ក្រុមហ៊ុនអាកាសចរណ៍រដ្ឋចិនធំៗចំនួន៣រងការខាតបង់ទឹកប្រាក់ប្រមាណ១៥ពាន់លានដុល្លារ

ដោយ: គង់ លាងហួរ

ប៉េកាំង: ក្រុមហ៊ុនអាកាសចរណ៍រដ្ឋចិនធំៗចំនួន៣ បានព្យាករណ៍ថា ខ្លួននឹងខាតបង់ប្រាក់ លើសពី១០០ពាន់លានយ័ន (១៤,៨ពាន់លានដុល្លារ) សម្រាប់ឆ្នាំ២០២២ ដែលបណ្តាលពីជំងឺរាតត្បាត តម្លៃប្រេងឥន្ធនៈ និងការធ្លាក់ថ្លៃនៃប្រាក់យ័ន ធៀបនឹងប្រាក់ដុល្លារអាមេរិក។

ក្រុមហ៊ុនAir China បានព្យាករណ៍ថា ការខាតបង់សម្រាប់ឆ្នាំ២០២២ នឹងមានទំហំទឹកប្រាក់ប្រហែលពី៣៧ ទៅ៣៩,៧ពាន់លានយ័ន បន្ទាប់មកគឺ ការខាតបង់របស់ក្រុមហ៊ុន China Eastern Airlines មានទឹកប្រាក់ចន្លោះពី៣៦ ទៅ៣៩ពាន់លានយ័ន និងការខាតបង់របស់ក្រុមហ៊ុនChina Southern Airlines អាចមានទំហំទទឹកប្រាក់ចន្លោះពី៣០ ទៅ៣៣,២ពាន់លានយ័ន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទាក់ទងទៅនឹងមូលហេតុ នៃការខាតបង់ក្រុមហ៊ុនអាកាសចរណ៍ធំៗទាំង៣ បានឱ្យដឹងថា ផលប៉ះពាល់ជាបន្តបន្ទាប់នៃវិបត្តិកូវីដ បាននាំមកនូវ ការធ្លាក់ចុះនៃតម្រូវការធ្វើដំណើរ។

លើសពីនេះ តម្លៃប្រេងអន្តរជាតិដ៏ខ្ពស់ និងការធ្លាក់ចុះនៃប្រាក់យ័ន ធៀបនឹងដុល្លារអាមេរិក បានធ្វើឱ្យសម្ពាធនៃការចំណាយ កាន់តែធ្ងន់ធ្ងរថែម​ទៀត។

ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមនេះ ក្រុមហ៊ុនអាកាសចរណ៍ទាំង៣ បានអះអាងថា ពួកគេកំពុងចាត់វិធានការផ្សេងៗគ្នា រួមទាំងការគ្រប់គ្រងថ្លៃដើមយ៉ាងតឹងរ៉ឹង ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃជំងឺរាតត្បាត។

កាលពីថ្ងៃទី០៦ ខែមករា រដ្ឋបាលអាកាសចរណ៍ស៊ីវិលនៃប្រទេសចិន (CAAC) បានឱ្យដឹង នៅក្នុងកិច្ចប្រជុំមួយថា ឧស្សាហកម្មនេះ នឹងខិតខំស្តារឡើងវិញ ឱ្យដល់កម្រិតប្រហែល៧៥ភាគរយ មុនពេលមានការរីករាលដាលនៃជំងឺកូវីដ។

ឧស្សាហកម្មអាកាសចរណ៍ស៊ីវិល បានបង្ហាញពីនិន្នាការកើនឡើង នៅឆ្នាំ២០២៣នេះ ចាប់តាំងពីប្រទេសចិនបានបង្កើន ប្រសិទ្ធភាពវិធានការ ឆ្លើយតបនឹងវិបត្តិកូវីដរបស់ខ្លួន ដែលបាននាំមកនូវកំណើន នៃតម្រូវការធ្វើដំណើរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here