ក្រសួងនិងសភាពាណិជ្ជកម្មកម្ពុជាសហការផ្សព្វផ្សាយអនុក្រឹត្យស្តីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញនិងសេវា

ដោយៈ សុផារី

ភ្នំពេញៈ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ “ក.ប.ប.” នៃក្រសួងពាណិជ្ជកម្ម សហការជាមួយសភាពាណិជ្ជកម្មកម្ពុជា រៀបចំសិក្ខាសាលាផ្សព្វផ្សាយ អនុក្រឹត្យស្តីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញនិងសេវា។

សិក្ខាសាលានេះ មានគោលបំណងផ្សព្វផ្សាយអនុក្រឹត្យស្តីពី ការគ្រប់គ្រងការផ្សាយពាណិជ្ជកម្ម លើផលិតផលទំនិញ និងសេវា ដែលរាជរ  ដ្ឋាភិបាលទើបនឹងប្រកាស ដាក់ឱ្យប្រើកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អនុក្រឹត្យនេះដាក់ឱ្យប្រើប្រាស់ ដើម្បីលើកកម្ពស់ និងជំរុញកិច្ចការពារអ្នកប្រើប្រាស់នៅប្រទេសកម្ពុជា តាមរយៈការផ្សាយពាណិជ្ជកម្ម ដោយស្មោះត្រង់ និងសុចរិត ព្រមទាំងលើកទឹកចិត្តឱ្យអ្នកធ្វើធុរកិច្ច ផ្តោតយកចិត្តទុកដាក់លើគុណភាព នៃផលិតផលទំនិញនិងសេវា ដែលត្រូវផ្តល់ជូនអតិថិជន និងអ្នកប្រើប្រាស់ជាចម្បង ជាមួយការផ្សាយពាណិជ្ជកម្មមួយដ៏ត្រឹមត្រូវស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ខ្លឹមសារសំខាន់ៗនៃអនុក្រឹត្យនេះ រួមមាន (១). ការបង្កើតនូវយន្តការដោយស្ម័គ្រចិត្ត ចំពោះបុគ្គលផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញនិង/ឬសេវា ក្នុងការស្នើសុំលិខិតបញ្ជាក់ អនុលោមភាពនៃការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញនិង/ឬសេវា លើអត្ថបទ ឬស្ពតផ្សាយពាណិជ្ជកម្ម របស់ខ្លួន ពីអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម។ នេះមានន័យថាបុគ្គលផ្សាយពាណិជ្ជកម្មមានជម្រើស ក្នុងការមិនស្នើសុំលិខិតបញ្ជាក់អនុលោមភាពនៃអត្ថបទ ឬស្ពតផ្សាយរបស់ខ្លួនបាន ប៉ុន្តែត្រូវធានាថាអត្ថបទឬស្ពត ឬគម្រោងនៃការផ្សាយពាណិជ្ជកម្ម នៃការផ្សាយពាណិជ្ជកម្មទាំងនោះ ស្របតាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ឬបទប្បញ្ញត្តិជាធរមានដើម្បីចៀសវាងការបំពានច្បាប់ណាមួយ កើតឡើងជាយថាហេតុ។

(២). ការកំណត់នូវកាតព្វកិច្ច ចំពោះការផ្សាយពាណិជ្ជកម្មដោយផ្ដល់រង្វាន់ ដែលត្រូវគោរពតាមលក្ខខណ្ឌតម្រូវ ក្នុងការផ្តល់ព័ត៌មាននិងឯកសារបញ្ជាក់មកអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ដែលរួមមាន ផលិតផលទំនិញសរុប ដែលមានរង្វាន់ ប្រភេទរង្វាន់ និងចំនួនរង្វាន់សរុប សុពលភាពនៃការផ្ដល់រង្វាន់ ទីតាំងជាក់លាក់ដែលត្រូវផ្តល់រង្វាន់ និងអត្តសញ្ញាណអ្នកឈ្នះរង្វាន់ និងអ្នកត្រូវរង្វាន់ជាប្រចាំខែ និងប្រចាំឆ្នាំ។

(៣). ការផ្តល់សមត្ថកិច្ចដល់អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ដែលជាសេនាធិការ នៃ គ.ជ.ក.ប. និងគ.ប.ក. ក្នុងការចេញលិខិតបញ្ជាក់អនុលោមភាព នៃការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញនិង/ឬសេវា ព្រមទាំងត្រួតពិនិត្យ និងតាមដាននូវរាល់ការផ្សាយពាណិជ្ជកម្ម ដែលមិនមានអនុលោមភាព ស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here