ក្រុមហ៊ុនចំនួន៣គ្រោងឈានជើងចូលផ្សារមូលបត្រកម្ពុជានៅ ឆមាសទី១ ឆ្នាំ២០២៣នេះ

ដោយ: គង់ លាងហួរ

ភ្នំពេញ: យោងតាមផ្សារមូលបត្រកម្ពុជា (CSX) បានឱ្យដឹងថា ខ្លួននឹងចុះបញ្ជីក្រុមហ៊ុនចំនួន៣ ដែលចេញភាគហ៊ុន នៅក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ ដែលឆ្លុះបញ្ចាំងពីការរីកចម្រើនជាវិជ្ជមាន នៃផ្សារហ៊ុនក្នុងស្រុក។

លោក ហុង សុហួរ អគ្គនាយកប្រតិបត្តិនៃផ្សារមូលបត្រកម្ពុជាបានមានប្រសាសន៍ថា ក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនទាំង៣ ដែលគ្រោងចូលផ្សារហ៊ុនកម្ពុជាគឺក្រុមហ៊ុន ម៉េងលី ជេ ឃ្វាច អេឌ្យូខេសិន ភីអិលស៊ី ហើយក្រុមហ៊ុន២ផ្សេងទៀត កំពុងរៀបចំនីតិវិធីសម្រាប់ការចុះបញ្ជី។

នាយកប្រតិបត្តិរូបនេះបានមានប្រសាសន៍បញ្ជាក់ថា ការទិញយកបណ្តាក្រុមហ៊ុនថ្មីនេះ គឺជាការបង្ហាញឱ្យឃើញពីសាធារណជន យ៉ាងច្បាស់ថាជាប្រភពទុនថ្មីសម្រាប់សហគ្រាស និងក្រុមហ៊ុន ក្នុងការបង្កើនដើមទុនដើម្បីពង្រីកអាជីវកម្មរបស់ពួកគេ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកហុង សុហួរ រំពឹងថា “ឆ្នាំ២០២៣នេះនឹងក្លាយជាឆ្នាំដ៏ល្អសម្រា​ប់ក្រុមហ៊ុនក្នុងការចុះឈ្មោះ ហើយនឹងមានក្រុមហ៊ុនល្អៗ និងទាក់ទាញជាច្រើន ចំណែកឯអ្នកវិនិយោគជាច្រើន នឹងចាប់អារម្មណ៍បើកគណនីជួញដូរកាន់តែច្រើន និងចូលរួមក្នុងសកម្មភាពទិញនេះ”។

ផ្សារមូលបត្រកម្ពុជាបានបំបែកកំណត់ត្រា តម្លៃជួញដូរដ៏ខ្ពស់មួយទៀត សម្រាប់រយៈពេលពីរឆ្នាំជាប់គ្នាក្នុងឆ្នាំ២០២២ ខណៈដែលខ្លួនបានទទួលការចុះបញ្ជីចំនួន៧ ពោលគឺកើនឡើង២,៥ដងធៀបនឹងឆ្នាំ២០២១។

CSX បានកំណត់គោលដៅរបស់ខ្លួនសម្រាប់ឆ្នាំ២០២៣នេះ ដោយបង្កើនតម្លៃជួញដូរប្រចាំថ្ងៃរបស់ខ្លួនទ្វេរដង ដល់ចំនួន១លានដុល្លារ និងបង្កើនទ្វេរដងនៃចំនួនក្រុមហ៊ុន ឬមូលបត្រដែលបានចុះបញ្ជីថ្មីដល់១៤ និងបង្កើន៣ដងនៃចំនួនគណនីជួញដូរ ដែលទើបនឹងបើកថ្មីដល់១៥.០០០គណនី៕

LEAVE A REPLY

Please enter your comment!
Please enter your name here