ដោយ៖ ម៉ាណេត
ភ្នំពេញ៖ បន្ទាប់ពីការធ្វើតេស្តសាកល្បងប្រព័ន្ធចុះបញ្ជីអនឡាញអាជីវកម្មសម្រាប់សហគ្រាសខ្នាតតូច និងមធ្យម (SMEs) ទទួលបានជោគជ័យ ៩០ ភាគរយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍គ្រោងនឹងដាក់បញ្ចូលប្រព័ន្ធចុះបញ្ជី SMEs តាមប្រព័ន្ធ online (MISTI Key Single Portal) ចូលទៅក្នុងប្រព័ន្ធចុះបញ្ជីអាជីវកម្ម CamDX system របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅខែក្រោយនេះ។
លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ដែលបានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសរបស់ក្រសួងកាល បាននិយាយកាលពីពេលថ្មីៗនេះថា ការខិតខំប្រឹងប្រែងរបស់ក្រុមការងារបច្ចេកទេសបានធ្វើតេស្តសាកល្បងដោយជោគជ័យនៃប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធអនឡាញ (MISTI Key Single Portal) សម្រាប់ SMEs នៅកម្ពុជា។
លោក បានថ្លែងថា ការបង្កើតប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមអនឡាញនេះត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីកាត់បន្ថយការប្រើប្រាស់ក្រដាសស្នាមជាអតិបរមា ចំណេញពេលវេលា និងកាត់បន្ថយការចំណាយក្រៅផ្លូវការផងដែរ។
លោក បានថ្លែងបន្តថា “ខ្ញុំសូមផ្តល់អនុសាសន៍ណែនាំឱ្យពិនិត្យកែលម្អបន្ថែមលើទិដ្ឋភាពបច្ចេកទេស ប្រសិទ្ធភាពការងារ កំណែអក្ខរាវិរុទ្ធទាំងភាសាខ្មែរ និងអង់គ្លេស ព្រមទាំងពង្រឹងសុវតិ្ថភាពទិន្នន័យដើម្បីបំពេញបន្ថែមចំណុចខ្វះខាតមុននឹងប្រព័ន្ធនេះត្រូវប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ”។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍បានឱ្យដឹងថា កម្ពុជាមានសហគ្រាសសរុប ៥១៣ ៧៥៩ ក្នុងនោះជាង ៩៧ ភាគរយជាសហគ្រាសខ្នាតតូច និង ២,២ ភាគរយជាសហគ្រាសធុនធំ៕