ដោយៈ ម៉ាណេត
ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជាបានលើកថា ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ការពង្រឹងអំណាចទិញនៃប្រាក់រៀល នឹងរួមចំណែករក្សាស្ថិរភាពថ្លៃឱ្យនៅកម្រិតទាប និងពង្រឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។
ធនាគារជាតិនៃកម្ពុជាបានសង្កេតឃើញថា “ក្នុងអំឡុងពេលការរីករាលដាលជំងឺកូវីដ១៩ តម្លៃរូបិយវត្ថុភាគច្រើនក្នុងតំបន់បានប្រែប្រួល ដោយសារការថយចុះនៃសកម្មភាពសេដ្ឋកិច្ច ជាពិសេសបានទទួលរងការថយថ្លៃគួរឱ្យកត់សម្គាល់ ដែលក្នុងនោះប្រាក់រៀលក៏ទទួលសម្ពាធនេះផងដែរ ទោះជាការថយថ្លៃនេះមានកម្រិតទាបក៏ដោយ” ។
ជាក់ស្តែង អត្រាប្តូរប្រាក់រៀល ធៀបនឹងប្រាក់ដុល្លារអាមេរិក នៅក្នុងឆ្នាំ២០២០ នេះ បានប្រែប្រួលខុសពីបណ្តាឆ្នាំមុន។
ក្នុងគោលដៅរួមចំណែក លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការពង្រឹងអំណាចទិញនៃប្រាក់រៀល ដែលនឹងរួមចំណែករក្សាស្ថិរភាពថ្លៃ ឱ្យនៅកម្រិតទាប និងពង្រឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ធនាគារជាតិនៃកម្ពុជា បានសម្រេចធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ ដោយប្រកាសដាក់ដេញថ្លៃលក់ ប្រាក់ដុល្លារអាមេរិកចំនួន៥០លានដុល្លារអាមេរិក។ ការដាក់ដេញថ្លៃលក់ប្រាក់ដុល្លារអាមេរិកនេះ នឹងមានការចូលរួមពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់។
គោលនយោបាយរូបិយវត្ថុនិងហិរញ្ញវត្ថុ ដែលធនាគារជាតិនៃកម្ពុជាបានដាក់ចេញ បានរួមចំណែកគាំទ្រសកម្មភាពសេដ្ឋកិច្ច និងកាត់បន្ថយផលប៉ះពាល់ នៃឥទ្ធិពលជំងឺកូវីដ១។ នេះបើយោងតាមការលើកឡើងរបស់ធនាគារជាតិនៃកម្ពុជា។
បើយោងតាមធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា បេសកកម្មចម្បងរបស់ធនាគារជាតិនៃកម្ពុជា គឺកំណត់និងដឹកនាំគោលនយោបាយរូបិយវត្ថុ សំដៅរក្សាស្ថិរភាពថ្លៃ ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច ក្នុងក្របខ័ណ្ឌនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា។
តាមរយៈការអនុវត្តគោលនយោបាយរូបិយវត្ថុ ប្រកបដោយភាពប្រុងប្រយ័ត្ន អតិផរណា ត្រូវបានគ្រប់គ្រងឱ្យស្ថិតក្នុងកម្រិតទាប ក្នុងអត្រាមធ្យមប្រចាំឆ្នាំតិចជាង៥% ដែលសមស្របសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។ ទោះជាយ៉ាងនេះក្តី ក្នុងបរិការណ៍សេដ្ឋកិច្ចដែលមានកម្រិតដុល្លារូបនីយកម្មខ្ពស់ ប្រសិទ្ធភាពនៃការអនុវត្ត គោលនយោបាយរូបិយវត្ថុនៅមានកម្រិតនៅឡើយ ស្របពេលដែលធនាគារជាតិនៃកម្ពុជា ពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការដើរតួជាអ្នកឱ្យខ្ចីចុងក្រោយ។
បច្ចុប្បន្នឧបករណ៍គោលនយោបាយ រូបិយវត្ថុដែលត្រូវបានប្រើប្រាស់ ដើម្បីរក្សាស្ថិរភាពថ្លៃ គឺការដាក់អត្រាប្រាក់បម្រុងកាតព្វកិច្ច និងការធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ ។ ជាមួយគ្នានេះធនាគារជាតិនៃកម្ពុជាកំពុងអភិវឌ្ឍន៍ ឧបករណ៍គោលនយោបាយរូបិយវត្ថុបន្ថែម ដើម្បីពង្រឹងប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ តាមរយៈការចេញផ្សាយមូលបត្រអាចជួញដូរបាន ការអភិវឌ្ឍន៍ទីផ្សារអន្តរធនាគារនិងទីផ្សារ រូបិយវត្ថុ និងការពង្រឹងការប្រើប្រាស់ប្រាក់រៀល ។ល៕