ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ ស្របពេលទំហំជួញដូរកើនឡើង និងកម្រិតប្រជាប្រិយភាព នៅក្នុងការវិនិយោគក្នុងផ្សារហ៊ុន កាន់តែមានប្រជាប្រិយភាព មន្រ្តីជាន់ខ្ពស់បានលើកឡើងថា ផ្សារហ៊ុនកម្ពុជារំពឹងស្វាគមន៍ក្រុមហ៊ុនចំនួន៧ទៀតនៅឆ្នាំនេះ។
ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃផ្សារហ៊ុនកម្ពុជា លោកហុង សុហួរបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា តាមរយៈកំណើនក្រុមហ៊ុនចុះបញ្ជី នៅក្នុងផ្សារមូលបត្រកម្ពុជា បានធ្វើឱ្យទំហំជួញដូរភាគហ៊ុន នៅក្នុងផ្សារមូលបត្របានកើនឡើង ពីប្រមាណ១៥,០០០ដុល្លារអាមេរិកក្នុងមួយថ្ងៃ ក្នុងឆ្នាំ២០១៧ដល់ជាង៥០ម៉ឺនដុល្លារអាមេរិកជាមធ្យមក្នុងមួយថ្ងៃ ក្នុងឆ្នាំ២០២២កន្លងទៅនេះ។
លោកបន្តថា នៅឆ្នាំ២០២៣នេះ ផ្សារមូលបត្រកម្ពុជានឹងកាន់តែអស្ចារ្យបន្ថែមទៀត ហើយយើងអាចនិយាយថា២០២៣នេះ គឺជាឱកាសក្នុងការវិនិយោគមូលបត្រ ដោយក្នុងឆ្នាំនេះយើងរំពឹងថា នឹងមានក្រុមហ៊ុនចុះបញ្ជីបន្ថែមចំនួន៧ទៀត ដោយ៤ចុះបញ្ជាជាភាគហ៊ុននិង៣ទៀត ចុះបញ្ជីជាសញ្ញាបណ្ណ។
លោកហុង សុហួរបានមានបន្ថែមថា ពេលនេះយើងអាចហៅទីផ្សារមូលបត្ររបស់កម្ពុជាថាកំពុងរៀនរត់ ហើយយើងក៏រំពឹងថាទំហំទីផ្សារមូលបត្ររបស់យើងកើនឡើងទ្វេដងរៀងរាល់ឆ្នាំ ដើម្បីអាចសម្រេចបានទំហំជួញដូរប្រចាំថ្ងៃ១០០លានដុល្លារអាមេរិក ជាមធ្យមក្នុងឆ្នាំ២០៣០ ។
លោកបន្តថា “ក្ដីស្រម៉ៃ វានឹងអាចទៅរួច បើសិនជាមានការចូលរួមគាំទ្រ ជាពិសេសពីក្រសួងសេដ្ឋកិច្ច ពីនិយ័តករមូលបត្រកម្ពុជាជាដើម”។
លោកស៊ូ សុជាតិ អគ្គនាយកនិយ័តករមូលបត្រកម្ពុជាក៏បានមានប្រសាសន៍ផងដែរថា ការដាក់ឱ្យដំណើរការទីផ្សារមូលបត្រ ត្រូវបានឆ្លងកាត់នូវការរៀបចំ ក្នុងការគិតគូរយ៉ាងល្អិតល្អន់ ប្រកបដោយការធ្វើពិចារណកម្មច្បាស់លាស់ ផ្អែកលើការខិតខំប្រឹងប្រែង របស់តួអង្គទាំងអស់៕