រុស្សីសន្យាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយកម្ពុជា

ដោយ៖ លក្ខិណា
ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ីប្រចាំប្រទេសកម្ពុជា លោក Anatoly Borovik បានលើកឡើងថា ក្នុងនាមលោកជាតំណាងសហព័ន្ធរុស្ស៊ីនៅកម្ពុជា លោកនឹងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការ ផ្នែកនយោបាយ សេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយកម្ពុជាបន្ថែមទៀត ហើយនឹងជំរុញវិនិយោគិនរុស្ស៊ីបណ្ដាក់ទុនវិនិយោគនៅកម្ពុជាកាន់តែច្រើន ។

លោកមានប្រសាសន៍ក្នុងជំនួបជាមួយប្រធានរដ្ឋសភានៃព្រះរាណាចក្រកម្ពុជាកាលពីព្រឹកថ្ងៃទី១៦ តុលា ២០២០នេះថា បច្ចុប្បន្នវិនិយោគិនរុស្សីមានការចាប់អារម្មណ៍ជាខ្លំាងក្នុងការបណ្តាក់ទុកនៅកម្ពុជា នៅក្នុងវិស័យជាច្រើនជាពិសេសនោះ គឺវិស័យថាមពលអគ្គិសនី ។ ម្យ៉ាងទៀត រុស្សីបានគំាទ្រដល់ការទទួលជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប របស់កម្ពុជា នៅឆ្នាំ២០២១ខាងមុខនេះផងដែរ ដែលព្រឹត្តិការណ៍នេះសង្ឃឹមថាកម្ពុជាអាចនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពាក់ព័ន្ធនឹងការវិនិយោគពីបរទេស ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានលើកឡើងពីចំណងមិត្តភាពនិងទំនាក់ទំនងដ៏ល្អរវាងប្រទេសទំាងពីរ (កម្ពុជា-រុស្ស៊ី) ដែលមានតាំងពីយូរមកហើយ ពោលបានឈានដល់ខួបទី៦៥ នៅឆ្នាំក្រោយនេះ។ សម្ដេចមានប្រសាសន៍ថា “អតីតសហភាពសូវៀត ជាមិត្តដ៏ល្អរបស់កម្ពុជា ដែលបានជួយគំាទ្រកម្ពុជា តំាងពីក្រោយរបបប៉ុលពតបានដួលរលំទៅក្នុងឆ្នាំ១៩៧៩ ខណៈដែលប្រទេសលោកខាងលិចបានព្យាយាមហ៊ុព័ទ្ធកម្ពុជាឲ្យនៅឯកោ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេចបានបញ្ជាក់ថា រដ្ឋសភាកម្ពុជា ពេញចិត្តចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការនានា ដែលរដ្ឋាភិបាល នៃប្រទេសទាំងពីរ បានកសាងរួមគ្នារៀងរហូតមក ទំាងវិស័យនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ សុខាភិបាល វិទ្យាសាស្រ្ត និងវប្បធម៌ មានការរីកចម្រើនជាលំដាប់ ដែលបានរួមចំណែកដ៏សំខាន់ ក្នុងការអភិវឌ្ឍនៅកម្ពុជា ។

សម្ដេចហេង សំរិន បញ្ជាក់ថា ក្នុងកាលៈទេសៈបច្ចុប្បន្ន ដែលពិភពលោកទំាងមូល កំពុងជួបវិបត្តិជម្ងឺកូវីដ១៩ ទាមទារឲ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធថែមទៀត ទំាងក្នុងក្របខ័ណ្ឌទ្វេភាគី ពហុភាគី និងការគំាទ្រពហុភាគីនិយម ដើម្បីរួមគ្នាប្រយុទ្ធប្រឆំាងជម្ងឺកូវីដ១៩ ឲ្យទទួលបានជោគជ័យ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here