កម្ពុជារកចំណូលបាន១១,៥លានដុល្លារពីការលក់សំបុត្រចូលទស្សនាប្រាសាទអង្គរក្នុងឆ្នាំ២០២២

ដោយ: គង់ លាងហួរ

សៀមរាប: ឧទ្យានអង្គរដ៏ល្បីល្បាញរបស់ប្រទេសកម្ពុជាបានទាក់ទាញភ្ញៀវទេសចរបរទេសចំនួន២៨៧.៤៥៤នាក់ក្នុងឆ្នាំ២០២២ ដោយរកចំណូលបាន១១,៥លានដុល្លារអាមេរិក ពីការលក់សំបុត្រចូលទស្សនា។

លោក តុប សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ចំនួនភ្ញៀវទេសចរអន្តរជាតិ មកទស្សនាអង្គរបានងើបឡើងវិញ ជាបណ្តើរៗ ហើយបន្ទាប់ពីប្រទេសកម្ពុជាបានគ្រប់គ្រង ដោយជោគជ័យនូវជំងឺកូវីដ១៩ និងបានបើកច្រកព្រំដែនឡើងវិញ យ៉ាងពេញលេញ។

លោកបញ្ជាក់បានប្រាប់សារពត៌មានចិន Xinhua ថា បច្ចុប្បន្ន ប្រាសាទអង្គរបានទាក់ទាញភ្ញៀវបរទេស ចន្លោះពី១.៨០០ទៅ២.០០០នាក់ ក្នុងមួយថ្ងៃ ដែលតួលេខនេះជាកំណើនគួរឱ្យកត់សម្គាល់ពី៧០នាក់ ក្នុងមួយថ្ងៃ ក្នុងអំឡុងពេលជំងឺរាតត្បាត នៅឆ្នាំ២០២០ និង២០២១។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក តុប សុភ័គ បានបន្តថា ទោះបីជាយ៉ាងណាក្តី ចំនួនភ្ញៀវទេសចរ បច្ចុប្បន្ននៅតែមានកម្រិតទាប បើប្រៀបធៀបទៅនឹងសម័យមុនជំងឺរាតត្បាត ដែលបានកត់ត្រាភ្ញៀវទេសចរអន្តរជាតិ រហូតដល់៩.០០០នាក់ ក្នុងមួយថ្ងៃ។

លោក​បាន​អះអាងថា ​“យើង​ជឿ​ជាក់​ថា ​នឹង​មាន​ភ្ញៀវ​ទេសចរ​បរទេស​ កាន់​តែ​ច្រើន​មក​កម្ពុជា​ ជា​ពិសេស ​មក​កាន់​អង្គរ ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ ដោយសារ​ក្រុមហ៊ុន​អាកាសចរណ៍​ជាច្រើន​ បាន​បើកជើង​ហោះហើរមក​កាន់កម្ពុជា​ឡើងវិញ”។

ស្ថិតនៅភាគពាយព្យនៃខេត្តសៀមរាប ឧទ្យានបុរាណវិទ្យាអង្គរ មានទំហំ៤០១គីឡូម៉ែត្រការ៉េ និងបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ របស់អង្គការសហប្រជាជាតិ (UNESCO) ក្នុងឆ្នាំ១៩៩២ គឺជាគោលដៅទេសចរណ៍ពេញនិយមបំផុត នៅក្នុងប្រទេសកម្ពុជា។

នៅក្នុងអំឡុងពេល មុនការរាតត្បាត នៃជំងឺកូវីដ១៩ ប្រាសាទអង្គរបានទទួលភ្ញៀវអន្តរជាតិ រហូតដល់ទៅ២,២លាននាក់ ក្នុងឆ្នាំ២០១៩ ដោយរកចំណូលបាន៩៩លានដុល្លារពីការលក់សំបុត្រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here