ខេត្តកែបកំពុងបង្ហាញសក្តានុពលទាក់ទាញវិនិយោគិនអចលនទ្រព្យជាតិ និងអន្តរជាតិ

ដោយ ម៉ាណេត
ភ្នំពេញ៖ ខេត្តកែបកំពុងបង្ហាញសក្តានុពលទាក់ទាញវិនិយោគិនអចលនទ្រព្យទាំងស្រុក និងអន្តរជាតិ ខណៈវិនិយោគិនខ្មែរមួយក្រុម បំណងចូលរួមអភិវឌ្ឍន៍អចលនទ្រព្យ ក្នុងការបម្រើដល់វិស័យទេសចរណ៍ ក្នុងខេត្តនេះ។

ការបង្ហាញបំណងលើការវិនិយោគនេះ បានធ្វើឡើងក្នុងដំណើរទស្សនកិច្ច ស្វែងយល់ពីសក្ដានុពលនៅខេត្តកែប របស់វិនិយោគិនខ្មែរមួយក្រុម ដែលដឹកនាំដោយ ឧកញ៉ាបណ្ឌិត អ៉ឹង ឃាង ប្រធានក្រុមប្រឹក្សាភិបាល
T.O.I.C Group ដើម្បីស្វែងរកឱកាសក្នុងការចូលរួមអភិវឌ្ឍ ក្រោមការចង្អុលបង្ហាញរបស់លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ត្រូវបានធ្វើឡើងនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០។

ឧកញ៉ាបណ្ឌិត អ៉ឹង ឃាង បានបញ្ជាក់ថា ដំណើរទស្សនកិច្ច ស្វែងយល់ពីសក្ដានុពលនៅខេត្តកែបនេះ ទទួលបានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកអភិបាល បានបង្ហាញនូវក្តីរីករាយ និងត្រៀមសហការយ៉ាងល្អ ដល់វិនិយោគិនក្នុងស្រុក ដែលមានការចាប់អារម្មណ៍ពង្រីកការវិនិយោគនៅក្នុងប្រទេសកម្ពុជា និយាយជារួម និងនិយាយដោយឡែកនៅក្នុងខេត្តកែប បើទោះបីជាបញ្ហាកូវីដ១៩ កំពុងតាមយាយីក្តី។

ឧកញ៉ាបណ្ឌិត អ៉ឹង ឃាង បានឲ្យដឹងទៀតថា បន្ទាប់ពីបានជួបពិភាក្សាជាមួយនឹងលោកអភិបាលខេត្តកែប ក្រុមវិនិយោគិនរបស់លោក មានការចាប់អារម្មណ៍ និងមានបំណងចង់ធ្វើការសាងសង់អភិវឌ្ឍន៍អចលនទ្រព្យ ដែលបម្រើដល់វិស័យទេសចរណ៍ ដែលមានទីតាំងជាកន្លែងសក្តានុពលមួយចំនួន។

លោក ចក់ ស៊ីណាត អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Kraty Realthy Co,.Ltd និងជាអនុប្រធានសមាគមអ្នកជំនាញអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពេលកន្លងមកនេះថា ឥទ្ធិពលនៃវិបត្តិជំងឺឆ្លង Covid-19 ដែលបានផ្ទុះឡើងតាំងពីដើមឆ្នាំ២០២០ រហូតមកដល់ពេលនេះ មិនបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ទីផ្សារអចលនទ្រព្យ ក៏ដូចជាចរន្តនៃការទិញ-លក់ដីធ្លីនៅក្នុងខេត្តកែបនោះទេ។

លោកបានបន្តទៀតថា “កែប នៅតែអាចរក្សាបាននូវភាពល្អប្រសើរនៅក្នុងវិស័យអចលនទ្រព្យ ពោលគឺមិនមានការធ្លាក់ចុះនូវតម្លៃដី ធ្លី ដូចបណ្តាខេត្តផ្សេងៗនោះទេ ផ្ទុយទៅវិញ សកម្មភាពនៃការទិញលក់ដីធ្លីសម្រាប់វិនិយោគក្នុងរយៈពេលយូរនៅក្នុងខេត្តមួយនេះ ជាពិសេសនៅតាមតំបន់ឆ្នេរ និងតំបន់ជាប់ភ្នំ នៅតែបន្តមាន មិនស្ងប់ស្ងាត់នោះទេ” ។

លោក ចក់ ស៊ីណាត បានមានប្រសាសន៍បន្តទៀតថា “ភាគច្រើនការវិនិយោគដីធ្លីនៅក្នុងខេត្តកែប គឺជាប្រភេទការវិនិយោគក្នុងរយៈពេលយូរអង្វែង ដែលកម្រមានការទិញដីក្នុងទ្រង់ទ្រាយធំ ហើយធ្វើការពុះជាដីឡូតិ៍នោះទេ ពោលគឺជាការវិនិយោគទៅលើគម្រោងអភិវឌ្ឍន៍ជាមណ្ឌលកម្សាន្ត ដូចជាតំបន់ទេសចរណ៍កែច្នៃ និងតំបន់លំនៅដ្ឋានបែបលំហែរកាយសម្រាប់បម្រើដល់វិស័យទេសចរណ៍ ឬសម្រាប់ដាក់លក់ក្នុងតម្លៃថ្លៃក្រោយបញ្ចប់ការសាងសង់រួចរាល់” ។

ពាក់ព័ន្ធទៅនឹងតម្លៃដីធ្លីនៅក្នុងខេត្តកែប ត្រូវបានលោក ចក់ ស៊ីណាត បង្ហើបប្រាប់ពីថា “ទោះជាមានការគំរាមកំហែងពីវិបត្តិនជំងឺឆ្លង Covid-19 ដែលធ្វើឱ្យតម្លៃអចលនទ្រព្យនៅតាមបណ្តាខេត្តមួយចំនួនធំធ្លាក់ចុះ ប៉ុន្តែសម្រាប់ទីផ្សារដីធ្លីនៅក្នុងខេត្តកែបហាក់មិនប៉ះពាល់ធ្ងន់ធ្ងរនោះទេ ជាក់ស្ដែងដូចជាដីនៅក្បែរតំបន់ឆ្នេរមួយចំនួននៅរក្សាបានតម្លៃខ្ពស់ដដែលស្ថិតក្នុងរង្វង់ជាង ១០០០ដុល្លារក្នុងមួយម៉ែត្រក្រឡា ដោយឡែកដីដែលស្ថិតនៅជាប់តំបន់ភ្នំ សម្រាប់អភិវឌ្ឍជា Resort ក៏នៅតែរក្សាបានតម្លៃខ្ពស់ដូចគ្នាទៅនឹងឆ្នាំកន្លងទៅដែរ ឬនៅទីតាំងខ្លះក៏មានការកើនឡើង អាស្រ័យទៅលើតម្រូវការចាំបាច់ និងជាក់ស្ដែងរបស់អតិថិជនដែលចង់ទិញសម្រាប់អភិវឌ្ឍន៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here