ជប៉ុនប្តេជ្ញាធ្វើកិច្ចសហប្រតិបត្តិការថ្មីជាមួយកម្ពុជាក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

ដោយ: គង់ លាងហួរ

ភ្នំពេញ: នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida មានប្រសាសន៍ថា ប្រទេសជប៉ុនគ្រោងបង្កើតកិច្ចសហប្រតិបត្តិការថ្មីជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី និងប្រជាជនកម្ពុជា ក្រោម “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ”។

លោក Kishida បានធ្វើការកត់សម្គាល់នៅក្នុងលិខិតមួយផ្ញើជូនសម្តេខចតេជោ ដើម្បីអបអរសាទរខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសជប៉ុន និងកម្ពុជា។

ការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេរភាគីទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ត្រូវបានប្រកាសដោយ លោកនាយករដ្ឋមន្ត្រី Kishida និងសម្តេចតេជោ កាលពីខែវិច្ឆិកា ឆ្នាំ២០២២។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លិខិត​នោះ​សរសេរ​ថា កម្ពុជា និង​ជប៉ុន​បាន​រក្សា​ចំណង​មិត្តភាព​ដ៏​កក់ក្តៅ​អស់​រយៈពេល​៧០​ឆ្នាំ​មក​ហើយ។

តាមរយៈកិច្ចសហប្រតិបត្តិការដើម្បីសម្រេចបាននូវសន្តិភាពនៅកម្ពុជា ការកសាងប្រទេសឡើងវិញ និងការអភិវឌ្ឍន៍ប្រទេសកម្ពុជា ប្រទេស និងប្រជាជនទាំង២បានកសាងទំនាក់ទំនងដ៏មានតម្លៃនៃការជឿទុកចិត្តគ្នាទៅវិញទៅមក ហើយបច្ចុប្បន្ននេះជាមួយនឹងការអភិវឌ្ឍន៍ដ៏គួរឱ្យកត់សម្គាល់របស់កម្ពុជា សក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២គឺកាន់តែអស្ចារ្យ។

លិខិតនោះសរសេរបន្តថា “កិច្ចសហប្រតិបត្តិការលើជំនួយការបោសសម្អាតមីនដល់អ៊ុយក្រែនបានក្លាយជាទម្រង់ថ្មីនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំង២”។

លោក Fumio Kishida បានមានប្រសាសន៍ថា ក្រោម “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ជប៉ុនមានបំណងបង្កើតកិច្ចសហប្រតិបត្តិការថ្មីជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី និងប្រជាជនកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here