សម្តេចតេជោ អំពាវនាវដល់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានភាពអនុគ្រោះ និងយោគយល់ចំពោះពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់

ដោយ ៖ ម៉ាណេត

បន្ទាយមានជ័យ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់បណ្តាធនាគារឯកជន និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា បន្ធូរបន្ថយអត្រាការប្រាក់ និងពន្យាពេលក្នុងការសងប្រាក់ដល់ប្រជាពលរដ្ឋដែលកំពុងស្ថិតនៅក្នុងការរងគ្រោះដោយទឹកជំនន់ បន្ថែមពីលើវិបត្តិសេដ្ឋកិច្ចសាកលដែលកំពុងកើមាន។

ថ្លែងនៅក្នុងឱកាសចុះសួរសុខទុក្ខប្រជាពលរដ្ឋប្រមាន១ម៉ឺនគ្រួសារ នៅស្រុកសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសអំពាវនាវដល់ធនាគារ និងមីក្រូហិរញ្ញវត្ថុ សូមមេត្តាបន្ធូរបន្ថយ ពន្យារពេលនៃការសងប្រាក់ និងបន្ថយការអត្រាការប្រាក់ ដល់ជនរងគ្រោះដោយទឹកជំនន់ នាពេលនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេចតេជោ បានមានប្រសាសន៍ថា “មុននេះ ខ្ញុំបានអំពាវនាវសម្រាប់អ្នកដែលបាត់បង់ប្រាក់ចំណូលដោយសារកូវីដ ដូចជា កម្មករត្រូវបិទរោងចក្រ អីចឹងត្រូវឲ្យមានភាពអនុគ្រោះយ៉ាងម៉េច? និងការជំពាក់ប្រាក់ អត្រាការប្រាក់ វាយ៉ាងម៉េច? ឥឡូវនេះ ខ្ញុំក៏សូមអំពាវនាវទៅកាន់ធនាគារ និងមីក្រូហិរញ្ញវត្ថុ សុំការយោគយល់ចំពោះអ្នកលិចលង់នៅគ្រប់ទីកន្លែង ឲ្យមានការបន្ធូរបន្ថយ ទៅលើពេលវេលានៃការសងប្រាក់ រហូតទៅដល់ការបន្ថយអត្រាការប្រាក់ នៅក្នុងរយៈពេលនៃការលំបាក”។

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសអំពាវនាវដល់ធនាគារ និងមីក្រូហិរញ្ញវត្ថុទាំងអស់ សុំកុំមានការរឹបអូសទ្រព្យសម្បត្តិផ្ទះសម្បែងដីធ្លីរបស់ប្រជាពលរដ្ឋ នៅក្នុងដំណាក់កាលកូវីដ និងនៅក្នុងដំណាក់កាលគ្រោះទឹកជំនន់នេះ។

យ៉ាងណាក៏ដោយ សម្តេចតេជោ ហ៊ុន សែន នៅតែបញ្ជាក់ដដែលថា “នៅមានចរន្តមួយ ចលនាឲ្យដកប្រាក់ទាំងអស់ ចេញពីធនាគារ ដើម្បីធ្វើឲ្យធនាគារស្រុកខ្មែរដួលរលំ។ អាហ្នឹងទី១ ទៅ។ ទី២ ចលនាឲ្យប្រជាជនទាំងអស់ ដកលុយ។ ខ្ញុំនៅតែលើកទឹកចិត្តឲ្យរឹបអូស អ្នកណាក៏ដោយ ដែលធ្វើតាមការអំពាវនាវនេះ សូមឲ្យធនាគាររឹបអូសទៅ។ តែបើអ្នកណា មិនធ្វើតាមអាអ្នកអំពាវនាវ ដើម្បីធ្វើវិឆេតកម្ម សូមយោគយល់ឲ្យគេផង”។
សម្តេចតេជោ បានប្រសាសន៍បន្តថា “ជួនកាល យើងទៅខ្ចីធនាគារ យកប្លង់ដីប្លង់ផ្ទះ យកទៅដាក់ ខ្ចីគេបានត្រឹមតែ ២០០០ទេ។ តែតម្លៃដីរបស់យើង មានរហូតដល់ ១៥០០០ តែយើងបានខ្ចីតែ ២០០០ទេ។ អីចឹង គេអាចរៀបចំឡើងវិញ អនុញ្ញាតឲ្យខ្ចីបន្ថែម ១០០០ ទៀត”។
សម្តេចតេជោ មានប្រសាសន៍បន្ថែមទៀតថា “អាហ្នឹង ជាការរៀបចំឡើងវិញ ដើម្បីឲ្យយកមកធ្វើជាដើមទុន រកស៊ីតទៅទៀត។ អីចឹង ខ្ញុំយកវេទិកានេះ អំពាវនាវ នៅគ្រប់ធនាគារ និងគ្រប់មីក្រូហិរញ្ញវត្ថុ សូមធ្វើការយោគយល់នៅលើសភាពការណ៍ដ៏លំបាករបស់ប្រជាជនយើង។ ពិតហើយ អស់លោក ត្រូវការចំណេញ ប៉ុន្តែបើចំណេញនៅលើការលំបាករបស់ប្រជាពលរដ្ឋ ក៏មិនមែនជាការសប្បាយរីករាយសម្រាប់ទាំងអស់គ្នា ហើយនៅក្នុងស្ថានភាពដ៏លំបាកនេះទេ”។
សម្តេចតេជោ បានបន្តថា “អីចឹងទេ សង្ឃឹមថា ធនាគារទាំងអស់ នឹងមានការយោគយល់ ហើយធនាគារជាតិនៃកម្ពុជា ក៏ដូចជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ត្រូវបន្តធ្វើការណែនាំមីក្រូហិរញ្ញវត្ថុ ក៏ដូចជាធនាគារទាំងឡាយ ឲ្យមានការផ្តល់ការយោគយល់”។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ផងដែរថា ក្រៅពីការយោគយល់ផលលំបាកនៃការបាត់បង់ប្រាក់ចំណូលមកពីកូវីដ ក៏ត្រូវផ្តល់នូវការយោគយល់ថែមទៀត ចំពោះអ្នកដែលរងគ្រោះដោយទឹកជំនន់ ដែលប៉ះពាល់ដល់ចំនួន ១៤៣ ៣៤៨ គ្រួសារ ស្មើនឹងមនុស្ស ៤១៧ ៣៩២នាក់ ហើយក្នុងចំណោមនោះ ក៏មិនមែនសុទ្ធតែអ្នកជំពាក់ធនាគារនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here