រដ្ឋាភិបាលថៃ​ដាក់​ឱ្យអនុវត្តបទ​ប្បញ្ញត្តិ​ចូល​ទឹកដីរបស់ខ្លួន ខណៈ​ប្រទេសចិន​បើក​ព្រំដែន​ឡើង​វិញ

ដោយ: គង់ លាងហួរ

បាងកក: ក្រុមនិយតករអាកាសចរណ៍របស់ប្រទេសថៃ បានឱ្យដឹងថា ប្រទេសថៃនឹងតម្រូវឱ្យបណ្តាអ្នកធ្វើដំណើរអន្តរជាតិ បង្ហាញភស្តុតាងថា ពួកគេបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ យ៉ាងពេញលេញ មុនពេលហោះហើរមកកាន់ប្រទេសថៃ។

ប្រទេសកំពុងរៀបចំទទួលភ្ញៀវទេសចរបន្ថែមទៀត បន្ទាប់ពីប្រទេសចិនបានបើកព្រំដែនឡើងវិញ កាលពីថ្ងៃអាទិត្យ ទី០៨ ខែមករា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (CAAT) បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសៅរ៍ថា ចាប់ពីព្រឹកថ្ងៃចន្ទ សប្តាហ៍ថ្មីនេះ រាល់ការមកដល់របស់ជនបរទេស ត្រូវតែបញ្ជាក់ថា ពួកគេបានចាក់វ៉ាក់សាំង ឬផ្តល់លិខិតបញ្ជាក់ថា ពួកគេបានជាសះស្បើយពីជំងឺកូវីដ ក្នុងរយៈពេល៦ខែ។ ចំណែកអ្នកដំណើរ ដែលមិនបានចាក់វ៉ាក់សាំង ត្រូវតែបង្ហាញ វិញ្ញាបនបត្រវេជ្ជសាស្រ្ត ដែលពន្យល់ពីមូលហេតុ ដែលពួកគេមិនបានទទួលការចាក់វ៉ាក់សាំង។

CAAT បានបន្តថា ក្រុមហ៊ុនអាកាសចរណ៍នឹងទទួលខុសត្រូវ ក្នុងការត្រួតពិនិត្យឯកសារ មុនពេលអ្នកដំណើរឡើងយន្តហោះ។ CAAT បានបញ្ជាក់ថា“ វិធានការថ្មីនេះនឹងនៅតែជាធរមាន យ៉ាងហោចណាស់រហូតដល់ចុងខែមករា”។

តម្រូវការចាក់ថ្នាំបង្ការត្រូវបានលុបចោលដោយប្រទេសថៃ កាលពីខែតុលាឆ្នាំ២០២២ ប៉ុន្តែវាត្រូវបានអនុវត្តឡើងវិញស្របពេលដែលប្រទេសចិន បើកព្រំដែនរបស់ខ្លួនឡើងវិញ ។

អ្នកនាំពាក្យរដ្ឋាភិបាល លោកស្រី Traisuree Taisaranakul បានមានប្រសាសន៍កាលពីថ្ងៃអាទិត្យ ទី០៨ ខែមករា ថា ជើងហោះហើរពាណិជ្ជកម្មដំបូងពីប្រទេសចិនទៅកាន់ប្រទេសថៃ ពោលគឺជើងហោះហើរ Xiamen Airlines MF833 នឹងទៅដល់ទីក្រុងបាងកក ពីទីក្រុង Xiamen នៅថ្ងៃចន្ទ ដោយដឹកអ្នកដំណើរចំនួន២៨៦នាក់ ។ ទោះបីជាយ៉ាងណាក្តី តម្រូវការចូលប្រទេសថៃថ្មីនេះ មិនអនុវត្តចំពោះអ្នកកាន់លិខិតឆ្លងដែនថៃ ឬអ្នកដំណើរដែលឆ្លងកាត់ប្រទេសថៃនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here