ក្រសួងសាធារណៈការបើកឲ្យដំណើរការទីតាំងត្រួតពិនិត្យបច្ចេកទេសយានយន្តថ្មីមួយទៀត

 ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ  មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) សាខាផ្សារដីហុយ មានទីតាំងស្ថិតនៅចំកណ្តាលក្រុង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី២០ ធ្នូបានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេស យានយន្ត (ឆៀក)សាខាផ្សារដីហុយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស៊ុន ចាន់ថុលបានមានប្រសាសន៍ថា មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) ថ្មី ដែលប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាឱកាសនេះ គឺបង្កើតឡើងក្នុងគោលបំណង ដើម្បីពង្រីកការផ្តល់សេវាសាធារណៈ ឱ្យកាន់តែទូលំទូលាយ និងកាន់តែខិតជិតបងប្អូនប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល។

មណ្ឌលឆៀក សាខាផ្សារដីហុយនេះ គឺស្ថិតក្រោមប្រតិបត្តិការរបស់ក្រុមហ៊ុន So Brothers Co., Ltd. ជាក្រុមហ៊ុនមួយក្នុងចំណោម៥ ដែលទទួលបានអាជ្ញាបណ្ណអនុញ្ញាត ឱ្យធ្វើអាជីវកម្មត្រួតពិនិត្យ លក្ខណៈបច្ចេ​កទេសយានយន្តពីក្រសួងសាធារណការ និងដឹកជញ្ជូន។

លោកស៊ុន ចាន់ថុលបានបន្តថា ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ឱ្យបានទៀងទាត់ទៅតាមការកំណត់ គឺពិតជាមានសារៈសំខាន់ជាខ្លាំង ពីព្រោះវាធានាបាននូវការផ្តល់សុវត្ថិភាព ដល់យានយន្តពេលធ្វើចរាចរណ៍នៅលើដងផ្លូវ ពិសេសគឺចូលរួមចំណែក ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយកត្តាយានយន្តយន្ត ព្រមទាំងរួមចំណែកថែរក្សាបរិស្ថាន (ការបញ្ចេញឧស្ម័នពីយានយន្តដែលមិនស្របតាមកម្រិតកំណត់ គឺបង្កឱ្យមានសារធាតុបំពុលទៅក្នុងបរិយាកាស និងប៉ះពាល់ដល់ស្រទាប់អូហ្សូន)៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here