បុណ្យអង្ករជាលើកទី១គ្រោងនឹងរៀបចំនៅខេត្តសៀមរាបនាចុង ខែមករា ឆ្នាំ២០២៣នេះ

ដោយៈ សុផារី

សៀមរាបៈ អន្តរក្រសួង និងស្ថាប័ននានាបានសហការគ្នារៀបចំ ពិធី “បុណ្យអង្ករ” ជាលើកទី១ ដែលនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ នៅបរិវេណសួនច្បារព្រះរាជដំណាក់មាត់ស្ទឹងសៀមរាប នៃខេត្តសៀមរាប។

យោងតាមសេចក្តីប្រកាសព័ត៌មាន ដែលផ្សព្វផ្សាយដោយក្លឹបទេស​ចរណ៍ខេត្តសៀមរាបបានបង្ហាញថា ដោយមានការផ្តួចផ្តើមពីសមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប និងសហព័ន្ធស្រូវអង្ករកម្ពុជា និងមានការសហការ និងសម្របសម្រួលពីក្រសួងទេសចរណ៍ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាណិជ្ជកម្ម ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រដ្ឋបាលខេត្តសៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និងភាគីពាក់ព័ន្ធដទៃ ទៀតបានរួមសហការប្រារព្ធពិធី “បុណ្យអង្ករ” ជាលើកទី១ ដែលនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ នៅបរិវេណសួនច្បារព្រះរាជដំណាក់ មាត់ស្ទឹងសៀមរាបលើទឹកដីខេត្តសៀមរាប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គោលបំណងសំខាន់នៃពិធី “បុណ្យអង្ករ” គឺដើម្បីផ្សព្វផ្សាយសក្ដានុពលវិស័យស្រូវអង្ករកម្ពុជាដែលជា មាស “ស” របស់ព្រះរាជាណាចក្រកម្ពុជា ហើយកន្លងទៅថ្មីៗនេះដែរ អង្ករកម្ពុជាបានឈ្នះពានរង្វាន់ “អង្ករល្អដាច់គេរបស់ពិភពលោក” ដែលជាប្រភេទអង្ករម៉ាក “ម្លិះអង្គរ” ដែលផលិតចេញពីពូជស្រូវឈ្មោះ “ផ្ការំដួល” ក្នុងវេទិកាសន្និសីទ “អង្ករពិភពលោក” ដែលរៀបចំឡើងនៅទីក្រុងភូកេត ប្រទេសថៃ កាលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។

អង្ករម៉ាក “ម្លិះអង្គរ” ដែលមានពូជស្រូវឈ្មោះផ្ការំដួល ធ្លាប់បានឈ្នះពានរង្វាន់អង្ករល្អបំផុត លើពិភពលោកចំនួន៤ដងរួចមកហើយ គឺនៅឆ្នាំ២០១២ ឆ្នាំ២០១៣ ឆ្នាំ២០១៤ និងឆ្នាំ២០១៨ ហើយឆ្នាំ២០២២កន្លងមកនេះជាលើកទី៥ ដែលអង្ករកម្ពុជាបានឈ្នះពានរង្វាន់ អង្ករល្អបំផុតលើពិភពលោក។

បន្ថែមពីនេះទៀត “បុណ្យអង្ករ” មានគោលបំណងដើម្បីជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឱ្យបានកាន់តែច្រើនក្រោមស្មារតីនៃយុទ្ធនាការ “ទស្សនាស្រុកយើងកម្ពុជាស្អាត និងទីក្រុងស្អាតរមណីដ្ឋានស្អាតសេវាកម្មល្អ និងបដិសណ្ឋារកិច្ចល្អ”។

លោក ហ្វីលីព កៅ ប្រធានសមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹថា ក្នុងកម្មវិធី “បុណ្យអង្ករ” នេះនឹងប្រមូលផ្តុំនូវផលិតផលកែច្នៃពីអង្ករការបង្កើតថ្នាល ស្រូវពណ៌ខៀវនិងពណ៌មាស ដើម្បីទុកសម្រាប់ភ្ញៀវទេសចរណ៍ថតកម្សាន្ត និងការចូលរួមរបស់បវរកញ្ញាអន្តរជាតិ(Miss Planet International)ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here