាគមន៍ ការបន្តជើងហោះហើរត្រង់ជាលើកដំបូង ពីប្រទេសចិននៅដើមខែមីនាខាងមុខនេះ”។

មន្ត្រីរូបនេះបានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងធុរកិច្ចទាក់ទងនឹងទេសចរណ៍ ឱ្យដាក់បញ្ចូលឡើងវិញនូវយុទ្ធសាស្ត្រ “China Ready” ដែលត្រូវបាន ដាក់ឱ្យដំណើរការជាលើកដំបូងក្នុងឆ្នាំ២០១៦។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានមានប្រសាសន៍ថា “ការវិលត្រឡប់មកវិញ នៃភ្ញៀវទេសចរចិនក៏បានផ្តល់ក្តីសង្ឃឹមខ្ពស់ សម្រាប់ឧស្សាហកម្មទេសចរណ៍ និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ”។

លោកស្រី​បាន​បញ្ជាក់ប្រាប់​សារពត៌មាន Xinhua ថា​ “ខ្ញុំ​គិត​ថា ឧទ្យាន​បុរាណវិទ្យា​អង្គរ និង​ទីក្រុង​ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ នឹង​នៅ​តែ​ជា​គោលដៅ​ ដ៏ទាក់ទាញ​បំផុត​សម្រាប់​ភ្ញៀវ​ទេសចរ​ចិន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here