ជប៉ុន មិនបង្ហាញក្តីព្រួយបារម្ភចំពោះឥទ្ធិពលរូបិយប័ណ្ណឌីជីថលរបស់ចិន

ដោយ៖ វុទ្ឌី
អន្តរជាតិ៖ មន្ត្រីជាន់ខ្ពស់ធនាគារជប៉ុនមួយរូបបាននិយាយថា មិនមានរូបិយប័ណ្ណឌីជីថលណាមួយ អាចគ្របដណ្តប់លើប្រតិបត្តិការសកលបានទេ ប្រសិនបើធនាគារកណ្តាលខិតខំពង្រឹងប្រព័ន្ធទូទាត់របស់ខ្លួន។

ប្រទេសចិន ដែលកំពុងដើរឈានមុខគេលើប្រទេសមានសេដ្ឋកិច្ចសំខាន់ៗដទៃទៀត នៅក្នុងការពិសោធន៍លើរូបិយប័ណ្ណឌីជីថល បាននិយាយជាសាធារណៈថា ខ្លួនមានគោលបំណងដើម្បីក្លាយជាប្រទេសទីមួយ ដើម្បីកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើប្រព័ន្ធទូទាត់ប្រាក់ដុល្លារ។

នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីឆ្លើយតបជាមួយប្រទេសចិន និងគម្រោងក្រុមហ៊ុនឯកជនដូចជា ក្រុមហ៊ុន Facebook Inc ក្នុងការដាក់ចេញរូបិយប័ណ្ណឌីជីថល ធនាគារកណ្តាលធំៗ ចំនួន ៧ រួមទាំង ធនាគារBOJ របស់ជប៉ុនផងដែរ កាលពីសប្តាហ៍មុន បានដាក់ចេញនូវគោលការណ៍សំខាន់ៗរបស់ខ្លួនក្នុងការបោះផ្សាយរូបិយប័ណ្ណឌីជីថល។

លោក Kazushige Kamiyama ប្រធាននាយកដ្ឋានប្រព័ន្ធទូទាត់របស់ធនគារ BOJ ដែលគ្រប់គ្រង រូបិយប័ណ្ណឌីជីថល បានថ្លែងថា ប្រទេសចិន ដែលជាប្រទេសដំបូងក្នុងការបោះផ្សាយរូបិយប័ណ្ណឌីជីថល មានគុណប្រយោជន៍ក្នុងការចេញផ្សាយរូបិយប័ណ្ណឌីជីថលនេះ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក បានបន្តថា “ប៉ុន្តែបច្ចេកវិទ្យាថ្មីត្រូវបានបង្កើតគ្រប់ពេល។ ទោះបីជាអ្នកឈានមុខគេលើបច្ចេកវិទ្យា ឥឡូវនេះក៏ដោយ វាក្លាយជាបច្ចេកវិទ្យាចាស់ បន្ទាប់ពេលវេលាដើរទៅមុខ”។

លោកបានបន្ថែមថា ធនាគារកណ្តាលដទៃទៀតក៏ដូចគ្នាដែរ ធនាគារប្រជាជនចិនភាគច្រើន ទំនងជាកំពុងអភិវឌ្ឍប្រាក់យន់ឌីជីថលជាចម្បង ក្នុងគោលបំណងបង្កើតប្រព័ន្ធទូទាត់មានស្ថេរភាព និងប្រសិទ្ធភាព។

លោក បានបន្តទៀតថា “ខ្ញុំមិនគិតថា រូបិយប័ណ្ណឌីជីថលតែមួយនឹងគ្របដណ្តប់ពិភពលោកទេ ដរាបណាប្រទេសនីមួយៗប្រឹងប្រែងដើម្បីកែលម្អប្រព័ន្ធទូទាត់របស់ខ្លួន”។

លោក បានបន្ថែមទៀតថា “យើងចង់រក្សាទុកនូវអ្វីដែលធនាគារកណ្តាលផ្សេងទៀតកំពុងធ្វើ និងរៀនសូត្រពីពួកគេ មិនត្រឹមតែពីប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែគឺគ្រប់ប្រទេសអស់”។

ប្រទេសជប៉ុនមានការប្រុងប្រយ័ត្នក្នុងការផ្លាស់ប្តូរយ៉ាងលឿនទៅលើរូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្តាល ដែលបានធ្វើឱ្យមានការរំខានដល់សង្គម និងអាចបណ្តាលឱ្យប៉ះពាល់ ប្រទេសដែលមានចំនួនប្រជាជនស្រឡាញ់សាច់ប្រាក់ច្រើនបំផុតនៅលើពិភពលោក៕ CNA

LEAVE A REPLY

Please enter your comment!
Please enter your name here