តើខេត្តណាខ្លះបានក្លាយជាគោលដៅសំខាន់ៗនៃដំណើរកំសាន្តក្នុង ឱកាសពិធីបុណ្យចូលឆ្នាំចិន

 ដោយៈគង់ ម៉ាលីនណា

       ភ្នំពេញៈ របាយការណ៍របស់ក្រសួងទេសចរណ៍បានបង្ហាញថា

ពិធីបុណ្យចូលឆ្នាំចិន៤ថ្ងៃ ភ្ញៀវចេញដើរកម្សាន្តទូទាំងប្រទេស១លាននាក់ ដោយខេត្តចំនួន៧ បានក្លាយជាគោលដៅដ៏ពេញនិយម។

របាយការណ៍របស់ក្រសួងទេសចរណ៍បានឲ្យដឹងថា នាឱកាសពិធីបុណ្យចូលឆ្នាំចិន រយៈពេល៤ថ្ងៃចាប់តាំងពីថ្ងៃទី២១ -២៤ ខែមករា ២០២៣ ភ្ញៀវទេសចរបានចេញដើរកម្សាន្តទូទាំងប្រទេស សរុបមានរហូតដល់ចំនួន១,០៤៩,២២២នាក់ ក្នុងនោះភ្ញៀវជាតិ១,០០៧,១៦៦នាក់ និងភ្ញៀវបរទេស៤២,០៥៦នាក់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គោលដៅទេសចរណ៍សំខាន់ៗរយៈពេល៤ថ្ងៃនេះ រួមមាន៖

* ខេត្តព្រះសីហនុ ២៩៦,០២៨នាក់

* ខេត្តសៀមរាប ១០៥,៤៨១នាក់

* ខេត្តបាត់ដំបង ១០២,៧៧៨នាក់

* ខេត្តកំពត ៨២,១៩៩នាក់

* ខេត្តប៉ៃលិន៨១,៥០០នាក់

* ខេត្តកំពង់ចាម ៦៧,៩១៤នាក់

* ខេត្តកែប ៦៧,០៣០នាក់។

ក្រសួងទេសចរណ៍បានឲ្យដឹងថា ដោយសារចូលឆ្នាំចិនឆ្នាំនេះប៉ះចំចុងសប្តាហ៍ ដូច្នេះយើងសង្កេតឃើញថាចរន្តភ្ញៀវទេសចរ និងការធ្វើដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋ ទៅកាន់គោលដៅទេសចរណ៍នានា មានសភាពផុសផុលច្រើន ខណៈដែលប្រជាពលរដ្ឋមួយចំនួន បានចាប់ផ្តើមធ្វើដំណើរទៅស្រុកកំណើតតាំងពីល្ងាចថ្ងៃសុក្រ ដើម្បីរៀបចំសែនតាមប្រពៃណីចិន។

ប្រជាជនមួយចំនួនបានត្រឡប់ចូលរាជធានីភ្នំពេញ កាលពីថ្ងៃចន្ទ ហើយខ្លះទៀត បានត្រលប់ចូលវិញនាល្ងាចម្សិលម៉ិញ ខណៈដែលអាជីវករនៅតាមផ្សារ និងលក់ដូរនៅតាមផ្ទះបានបិទតូប និងហាងជាបណ្តោះអាស​ន្នក្នុងរយៈពេលចូលឆ្នាំនេះ ដើម្បីជួបជុំគ្រួសារ និងដើរកម្សាន្ត ស្របពេលអង្គភាព និងស្ថាប័នមួយចំនួនបានអនុញ្ញាត ឱ្យបុគ្គលិកឈប់សម្រាក ដោយ​ដាក់ជាកម្មវិធីប្រជុំបូកសរុបប្រចាំឆ្នាំជាដើម។

គោលដៅទេសចរណ៍ទូទាំងប្រទេស សុទ្ធតែទទួលបានចំនួនភ្ញៀវទេសចរកកកុញ ខណៈប្រជាពលរដ្ឋភាគច្រើន ដើរកម្សាន្តជាលក្ខណៈក្រុមគ្រួសារ ហើយខ្លះទៀតដើរកម្សាន្តច្រើនគោលដៅ។

ដោយឡែក សម្រាប់ខេត្តព្រះសីហនុ ភ្ញៀវទេសចរភាគច្រើន ទៅព្រឹកមកវិញល្ងាច ជាមួយការធ្វើដំណើរតាមផ្លូវល្បឿនលឿន។ ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋមួយចំនួន បានយកតាមខ្លួននូវម្ហូបអាហារ ដែលបានសែនរួច ទៅបរិភោគ ដើម្បីកាត់បន្ថយចំណាយមួយចំនួនផងដែរ។

ចំពោះការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ជាទូទៅមានភាពល្អប្រសើរមិនមានបញ្ហា ឬការរំខានណាមួយកើតឡើងគួរកត់សម្គាល់។ គណៈបញ្ជាការឯកភាពគ្រប់រាជធានី-ខេត្ត មន្ទីរទេសចរណ៍ បានចាត់កម្លាំងប្រចាំការ នៅតាមគោលដៅសំខាន់ៗ និងគោលដោទេសចរណ៍នានា៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here