NBC នឹងដាក់ឱ្យដេញថ្លៃប្រាក់ដុល្លារអាមេរិក ៥០លានដុល្លារ ដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់រៀលនៅលើទីផ្សារ

ដោយ៖ ម៉ាណេត
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា (NBC) នឹងដាក់ឱ្យដេញថ្លៃប្រាក់ដុល្លារអាមេរិកចំនួន ៥០ លានដុល្លារក្នុងសប្តាហ៍នេះ ដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់រៀលនៅលើទីផ្សារ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០។

ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីជូនដំណឹងដល់គ្រឹស្ថានមីក្រូហិរញ្ញវត្ថុ និងអាជីវកម្មប្តូរប្រាក់ ដែលមានអាជ្ញាបណ្ណទាំងអស់ថា ដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់រៀលនៅលើទីផ្សារ ធនាគារជាតិនៃកម្ពុជានឹងដាក់ឱ្យដេញថ្លៃប្រាក់ដុល្លារអាមេរិកចំនួន ៥០ លានដុល្លារក្នុងសប្តាហ៍នេះ។

ចំពោះ អត្រាដេញថ្លៃអប្បបរមា នឹងត្រូវប្រកាសនាពេលព្រឹកថ្ងៃដេញថ្លៃជាក់ស្តែង។ សេចក្តីដូចជម្រាបជូនខាងលើ សូមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអាជីវកម្មប្តូរប្រាក់ ដែលមានអាជ្ញាបណ្ណទាំងអស់ជ្រាប និងត្រៀមលក្ខណៈចូលរួមការដេញថ្លៃតាមកាលបរិច្ឆេទខាងលើ តាមការគួរ។

របាយការណ៍របស់ធនាគារជាតិនៃកម្ពុជា ដែលចេញផ្សាយកាលពីពេលថ្មីៗ បានឱ្យដឹងថា ការគាំទ្រជាចម្បងដោយកំណើនជំនឿទុកចិត្តរបស់សាធារណជន ដែលទទួលបានជាចម្បងពីសន្តិភាព និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើឱ្យមានកំណើនតម្រូវការប្រាក់រៀល ដោយរយៈពេល ២០ឆ្នាំចុងក្រោយនេះ តម្រូវការប្រាក់រៀល បានកើនឡើងជាមធ្យម ១៦% ក្នុងមួយឆ្នាំៗ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍ បានឱ្យដឹងថា វិធានការដែលបានអនុវត្ត បានជួយរួមចំណែកលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលជាលំដាប់ ជាក់ស្ដែងរយៈពេល ២០ឆ្នាំចុងក្រោយនេះ តម្រូវការប្រាក់រៀល បានកើនឡើងជាមធ្យម ១៦% ក្នុងមួយឆ្នាំៗ។ កំណើនតម្រូវការប្រាក់រៀល ត្រូវបានគាំទ្រជាចម្បងដោយកំណើនជំនឿទុកចិត្តរបស់សាធារណជន ដែលទទួលបានជាចម្បងពីសន្តិភាព និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ជាក់ស្តែងសេដ្ឋកិច្ចកម្ពុជាមានកំណើនជាមធ្យម ៧,៨% ជាមួយអត្រាអតិផរណាត្រូវបានរក្សាឱ្យស្ថិតក្នុងកម្រិតទាប ២,៥% ហើយប្រាក់រៀលមានស្ថិរភាពល្អប្រសើរក្នុងរង្វង់ ៤.០៥០ រៀលក្នុងមួយដុល្លារអាមេរិក ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយ។

លោក ចាន់តូ ទេសាភិបាលធនាគារជាតិ នៃកម្ពុជា ថ្លែងក្នុងឱកាសប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៤០ នៃការបង្កើតប្រាក់រៀលឡើងវិញ កាលពីម្សិលថា ប្រាក់រៀលមានសារៈសំខាន់នៅក្នុងសេដ្ឋកិច្ច ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ២០០០មក ក្នុងនោះរាជរដ្ឋាភិបាលបានកំណត់គោលនយោបាយលើកកម្ពស់ប្រាក់រៀលជាអាទិភាពសំខាន់មួយ នៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ដើម្បីជំរុញការអភិវឌ្ឍវិស័យធនាគារនិងហិរញ្ញវត្ថុ និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច។

លោក ជា ចាន់តូ បានបញ្ជាក់ថា សមិទ្ធផលដ៏ល្អប្រសើរ ដែលសម្រេចបានរហូតដល់បច្ចុប្បន្ននេះ មិនថាតែប្រាក់រៀលនោះឡើយ គឺបានកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់។ សន្តិភាពបានបង្កលក្ខណៈឱ្យយើងទាំងអស់គ្នារួបរួមសាមគ្គី ខិតខំប្រឹងប្រែងផ្តោតការយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍប្រកបដោយភាពប្រាកដប្រជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here