ឥណ្ឌូនេស៊ីគ្រោងទាក់ទាញភ្ញៀវទេសចរបរទេស តាមរយៈការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអន្តរជាតិ

ដោយ: គង់ លាងហួរ
ហ្សាការតា: លោក Sandiaga Uno   រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិត បានមានប្រសាសន៍ថា ប្រទេសឥណ្ឌូនេស៊ី គ្រោងរៀបចំព្រឹត្តិការណ៍កីឡាអន្តរជាតិយ៉ាងហោចណាស់ចំនួន៤នៅឆ្នាំនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេស និងផ្សព្វផ្សាយគោលដៅទេសចរណ៍របស់ខ្លួន។

ព្រឹត្តិការណ៍ដែលជិតមកដល់បំផុតគឺការប្រកួត Formula 1 Powerboat World Championship ដែលជាការប្រកួតប្រណាំងទូកខ្នាតអន្តរជាតិ powerboat ដែលនឹងប្រព្រឹត្តទៅនៅបឹង Toba កោះស៊ូម៉ាត្រា នៅថ្ងៃទី២៤ ដល់ទី២៦ ខែកុម្ភៈ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Sandiaga Uno បានបន្តថា“ព្រឹត្តិការណ៍នេះនឹងជួយផ្សព្វផ្សាយតំបន់ទេសចរណ៍បឹង Toba និងគោលដៅទេសចរណ៍ផ្សេងទៀតនៅក្នុងខេត្តស៊ូម៉ាត្រាខាងជើង។

ចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី១១ ខែមិថុនា ប្រទេសឥណ្ឌូនេស៊ីនឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡា FIFA U-20 World Cup ឆ្នាំ២០២៣។

យោងតាមរបាយការណ៍ពីក្រសួងយុវជន និងកីឡារបស់ប្រទេសឥណ្ឌូណេស៊ី បានឱ្យដឹងថា ការប្រកួតនឹងធ្វើឡើងនៅកីឡដ្ឋានចំនួន៦ ដែលមានទីតាំងនៅទីក្រុងចំនួន៦ផ្សេងគ្នា រួមមាន ទីក្រុងចាកាតា ទីក្រុង Bandung នៅកោះជ្វាខាងលិច ទីក្រុងសូឡូ នៅជ្វាកណ្តាល ទីក្រុងស៊ូរ៉ាបាយ៉ា នៅជ្វាខាងកើត ទីក្រុងប៉ាឡឹមបាង នៅស៊ូម៉ាត្រាខាងត្បូង និងកោះបាលី។

ព្រឹត្តិការណ៍កីឡាឆ្នេរខ្សាច់ពិភពលោកឆ្នាំ២០២៣ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា 2023 ANOC World Beach Games ក៏នឹងប្រព្រឹត្តទៅនៅប្រទេសឥណ្ឌូនេស៊ីផងដែរ។

ប្រទេសឥណ្ឌូនេស៊ី រួមជាមួយនឹងប្រទេសជប៉ុន និងហ្វីលីពីន នឹងធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាបាល់បោះ FIBA ​​ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី២៥  ខែសីហាដល់ថ្ងៃទី១០ ខែកញ្ញា។

នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក ដែលបណ្តាប្រទេសជាច្រើននៅតំបន់អាស៊ីធ្វើជាម្ចាស់ផ្ទះ។

លោក Sandiaga Uno សង្ឃឹមថាព្រឹត្តិការណ៍ទាំងនេះអាចលើកទឹកចិត្តដល់ភ្ញៀវទេសចរបរទេសឱ្យស្នាក់នៅរយៈពេលយូរនៅក្នុងគោលដៅទេសចរណ៍របស់យើង ដែលកត្តានេះអាចពន្លឿនការងើបឡើងវិញនៃសេដ្ឋកិច្ចផងដែរ។

លោកបន្តថា“ព្រឹត្តិការណ៍ទាំងនេះក៏នឹងក្លាយជាសន្ទុះសម្រាប់យើងដើម្បីបង្ហាញពិភពលោកអំពីសមត្ថភាពរបស់យើងក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ជាសកល”។

ឥណ្ឌូនេស៊ី គឺជាប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេ នៅតំបន់អាស៊ីអាគ្នេយ៍ ហើយប្រទេសនេះបានកំណត់គោលដៅប្រកបដោយមហិច្ឆិតា ក្នុងការទាក់ទាញភ្ញៀវទេសចរបរទេស រហូតដល់៧,៤លាននាក់ក្នុងឆ្នាំ២០២៣៕

LEAVE A REPLY

Please enter your comment!
Please enter your name here